ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ មរតកវប្បធម៌អ្នកភូមិលាងដៃ
06, May 2024 , 12:09 pm        
រូបភាព
កិច្ចប្រទក្សិណ និងចាក់ទឹកក្បាលទទាំង៤ទិស នៅប្រាសាទនាគព័ន្ធ ក្នុងពិធីសុំទឺកភ្លៀងនាថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤។
កិច្ចប្រទក្សិណ និងចាក់ទឹកក្បាលទទាំង៤ទិស នៅប្រាសាទនាគព័ន្ធ ក្នុងពិធីសុំទឺកភ្លៀងនាថ្ងៃទី៣ ឧសភា ឆ្នាំ២០២៤។
សៀមរាប៖ អ្នកមានជំនឿខ្លះ បានចាត់ទុកប្រាសាទនាគព័ន្ធជាកន្លែងជម្រះបាបមន្ទិល នានា។ អ្នកស្រុកខ្លះជឿថា ប្រាសាទនេះជាកន្លែងព្យាបាលរោគផ្សេងៗដែរ។ ប្រាសាទ នាគព័ន្ធ​កសាងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៅឆ្នាំ១១៩១គ.ស.។ អ្នកភូមិលាងដៃ តែងប្រារព្ធពិធីបុណ្យសុំទឹកភ្លៀង តាមប្រពៃណីដែលជាមរតកអរូបី នៅ ប្រាសាទនាគព័ន្ធ តាំងពីដើមរៀងមក។

 
​កាលពីថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៤ អ្នកភូមិលាងដៃ បានរៀបចំពិធីបុណ្យសុំទឹក​ភ្លៀងនៅប្រាសាទនាគព័ន្ធ ដែលប្រារព្ធធ្វើមួយយប់ពីរថ្ងៃ​។ ពិធីនេះ​មិនមានការកំណត់ថ្ងៃ ជាក់​លាក់ទេ តែគេសង្កេតឃើញថា តែងធ្វើនៅក្រោយរដូវចូលឆ្នាំ ឬក្រោយពិធីឆ្លងចេត្រ ដែលអាចារ្យ មូលមតិគ្នាជាមួយចាស់ទុំ​ក្នុងភូមិ សម្រេចយកកាលកំណត់​ណាមួយ មក​រៀបចំតែម្ដង។ ដោយសារជាតំបន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា​ អ្នកភូមិលាងដៃ ត្រូវស្នើច្បាប់ទៅអាជ្ញាធរជាមុនសិន ដើម្បីឱ្យមានការត្រួតពិនិត្យ និង ណែនាំការប្រារព្ធបែបណា​កុំឱ្យបង្កការរំខាន ឬប៉ះពាល់ដល់ថ្មប្រាសាទជាដើម។ យើង​សង្កេតថាឃើញថា កិច្ចពិធីនៅទីនេះទៀតសោត ក៏មិនបានធ្វើរាល់ឆ្នាំដូចមុនៗ​តជាប់​គ្នា​មកដែរ។ ពោលគឺឆ្នាំចុងក្រោយ ដែលយើងបានឃើញ​នៃការធ្វើពិធីបុណ្យនេះ គឺនៅ​ឆ្នាំ​២០១៩។  
 
ពិធីបុណ្យសុំទឹកភ្លៀងនៅឆ្នាំនេះ មានមនុស្សម្នាចូលរួមច្រើន ហើយអ្នកចូលរួមក៏មានក្រៅ​ពីតំបន់លាងដៃផងដែរ ដោយសារពួកគេចង់ដឹង ចង់ឃើញការអនុវត្តទំនៀមនេះ។ ម្យ៉ាង​ទៀត ​ក៏មានកង្វល់រឿងខ្សត់ភ្លៀងដូចគ្នា។ ដ្បិតសម័យកាលរីកចម្រើន​យ៉ាងណាក្ដី ប៉ុន្តែ​វិស័យកសិកម្ម តែដើរតួយ៉ាងសំខាន់ក្នុងសង្គមបច្ចុប្បន្ន ពិសេសអ្នកភូមិអង្គរ ដែលនៅតែ​ពឹងពាក់ទឹកភ្លៀង​​ដើម្បីជីវិតប្រចាំថ្ងៃ។ 
 
នាថ្ងៃទី១ នៃកម្មវិធី គឺចាប់ផ្តើមនាពេលរសៀល ផ្តើមដោយកម្មវិធីបញ្ជាន់រូប ពិធីបួងសួង និង​សូត្រមន្ត។ លុះព្រឹកឡើងមានពិធីដាក់បាត្រ និងពិធីប្រទក្សិណ៣ជុំ តាមប្រាង្គទាំង៤​ប្រាសាទនាគព័ន្ធ ដោយមានការចាត់ទឹកចូលក្នុងទ បង្ហូរចេញពីអាងធំចូលទៅអាងតូច​តាមទិសទាំងបួន។ ទិសនីមួយៗមានរូបតំណាងដូចជា ក្បាលមនុស្ស (កើត) ក្បាលតោ (ត្បូង) ក្បាលសេះ (លិច) និងក្បាលដំរី (ជើង)។ មនុស្សម្នាចាស់ក្មេង ដើរប្រទក្សិណ​ដោយមានកាន់ដបទឹក ដែលយកពីអាង​បារាយណ៍នាគព័ន្ធ ចាក់បង្ហូរតាមទនីមួយៗ និងមានការបន់ស្រន់តាមបំណងនានា។ កំឡុងពេលនោះដែរ ក៏មានការដងទឹកជះ​គ្នាយ៉ាងរីករាយ ដែលគេប្រដូចថាមានភ្លៀងធ្លាក់មកមែនទែន។ 
 
គ្រឿងរណ្ដាប់ក្នុងពិធីសុំទឹកភ្លៀង
 
ក្នុងពិធីឡើងរោងដែលគេរៀបចំនៅរសៀលថ្ងៃទី១ គេសង្កេតឃើញមានគ្រឿងរណ្ដាប់​ ដូច ជា បាយសី ស្លាធម៌ ទៀន ធូប ផ្លែឈូក ក្បាលជ្រូក បាយ សម្ល គ្រឿងចម្អាប ផ្លែឈើ និង​​ភេសជ្ជៈ។ល។ ដោយសារជាបុណ្យរួម ការប្រារព្ធពិធីបុណ្យនេះ គឺអាចារ្យ ឬចាស់ទុំ ជា អ្នកដឹកនាំ ហើយអ្នកភូមិឯទៀតចូលរួមថវិកាតាមសទ្ធា និងដោយកម្លាំង ហើយបុណ្យ​​នេះ​តូចឬធំ ក៏អាស្រ័យតាមនោះដែរ។ គេធ្វើបាយម្ហូប ហូបជុំគ្នានៅរោងពិធី មានដូចជាបបរ នំបញ្ចុក និងបាយសម្ល។ 

ពិធីបួងសួង ដោយមានគ្រឿងរណ្ដាប់ និងម្ហូបអាហារក្នុងពិធីបុណ្យសុំទឹកភ្លៀង

រីឯអ្នកភូមិខ្លះ ឬអ្នកមកពីភូមិផ្សេង ដែលមិនមែនអ្នកស្រុកលាងដៃ បានវេចម្ហូបអាហារ​មកពីផ្ទះ​រៀងៗខ្លួន ដោយអង្គុយហូបយ៉ាងរីករាយជាមួយក្រុមគ្រួសារ រង់ចាំពេលចុះចាក់​ទឹក និងប្រទក្សិណ​នឹងគេឯង។ 
 
ត្រុដិនាងម៉េវ
  
ក្នុងពិធីសុំទឹកភ្លៀងនេះដែរ ក៏មានការសម្ដែងរបាំត្រុដិនាងម៉េវ ដែលជាប្រពៃណីមួយរបស់​អ្នកស្រុកអង្គរ ក៏ដូចជាអ្នកខេត្តសៀមរាប។ របាំនេះ គេតែងលេងនៅរដូវស្ងួតរាំងហួត មិន​មានភ្លៀងធ្លាក់ ក្នុងន័យ​សុំទឹកភ្លៀងដែរ។ 
 
ត្រុដិនាងម៉េវក្នុងពិធីបុណ្យសុំទឹកភ្លៀងនាប្រាសាទនាគព័ន្ធ
 
ស្រ្តី និងបុរសមួយក្រុម ខ្លះកាន់ត្រុដិ កាន់ឈ្នាង កាន់អង្រុត ខ្លះរាំរែក ច្រៀង មានគូសមុខជាឆ្មា និងយក្ស សែងសត្វឆ្មាដែលគេដាក់ក្នុង​ទ្រុង​តូចមួយ។ សែងបណ្ដើរគេចាក់ទឹក​លើសត្វឆ្មា​នោះបណ្ដើរ។ ធម្មជាតិសត្វនេះខ្លាចទឹកណាស់ តែគេមានបំណងឱ្យឆ្មាទៅប្រាប់ព្រះឥន្ទ ព្រះព្រហ្មទាំង​អស់ ឱ្យប្រញាប់ទម្លាក់ទឹកភ្លៀងមកឱ្យមនុស្សឆាប់ៗ ដ្បិតមនុស្សធ្វើបាបវាណាស់។ គេជឿ​ថា​ សត្វឆ្មាមានវិញ្ញាណពិសេស អាចទំនាក់ទំនងនឹងព្រះឥន្ទ ព្រះព្រហ្មនៅឋានផ្សេងបាន។ 
 
បារម្ភខ្លាចគ្មានអ្នកបន្តវេន
 
ចាស់ទុំដែលដឹកនាំរៀបចំពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ លោកយាយ ហៃ វឿន មានប្រសាសន៍ថា លោកយាយបានឃើញចាស់ទុំក្នុងភូមិ ធ្វើពិធីនេះ​តាំងពីយាយ​អាយុ​១៣ឆ្នាំ។ ពីដើម ទំនៀមនេះ តែងធ្វើរៀងរាល់ឆ្នាំ ដោយបួងសួង និងចាក់ទឹកនៅប្រាង្គ​ទាំងបួន​ប្រាសាទនាគព័ន្ធ។
 
លោកយាយ ហៃ វឿន ក្នុងពិធីបុណ្យសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ នៅថ្ងៃទី២ ឧសភា ឆ្នាំ២០២៤។
 
លោកយាយ ហៃ វឿន ដែលអ្នកភូមិលាងដៃហៅថា «ម៉ែចាស់» បញ្ជាក់ថា ពិធីសុំទឹកភ្លៀង​គេមិនធ្វើនៅទីណា​​ក្រៅពីប្រាសាទនាគព័ន្ធឡើយ ព្រោះជំនឿតាំងពីដើមតែងធ្វើនៅទីនេះ​រហូតមក។ លោកយាយបន្ថែមថា៖ «ខ្ញុំអាយុ១៣ឆ្នាំ។ ខ្ញុំសួរតា! ម៉េចចាំ(បាច់)ទៅធ្វើនាគព័ន្ធ មាន​មូស​​ខាំផង? ម៉េចចាំធ្វើនៅណោះ? តាឆ្លើយថា ពីបុព្វបុរាណគេធ្វើនៅជម្ពូទ្វីប ដែល មាន​ប្រាសាទនេះ​ជាតំណាង​នេះឯង»។ 
 
ពិធីបួងសួងក្នុងពិធីបុណ្យសុំទឹកភ្លៀង
 
នៅឆ្នាំនេះ មានមនុស្សម្នាចូលរួមច្រើន ក្រៅពីអ្នកភូមិលាងដៃ ក៏មានអ្នកភូមិនគរក្រៅ ភូមិសំរោង ភូមិព្រះដាក់ជាដើម។ល។ លោកយាយ វឿន យល់ថា ពួកគេមកជួយបន់ និងរំពឹងបានភ្លៀងឆាប់ៗ ព្រោះសុទ្ធតែអ្នកកើតទុក្ខ អត់ទឹកភ្លៀង នាំក្ដៅក្រហាយ​គ្រប់ៗ​គ្នា។ 
 
ជាចាស់ទុំដែលនៅរក្សាប្រពៃណីស្លៀកក្បិន ពានាក្រមាយ៉ាងស្រស់ស្អាត យាយ វឿន ពោលក្នុងទឹកមុខដោយមោទនភាព ដែលលោកយាយ បានបន្តដឹកនាំទំនៀមបុរាណ បុណ្យសុំទឹកភ្លៀងជាបន្តបន្ទាប់ ខណៈដែលវ័យលោកយាយកាន់តែចាស់ទៅហើយ។ ស្ថិតក្នុងវ័យ ៧៤ឆ្នាំ ដូនចាស់រូបនេះយល់ថា ប្រពៃណីនេះផូរផង់ណាស់ ហើយក្មេងៗ​ជំនាន់ក្រោយ ត្រូវថែរក្សាកុំឱ្យ​បាត់បង់ឱ្យសោះ។​ លោកយាយ ពោលដូច្នេះថា៖« ប្រពៃណី​នេះល្អ ព្រោះយើងមកធ្វើនៅទ្វីបទាំងបួន ដែលជាជម្ពូទ្វីប។ ធ្វើហើយយើងល្អ ព្រោះទ្វីបនេះ​គេឱ្យយើងមកគោរពមួយឆ្នាំម្ដង»។

លោកយាយបន្ថែមថា៖« នេះបានចេះតែនាំ​​បងប្អូន​មកធ្វើ តើខ្ញុំមកមិនរួចឱ្យបងប្អូនកុំភ្លេចចោល ឱ្យបងប្អូនមកបួងសួង អុជធូបអុជទៀន កុំឱ្យចោលទំនៀមទម្លាប់យើងពីដើម កុំឱ្យតែខ្ញុំងាប់ទៅ ក៏សូន្យប្រាសាទបុរាណយើង ដែលយាយតា​ដូនតាធ្វើទុកឱ្យយើងគោរព អត់ចង់ឱ្យបាត់បង់ទេ ស្ដាយ»។
 
កិច្ចបញ្ជាន់រូបក្នុងពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធ
 
ពិធីបុណ្យសុំទឹកភ្លៀង ដែលគេតែងឃើញនៅតំបន់អង្គរ មិនមែនមានតែនៅប្រាសាទ​នាគព័ន្ធឡើយ។ ក្រៅពីនេះអ្នកភូមិតំបន់ផ្សេងទៀត ក៏តែងធ្វើនៅប្រាសាទមេបុណ្យ​ខាងកើត ប្រាសាទប្រែរូប ប្រាសាទបន្ទាយសំរ៉ែ និងប្រាសាទលាក់នាងជាដើម។ រីឯ​ពលរដ្ឋក្រៅតំបន់អង្គរ ក៏មានធ្វើដែរ ដូចជានៅតំបន់ស្រុកពួក ស្រុកប្រាសាទបាគង និង​តាមតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាប៕
 
ពិធីប្រទក្សិណ៣ជុំ និងចាក់ទឹកលើក្បាលទទាំងបួនប្រាសាទនាគព័ន្ធ
 

Tag:
 ពិធីបុណ្យសុំទឹកភ្លៀង
  មរតកអរូបី
  អ្នកភូមិលាងដៃ
  ប្រាសាទនាគព័ន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com