សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រជាជនអាម៉េរិកជឿជាក់លោកត្រាំ ជាងលោកបៃឌិន លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច
06, May 2024 , 5:19 pm        
រូបភាព
លោក ដូណាល់ ត្រាំ (ស្តាំ) និងលោក ចូ បៃឌិន ។ រូបភាព ៖ AFP
លោក ដូណាល់ ត្រាំ (ស្តាំ) និងលោក ចូ បៃឌិន ។ រូបភាព ៖ AFP
លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា ប្រជាជនអាម៉េរិកទុកចិត្តលើលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ ជាជាងប្រធានាធិបតីបច្ចុប្បន្នលោក ចូ បៃឌិន លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងអតិផរណានៅក្នុងប្រទេស។

 
លទ្ធផលនៃការស្ទង់មតិរបស់ ABC News/Ipsos ដែលបានប្រកាសនៅថ្ងៃទី៥ ខែឧសភាបង្ហាញថា បញ្ហាសេដ្ឋកិច្ច និងអតិផរណាជាបញ្ហាចម្បងដែលអ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ។ អត្រា ៨៨ភាគរយនៃប្រជាជនអាម៉េរិកចូលរួមស្ទង់មតិបានឲ្យដឹងថា បញ្ហាសេដ្ឋកិច្ចនឹងជះឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេក្នុងការគូសសន្លឹកឆ្នោតជ្រើសប្រធានាធិបតី ចំណែក ៨៥ភាគរយបាននិយាយស្រដៀងគ្នាដែលពាក់ព័ន្ធបញ្ហាអតិផរណា។ 
 
ទន្ទឹមនេះ ៤៦ភាគរយនៃប្រជាជនអាម៉េរិកដែលចូលរួមស្ទង់មតិបានបង្ហាញនូវការជឿជាក់លើលោក ត្រាំ ក្នុងកិច្ចការដឹកនាំវិស័យសេដ្ឋកិច្ចឲ្យរីកចម្រើនក្នុងនោះ ៣២ភាគរយបានជ្រើសលោក បៃឌិន ខណៈ ២១ភាគរយទៀតមិនទុកចិត្តលើបេក្ខជនទាំងពីរ។ 
 
លើសពីនេះ ៤៤ភាគរយនៃការចូលរួមស្ទង់មតិទុកចិត្តលើលោក ត្រាំ ក្នុងការដោះស្រាយបានល្អលើបញ្ហាអតិផរណា ហើយមានតែ ៣០ភាគរយប៉ុណ្ណោះជឿថាលោក  បៃឌិន ធ្វើកិច្ចការនេះបានល្អ ស្របពេល២៥ភាគរយមិនជឿជាក់លើបេក្ខជនទាំងពីរនេះ។ 
 
៤៣ភាគរយនៃអ្នកឆ្លើយសំណួរបាននិយាយថា ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមិនមានភាពប្រសើរឡើងចាប់តាំងពីលោក បៃឌិន ក្លាយជាប្រធានាធិបតី ហើយ ៤០ភាគរយបាននិយាយថាស្ថានភាពនៅតែដដែល ខណៈ ១៦ភាគរយមានភាពល្អប្រសើរ។
 
ទាក់ទងនឹងប្រៀបធៀបសំឡេងឆ្នោតរវាងលោក បៃឌិន និងលោក ត្រាំ នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ អ្នកចូលរួមស្ទង់មតិ ៤៦ភាគរយគាំទ្រលោក ត្រាំ និង ៤៤ភាគរយគាំទ្រលោក បៃឌិន។ យ៉ាងណាមិញ ក្នុងចំណោមអ្នកដែលចុះឈ្មោះបោះឆ្នោត ៤៦ភាគរយ គាំទ្រលោក បៃឌិន ខណៈ ៤៥ភាគរយគាំទ្រលោក ត្រាំ ។
 
បើយោង​តាម​លទ្ធផល​ស្ទង់​មតិ លោក Biden ​ត្រូវ​បាន​​ចាត់​ទុក​ថាជាបេក្ខជនដែលស្មោះត្រង់ និង​គួរ​ឱ្យ​ទុក​ចិត្ត ជាជាង​លោក ត្រាំ។ ចំណែក ទាក់ទង​នឹង​ការ​ការពារ​លទ្ធិប្រជាធិបតេយ្យ បេក្ខជន​ទាំង​ពីរ​ទទួល​បាន​អត្រា​គាំទ្រ​ស្មើ​គ្នា។
 
ការស្ទង់មតិរបស់ ABC News/Ipsos ត្រូវបានធ្វើឡើងតាមរយៈអនឡាញជាមួយនឹងមនុស្សពេញវ័យចំនួន ២២៦០នាក់នៅក្នុងចំណោមក្រុមអ្នកគ្រាំទ្របក្សសាធារណៈរដ្ឋ ប្រជាធិបតេយ្យ និងអ្នកឯករាជ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា។ 
 
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីពាក់ណ្តាលខែមេសាបានព្យាករថា កំណើនសេដ្ឋកិច្ចអាម៉េរិកនឹងកើនឡើងក្នុងរង្វង់ ២,៧ភាគរយនៅក្នុងឆ្នាំ២០២៤។ ចំណែក អតិផរណាមិនទាន់ធ្លាក់ចុះដល់គោលដៅ ២ភាគរយរបស់ធនាគារកណ្តាលអាម៉េរិកចង់បាននៅឡើយទេ។ នៅថ្ងៃទី២៥ ខែមេសា ក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញតួលេខអតិផរណាកើនឡើង ៣,៤ភាគរយក្នុងរយៈពេល ៣ខែនៃឆ្នាំ២០២៤ បើធៀបគ្រាដូចគ្នានៅឆ្នាំ២០២៣ មានការកើនឡើងតែ ១,៨ភាគរយប៉ុណ្ណោះ៕ 

Tag:
 អាម៉េរិក
  ដូណាល់ ត្រាំ
  ចូ បៃឌិន
© រក្សាសិទ្ធិដោយ thmeythmey.com