សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុនMicrosoft នឹងវិនិយោគ ១,៧ពាន់លានដុល្លារលើការអភិវឌ្ឍAI នៅឥណ្ឌូណេស៊ី រូបភាព ៖ AFP
× ក្រុមហ៊ុន Microsoft នៅថ្ងៃទី៣០ ខែមេសាបានប្រកាសវិនិយោគ ១,៧ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) និងការពង្រីកសេវាកម្ម Cloud ដើម្បីជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យានៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រួមទាំងការកសាងមជ្ឈមណ្ឌលទិន្នន័យផង។
ទីក្រុងហ្សការតា ជាទីតាំងដំបូងដែលនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella ឈានជើងចូលប្រទេសអាស៊ីអាគ្នេយ៍ក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជំនាន់ថ្មីរបស់ក្រុមហ៊ុនអាម៉េរិក។ លោកនឹងទៅម៉ាឡេស៊ី និងថៃនៅចុងសប្តាហ៍នេះ។
ថ្លែងបន្ទាប់ពីជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ លោក Nadella បានបញ្ជាក់ថា ក្រុមហ៊ុន Microsoft នឹងវិនិយោគ ១,៧ពាន់លានដុល្លារលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និង Cloud នៅឥណ្ឌូណេស៊ី។
ទន្ទឹមនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាម៉េរិកមួយនេះ នឹងសាងសង់មជ្ឈមណ្ឌលទិន្នន័យនៅឥណ្ឌូណេស៊ី ក៏ដូចជាជួយប្រទេសនេះបណ្តុះបណ្តាលកម្មកររាប់សែននាក់ក្នុងវិស័យសិប្បនិម្មិត។ លើសពីនេះ លោក Nadella បានសន្យានឹងនាំមកនូវហេដ្ឋារចនាសម្ព័ន្ធ AI ចុងក្រោយបំផុត ទៅកាន់ឥណ្ឌូណេស៊ី។
ការវិនិយោគរបស់ក្រុមហ៊ុន Microsoft នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេល៤ឆ្នាំខាងមុខ ហើយនេះជាការវិនិយោគដ៏ធំបំផុតក្នុងប្រតិបត្តិការរយៈពេល ២៩ឆ្នាំរបស់ក្រុមហ៊ុន Microsoft នៅក្នុងប្រទេសនេះ។ នេះបើតាមសារព័ត៌មាន Reuters ។
បច្ចុប្បន្នក្រុមហ៊ុន Microsoft ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់វិនិយោគិន បន្ទាប់ពីបានផ្សព្វផ្សាយ AI ជំនាន់ថ្មី ក្រោយចាប់គម្រោងភាពជាដៃគូទឹកប្រាក់ ១៣ពាន់លានដុល្លារជាមួយ OpenAI ដែលជាម្ចាស់កម្មវិធីដ៏ពេញនិយម ChatGPT ក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft គ្រោងនឹងបណ្តុះបណ្តាលធនធានមនុស្សចំនួន ២,៥លាននាក់នៅអាស៊ីអាគ្នេយ៍ក្នុងការប្រើប្រាស់ AI នៅឆ្នាំ២០២៥ ក្នុងនោះឥណ្ឌូណេស៊ីមានចំនួន ៨៤ម៉ឺននាក់។
ប៉ុន្មានសប្តាហ៍មុននេះ នាយកប្រតិបត្តិ Apple លោក Tim Cook ក៏បានទៅទស្សនកិច្ចនៅឥណ្ឌូណេស៊ីដែរ។ ក្រុមហ៊ុន Apple ក៏កំពុងពិចារណាសាងសាង់រោងចក្រផលិតកម្មនៅក្នុងប្រទេសនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com