ជាតិ
សម្ដេច ហ៊ុន ម៉ាណែត៖ បើក្ដៅលើស៤០អង្សា គណៈគ្រប់គ្រងសាលាអាចមានសិទ្ធិផ្អាកការសិក្សា
01, May 2024 , 9:59 am        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១​ឧសភា ឆ្នាំ២០២៤។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១​ឧសភា ឆ្នាំ២០២៤។
ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំគណៈគ្រប់គ្រងសាលារៀន ផ្អាកការសិក្សាជាបន្ទាន់ បើសិនស្ថានភាពមិនអំណោយផល ដោយសារកម្ដៅកើនឡើងដល់៤០អង្សាសេ។ សម្ដេច លើកឡើងបែបនេះ ក្នុងពិធីជួបសំណេះជាមួយកម្មករ និយោជិត មន្ត្រីរាជការដែលបម្រើការងារ នៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១​ឧសភា ឆ្នាំ២០២៤។

 
បើសិនជាស្ថានភាពក្តៅខ្លាំងនោះ សម្ដេច ហ៊ុន ម៉ាណែត ណែនាំឱ្យគណៈគ្រប់គ្រងសាលា ផ្អាកការសិក្សាជាបន្ទាន់ ដើម្បីការពារចំពោះសុខភាពកុមារតូចនៅតាមគ្រឹះស្ថានសិក្សា។ ការលើកឡើងបែបនេះ ក៏ដោយសារសម្ដេច សង្កេតឃើញនៅតាមសាលារៀន មានក្មេងតូចៗ បានយកកន្សែងដាក់លើក្បាល ដោយសារក្ដៅខ្លាំង។ 
 
សម្ដេច បញ្ជាក់បន្ថែមទៀតថា៖ «បើចាំបាច់ គឺប្រគល់សិទ្ធិឱ្យគណៈគ្រប់គ្រងសាលា, បើសិនជាក្ដៅខ្លាំងលើស៤០ដឺក្រ ហើយសាលាមិនអំណោយផលអាចមានសិទ្ធិផ្អាកការសិក្សាថ្ងៃនោះ កុំឱ្យ(សិស្ស)អង្គុយយូរ»។
 
សម្ដេច ហ៊ុន ម៉ាណែត ក៏បានណែនាំទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យសម្រេចប្ដូរម៉ោងសិក្សាហើយ កាលពីថ្ងៃទី៣០ មេសា។ សម្ដេច បានសង្កត់ធ្ងន់ថា បើសីតុណ្ហភាពឡើងលើស ៤០អង្សា ត្រូវតែពិនិត្យមើល និងកែម៉ោងសិក្សា ជាពិសេសគិតគូរពីទឹក សម្រាប់ប្រើប្រាស់។ 
 
សូមជម្រាបថា ប៉ុន្មានថ្ងៃនេះ ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងសុខាភិបាល និងក្រសួងនានាទៀត បានប្រកាសឱ្យមហាជនថែរក្សាសុខភាព ពិសេសមនុស្សចាស់ជរា និងក្មេងតូចៗ៕ 

Tag:
 អាកាសធាតុក្ដៅ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com