ជាតិ
សេដ្ឋកិច្ច
កម្ពុជា បន្តពង្រឹងសមត្ថភាពដកដង្ហើម និងម្ចាស់ការដោយខ្លួនឯង
02, May 2024 , 9:59 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា សម្រេចបានមហិច្ឆតារបស់ខ្លួនបន្តិចម្តងៗ នៅក្នុងការពង្រឹង​សមត្ថភាពដកដង្ហើម និងម្ចាស់ការខ្លួនឯងនៅក្នុងវិស័យជាច្រើន ទាំងក្នុងឧស្សាហកម្មភេសជ្ជៈ ម្ហូបអាហារ សម្លៀក​បំ​ពាក់ និងក្នុងឧស្សាហកម្មយានយន្តជាដើម។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធរោងចក្រដំឡើងរថយន្តក្រុមហ៊ុនជប៉ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា។

 
ដ្បិតតែជាការបោះជំហានសន្សឹមៗ ប៉ុន្តែសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានមោទកភាពចំពោះ​សមិទ្ធផលទាំងនេះ។ សម្តេច ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ«ជាមោទនភាពរបស់ជាតិយើងផង របស់ប្រជាជនខ្មែរយើងផង។ ខុសគ្នា! ទៅយកទឹកក្រូចមួយកំប៉ុងយកមក មួយនាំចូល មួយផលិតកម្ពុជា! ខ្ញុំមិនដឹងបងប្អូនយ៉ាងម៉េច? បើខ្ញុំ ឃើញអក្សរខ្មែរនៅលើកំប៉ុង! ខ្ញុំឃើញអក្សរខ្មែរ ថាផលិតនៅស្រុកខ្មែរ ខ្ញុំមានមោទនភាពណាស់! »។ 
 
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ការវិនិយោគរបស់ក្រុមហ៊ុនរថយន្តតូយ៉ូតានៅកម្ពុ មិនត្រឹមតែ​ផ្តល់​ប្រយោជន៍ផ្នែកសេដ្ឋកិច្ចនោះទេ ប៉ុន្តែក៏នឹងបានចូលរួមលើកកម្ពស់​ផលិតភាព ​កិត្យា​នុភាព និង​​សក្តានុពលវិនិយោគរបស់កម្ពុជាផងដែរ។ នាយករដ្ឋមន្ត្រីកម្ពុជឿជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុនយក្សតូយ៉ូតានៅកម្ពុជានាពេលនេះ ប្រៀបដូចជានុយជួយស្ទូច និងទាក់ទាញក្រុមហ៊ុនដទៃទៀតឱ្យមមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់។
 
«ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនយក្ស! ហើយតែយក្សទៅណា គេឆាប់មើលឃើញ។ យក្ស​មែន ប៉ុន្តែមុននឹងយក្សធ្វើអី យក្សគិតគូរច្បាស់ណាស់ ព្រោះយក្សមិនអាចចេះតែ​ទៅទេ។ អ៊ីចឹង បើយក្សមកកម្ពុជា ហើយពង្រីកនៅកម្ពុជា មានភាពជឿទុកចិត្ត ខ្ញុំថាក្រុមហ៊ុនផ្សេង ទៀត គឺប្រាកដជាមានទំនុកចិត្តហើយ។ ហើយនេះគឺជាការទាក់ម៉ូយធំណាស់»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com