ជាតិ
២៥ខេត្ត/រាជធានី
សម្តេច ហ៊ុន ម៉ាណែត នឹងផ្តល់ក្របខណ្ឌជូនសាច់ញាតិបង្កើតរបស់យោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់
06, May 2024 , 2:08 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍សាច់ញាតិបង្កើតយោធិនពលី២០នាក់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ដែលមានបំណងចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដើម្បីបន្តវេនពីឪពុក ឬបងប្អូនរបស់ខ្លួន។



តាមរយៈសារដែលបង្ហោះនៅលើបណ្តាញសង្គម ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា សម្តេចនឹងផ្តល់ក្របខណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង២០នាក់ អាចជាកូន ជាចៅ ជាបងប្អូនបង្កើតទាំងប្រុសទាំងស្រី ដែលចង់ចូលបម្រើក្នុងជួរកងទ័ព។

ការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត គឺបន្ទាប់ពីសម្តេចបានឃើញសាររបស់យុវជនម្នាក់ឈ្មោះ ជាសំណាង រស្មីសត្យា កូនបង្កើតរបស់វរសេនីយ៍ទោ ជា សំណាង យោធិនដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣។ យុវជនរូបនោះ បានស្នើសុំក្របខណ្ឌ ចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទដើម្បីបានបន្តវេនតពីឪពុក។
ជាសំណាង រស្មីសត្យា អាយុ២៣ឆ្នាំ បានបញ្ជាក់ថា ខ្លួនបញ្ចប់ការសិក្សាថ្នាក់ទី១២ ហើយបច្ចុប្បន្នមិនមានការងារធ្វើឡើយ។ ជាកូនច្បងរបស់របស់លោក ជា សំណាង យុវជនរូបនេះ ប្រកាសពីបំណងរបស់ខ្លួនក្នុងការបន្តវេនពីឪពុកតាមរយៈការចូលបម្រើការងារយោធានៅខេត្តកោះកុងដើម្បីបានប្រាក់ខែចិញ្ចឹមម្តាយ ប្អូនៗនិងជីដូនចាស់ជរា។

«សព្វថ្ងៃ ក្រុមគ្រួសារខ្ញុំ គ្មានអ្វីទីពឹង សូមសម្តេច ហ៊ុន ម៉ាណែត សម្តេចតា មេត្តាជួយសម្រេចបំណងខ្ញុំបាទផង»។ នេះជាសំណើរបស់យុវជនរស្មីសត្យា។ «ខ្ញុំឯកភាពតាមសំណើរបស់ក្មួយប្រុស រស្មីសត្យា»។ សម្តេច ហ៊ុន ម៉ាណែត បានឆ្លើយតបយ៉ាងដូច្នេះ ដោយអះអាងថា មិនមែនស្វាគមន៍ត្រឹមតែ យុវជន រស្មីសត្យានោះឡើយ តែរាល់សាច់ញាតិបង្កើតរបស់យោធិនពលី។

ក្រសួងការពារជាតិ បានច្រានចោលការផ្សព្វផ្សាយមួយចំនួន ដែលបានភ្ជាប់ករណីផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ទៅនឹងចលនាបោះបោររបស់កងទ័ព។ តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែឧសភា ករណីផ្ទុះគ្រាប់កាលពីថ្ងៃទី២៧ ខែមេសា ដែលបណ្តាលឱ្យយោធិន២០នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស គឺជាបញ្ហាបច្ចេកទេសដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយអាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយឡើយ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ បានស្នើដល់សាធារណជន ព្រមទាំងអ្នកសារព័ត៌មាន បញ្ឈប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កចលាចលញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com