ជាតិ
វីដេអូ
កំណែសន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ ចំណាយពេលយ៉ាងយូរ៣ថ្ងៃ គណៈកម្មការរៀបចំការប្រឡងគ្រូអនុវិទ្យាល័យ ចាប់ផ្ដើមកែសន្លឹកកិច្ចការបេក្ខជន
× ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ បានចាប់ផ្ដើមនៅថ្ងៃទី៦ ខែឧសភានេះ។ លោក ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដំណើរការប្រឡង បានបញ្ជាក់ថា ដំណើរការកែសន្លឹកកិច្ចការបេក្ខជនជាង ៣ម៉ឺននាក់នេះ នឹងចំណាយពេលយ៉ាងយូរ ៣ថ្ងៃប៉ុណ្ណោះ។
គណៈកម្មការ បានចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនជាង ៣ ម៉ឺននាក់ ដែលចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ចាប់ពីថ្ងៃទី ៦ ឧសភានេះ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។ កំណែបានចាប់ផ្តើម នៅម៉ោង ៧ និង១៥នាទី ដោយមានការកាត់ក្បាល សន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍នានា រួមទាំងពីអង្គភាពប្រឆាំងអំពើពុករលួយផង។
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួង មុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃដំណើរការ ប្រឡង បានលើកឡើងថា ដំណើរការកែសន្លឹកកិច្ចការ នឹងចំណាយពេលយ៉ាងយូរ ៣ថ្ងៃ។ ដើម្បីឱ្យដំណើរការកែបញ្ចប់ក្នុងរយៈពេលដ៏ខ្លីនេះ គណៈកម្មការ បានរៀបចំអ្នកកែរហូតដល់ ២០០នាក់ ដែលជាសិស្សមន្រ្តីជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ដោយក្នុងម្នាក់ អាចកែបានចន្លោះពី២ ទៅ៣បន្ទប់។ នេះបើតាមលោក ខៀវ ច័ន្ទប៊ុនធឿន។
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈរូបនេះ ក្រោយរកឃើញបេក្ខជន ១៣២៣នាក់ ដែលបានប្រឡងជាប់ដំណាក់កាលទី១ គណៈកម្មការរៀបចំការប្រឡង នឹងបន្តរៀបចំការប្រឡងដំណាក់កាលទី២ ក្នុងពេលឆាប់ៗនេះ។
រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈរូបនេះ បន្តថាទាំងដំណើរការប្រឡង និងកំណែ គឺប្រព្រឹត្តទៅដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។
សូមបញ្ជាក់ថា ពីថ្ងៃទី២-៥ ខែឧសភា គឺជាដំណើរការនៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ។ ការប្រឡងនេះ រៀបចំនៅសាលាភូមិន្ទរដ្ឋបាល សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ដំណើរការប្រឡងទាំង៤ថ្ងៃនេះ មានបេក្ខជនចុះឈ្មោះប្រឡងចំនួន ៣៣ ៣១៤នាក់។ ក្រសួងនឹងជ្រើសរើសយកបេក្ខជនចំនួន ១ ៣២៣នាក់ ដើម្បីទៅប្រឡងវគ្គទី២ ដើម្បីសម្រាំងយកបេក្ខជន តែ ៤៤១នាក់ប៉ុណ្ណោះ។ បេក្ខជន ៤៤១នាក់ នឹងត្រូវចូលរៀននៅសាលាគរុកោសល្យនៅទូទាំងប្រទេស តាមរយៈពេលដែលបានជ្រើសរើសការបណ្ដុះបណ្ដាលបន្ថែម៕
Tag:
គ្រូអនុវិទ្យាល័យ
កែសន្លឹកកិច្ច
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com