RFI
អន្តរជាតិ
អង់គ្លេស បើ​កយុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​​ ចាប់​ខ្លួនជន​អន្តោប្រវេសន៍​ខុសច្បាប់
03, May 2024 , 7:29 am        
រូបភាព
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អង់គ្លេស លោក James Cleverly បាន​ប្រកាស​ថា ប្រតិបត្តិការ​តាម​ចាប់ឃុំខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាជ្ញាធរ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​នេះ បង្ហាញ​ឲ្យ​ឃើញ​យ៉ាងជាក់​ច្បាស់​​ថា ប្រសិន​បើ​អ្នក​ឯង​មក​ជាន់​ទឹកដី​អង់គ្លេស​ដោយ​ខុស​ច្បាប់​ នោះ​អ្នកឯង​​មិន​អាច​ស្នាក់នៅ​បាន​ជា​ដាច់​ខាត។ AP - Kirsty Wigglesworth
រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អង់គ្លេស លោក James Cleverly បាន​ប្រកាស​ថា ប្រតិបត្តិការ​តាម​ចាប់ឃុំខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាជ្ញាធរ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​នេះ បង្ហាញ​ឲ្យ​ឃើញ​យ៉ាងជាក់​ច្បាស់​​ថា ប្រសិន​បើ​អ្នក​ឯង​មក​ជាន់​ទឹកដី​អង់គ្លេស​ដោយ​ខុស​ច្បាប់​ នោះ​អ្នកឯង​​មិន​អាច​ស្នាក់នៅ​បាន​ជា​ដាច់​ខាត។ AP - Kirsty Wigglesworth
ដោយ៖ហេង ឧត្តម/RFI ខេមរភាសា
ពីពេល​នេះ​ដល់​ចុងឆ្នាំ រដ្ឋាភិបាល​ទីក្រុង​ដ្រ៍​ រំពឹង​ថា​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ទៅកាន់​ប្រទេស​រវ៉ាន់​ដា ចំនួនប្រមាណ​ជា ៥ ៧០០ នាក់។ ចាប់​ពីឥឡូវ​នេះទៅ​ហើយ រដ្ឋាភិបាល​អង់គ្លេស​​ បើក​​យុទ្ធនាការ​ចាប់​ខ្លួនជន​អន្តោប្រវេសន៍​ខុសច្បាប់ ទ្រង់​ទ្រាយ​ធំ​​ នៅ​ទូទាំងប្រទេស​។ ក្រសួង​មហាផ្ទៃ​អង់គ្លេស​ ​បញ្ជាក់ថា​​ ការ​បញ្ជូន​​ជន​អន្តោប្រវេសន៍​ខុសច្បាប់ នឹង​ធ្វើ​ឡើង​តាម​យន្តហោះក្រុមហ៊ុន​ឯកជន​​ ហើយ​ជើងហោះហើរ​​ដំបូង នឹង​ប្រព្រឹត្តទៅ​​នៅ​ខែ​កក្កដាខាងមុខ​។​ ​

 
រដ្ឋាភិបាល​អង់គ្លេស បាន​បើក​​យុទ្ធនាការ​ ទូទាំងប្រទេស តាម​​ចាប់ខ្លួន​អន្តោប្រវេសន៍​ខុសច្បាប់។ ក្រសួង​មហាផ្ទៃ​អង់គ្លេស បានពង្រឹង​កម្លាំង​សមត្តកិច្ច បន្ថែម​ចំនួន​ប៉ូលិស​ ​តាម​ស្វែងរក​ចាប់ខ្លួន​អន្តោប្រវេសន៍​ ហើយ​និង ​​បង្កើន​លទ្ធភាពពង្រីក​កន្លែងមន្ទីរឃុំ​ឃាំង​ ដើម្បី​ដាក់​មនុស្ស​ឲ្យ​បាន ​រឹតតែច្រើន។ នេះជាប្រតិបត្តិ​ការ​ទ្រង់ទ្រាយ​ធំ ទី​១ ធ្វើឡើង​ ក្រោយពី​ ​សភាអង់គ្លេស​ បាន​​អនុម័ត្ត​ច្បាប់​ កាលពី​ដើម​សប្តាហ៍​មុន ​ដែល​អនុញ្ញាត​ឲ្យអាជ្ញាធរ​ អាច​ចាប់​បញ្ជូន​ជន​អន្តោប្រវេសន៍ខុស​ច្បាប់​ ទៅកាន់​ប្រទេស​រវ៉ាន់​ដា។​​ ​​ច្បាប់នេះ ត្រូវ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អឺរ៉ុប ព្រមទាំងអង្គការ​សង្គមស៊ីវិល​ការពារ​សិទ្ធិមនុស្ស​ ប្រកាស​ជំទាស់ ​និងរិះគន់​អង់គ្លេស​ យ៉ាង​ចាស់​ដៃ ថា​កំពុង​តែ​រំលោភបំពានសិទ្ធិជនភៀសខ្លួន​​។​
 
ទោះ​យ៉ាងនេះក្តី អាជ្ញាធរ​អង់គ្លេស មិនខ្វល់​ ឬធ្វើ​មិនដឹង​មិន​ឮ ហើយ​ពឹត​ប្រឹងតែ​អនុវត្តផែន​ការ​របស់ខ្លួន។ ថ្ងៃអង្គារ ទី​៣០មេសា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អង់គ្លេស លោក James Cleverly បាន​ប្រកាស​ថា ប្រតិបត្តិការ​តាម​ចាប់ឃុំខ្លួន​ជន​អន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាជ្ញាធរ​កំពុង​ញាប់​ដៃ​ញាប់​ជើង​ធ្វើ​នេះ បង្ហាញ​ឲ្យ​ឃើញ​យ៉ាងជាក់​ច្បាស់​​ថា ប្រសិន​បើ​អ្នក​ឯង​មក​ជាន់​ទឹកដី​អង់គ្លេស​ដោយ​ខុស​ច្បាប់​ នោះ​អ្នកឯង​​មិន​អាច​ស្នាក់នៅ​បាន​ជា​ដាច់​ខាត។ នេះបើផ្អែក​តាម​​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​មហាផ្ទៃ​ ដោយ​បញ្ជាក់​ទៀតថា ក្រុមអាជ្ញាធរ​មាន​​សមត្ថកិច្ច​ កំពុងតែ​ពន្លឿន​សន្ទុះ​ការងារ​ កំណត់​មុខសញ្ញា​ចំពោះ​ជន​ណា​ដែល​គ្មា​នសិទ្ធិ​ស្នាក់​នៅ​អង់គ្លេស ដើម្បី​តាម​ចាប់​ឃាត់​ខ្លួន​ និង​ឃុំ​ខ្លួន​ ហើយ​នឹងត្រៀម​​​បញ្ជូន​ចេញ ​តាម​ជើង​ហោះ​ហើរ​ឲ្យ​បាន​ឆាប់​។
 
​​​ក្នុងឆ្នាំនេះ រដ្ឋាភិបាល​អង់គ្លេស សង្ឃឹម​ថា​នឹងអាច​បញ្ជូន​ជនអន្តោប្រវេសន៍​ខុសច្បាប់ ប្រមាណ ៥ ៧០០ នាក់ ដែល​បាន​កំណត់​អត្តសញ្ញាណ​រួច​ហើយ សម្រាប់​​បញ្ជូន​ទៅកាន់​​ប្រទេស​រវ៉ាន់ដា។ ចំណែក ​រដ្ឋាភិបាល​រវ៉ាន់ដា ទៀត​សោត​ ក៏បាន​អះអាង​ថា​ ចំនួន​ប៉ុណ្ណឹង​អាច​ទទួល​យក​បាន។ នេះបើតាម​ការ​បញ្ជាក់​ក្រសួងមហាផ្ទៃអង់គ្លេស ដោយ​បង្ហើបថា អង់គ្លេស​នឹង​ជួល​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​​ សម្រាប់​ដឹក​ពួក​គេ​ទាំង​នោះ ទៅ​រវ៉ាន់​ដា។​
 
ជាមួយ​គ្នា​នេះដែរ លោកនាយករដ្ឋមន្ត្រី​ រីស៊ី ស៊ូណាក់ សប្បាយ​ចិត្តណាស់​​ដែល​ក្រសួងមហាផ្ទៃ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ចាប់​ខ្លួនអន្តោប្រវេសន៍​​ខុស​ច្បាប់ នៅពេល​​នេះ។ នេះបើតាម​អ្ន​កនាំពាក្យ​រដ្ឋាភិបាល​អង់គ្លេស ដោយ​បា​ន​ស្វាគមន៍អបអរ និង​ចាត់ទុកថា ​ចំណាត់​ការដូច្នេះ ជា​ធាតុគន្លឹះ​សំខាន់​ សម្រាប់​​ឈាន​ទៅសម្រេច​​ផែនការបំពេញមនុស្ស​ក្នុង​​ជើងហោះហើរ​ ដែលត្រូវ​ហោះចេញ​ នៅ​អំលុងពេល​ ៩ ទៅ​១១សប្តាហ៍​ទៀត។
 
ចំពោះ​រដ្ឋាភិបាល​អង់គ្លេស,​ ចំណាត់​របស់ក្រសួង​មហាផ្ទៃ​​ ​ជា​គំរូ​បង្ហាញ​ដល់ជន​​អន្តោប្រវេសន៍​ផ្សេងទៀត ដែលចង់​ប្រុង​ឆ្លង​ពីច្រកសមុទ្រ Manche ឆ្លង​ពីបារាំងទៅអង់គ្លេស​​​ កុំ​ឲ្យ​ចេះតែ​ទៅ​អង់គ្លេស​ទៀត​។ ​ គ្រាន់តែ​៤ខែ​ដើម​ឆ្នាំនេះ ​ជន​អន្តោប្រវេសន៍​​​ខុសច្បាប់ដែល​ឆ្លង​ពី​អឺរ៉ុប​ទៅអង់គ្លេស ឆ្លង​កាត់​តាម​ច្រកសមុទ្រ​ Manche មាន​ប្រមាណ​ជា ៧ ៥០០ នាក់។ ចំណែក​ នៅ​តាម​ច្រក​ព្រំដែន​ប្រទេស​អៀរឡង់ ក៏​មាន​លំហូរ​​ជន​ភៀសខ្លួន​ចូល​អង់គ្លេស ​ក៏​ច្រើនសន្ធឹក​​ដែរ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com