សង្គមអន្តរជាតិ​
អន្តរជាតិ
យ៉ាងហោចណាស់មនុស្ស៧៨នាក់បានស្លាប់ ក្នុងជំនន់ទឹកភ្លៀងនៅប្រេស៊ីល
06, May 2024 , 5:59 pm        
រូបភាព
ជ្រុងមួយនៃទីក្រុង Porto Alegre បានលិចនៅថ្ងៃទី៥ ខែឧសភា។ រូបភាព ៖ AFP
ជ្រុងមួយនៃទីក្រុង Porto Alegre បានលិចនៅថ្ងៃទី៥ ខែឧសភា។ រូបភាព ៖ AFP
ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានទឹកជំនន់នៅរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រេស៊ីលបានកើនឡើងដល់ ៧៨ នាក់ ហើយមនុស្សជាង ១១៥០០០ នាក់ត្រូវជម្លៀសចេញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែឧសភា។

 
ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានទៅដល់រដ្ឋ Rio Grande do Sul នៅថ្ងៃទី៥ ខែឧសភា (ម៉ោងក្នុងតំបន់) ជាមួយសមាជិកគណៈរដ្ឋមន្ត្រីភាគច្រើនរួបដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការកសាងឡើងវិញជាមួយរដ្ឋាភិបាលក្នុងតំបន់។
 
តាមទីភ្នាក់ងារការពារជនស៊ីវិលរបស់រដ្ឋ Rio Grande do Sul ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងភ្លៀងខ្លាំងនៅតែអាចកើនឡើង ស្របពេលដែលមនុស្សចំនួន១០៥នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។
 
ក្រុមជួយសង្រ្គោះក្នុងទីក្រុង Porto Alegre ។ រូបភាព ៖ AFP

យោងតាមអាជ្ញាធរប្រេស៊ីល ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលបានប៉ះពាល់ជាងពីរភាគបីនៃទីក្រុងជិត៥០០ នៅក្នុងរដ្ឋនេះ ដែលមានព្រំប្រទល់ជាប់អ៊ុយរូហ្កាយ និងអាហ្សង់ទីន ដែលបណ្តាលឱ្យមនុស្សជាង ១១៥០០០នាក់ត្រូវជម្លៀសចេញ។
 
ទឹកជំនន់បានបំផ្លាញផ្លូវថ្នល់ និងស្ពានក្នុងទីក្រុងមួយចំនួន។ ភ្លៀង​ក៏​បាន​បង្ក​ឱ្យ​មានការ​បាក់​ដី និង​បាក់​ផ្នែក​ខ្លះ​នៃ​ទំនប់​វា​រី​អគ្គិសនី​​ដែរ ។
 
មនុស្សជាង ៤០០ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់នៅល្ងាចថ្ងៃទី៥ ខែឧសភា ខណៈជិត ១ភាគ៣នៃប្រជាជនក្នុងរដ្ឋមិនមានទឹកស្អាតប្រើប្រាស់។
 
ទីតាំងរដ្ឋ Rio Grande do Sul នៅប្រេស៊ីល ។ ក្រាហ្វិក ៖ Guardian

យោងតាមទីភ្នាក់ងារភូគព្ភសាស្ត្រជាតិប្រេស៊ីល នៅទីក្រុង Porto Alegre ទឹកបឹង Guaiba បានហូរហៀរដល់ច្រាំងលើសពីកម្រិតទឹកខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ អាកាសយានដ្ឋានអន្តរជាតិ Porto Alegre បានផ្អាកជើងហោះហើរទាំងអស់ចាប់តាំងពីថ្ងៃទី៣ ខែឧសភា។
 
កងកម្លាំងជួយសង្គ្រោះប្រេស៊ីលកំពុងព្យាយាមជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីនៅភាគខាងត្បូងនៃប្រទេសដោយអ្នកស្ម័គ្រចិត្ដបានប្រើទូក ជិះស្គី ដើម្បីជួយសង្រ្គោះដែលកំពុងបន្ត។
 
ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់អស់រយៈពេលជាច្រើនថ្ងៃបានបណ្តាលឱ្យទីក្រុងជាច្រើនក្នុងរដ្ឋ Rio Grande do Sul ត្រូវបានជន់លិច។ ប្រតិបត្តិការជួយសង្គ្រោះទ្រង់ទ្រាយធំមួយត្រូវបានចាប់ផ្តើមដោយមានការចូលរួមពីទាហាន អ្នកពន្លត់អគ្គីភ័យ និងអ្នកស្ម័គ្រចិត្តជាង ៣០០០នាក់។

Tag:
 ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com