ជាតិ
ក្រសួង៣ ចាប់ដៃគ្នាអភិវឌ្ឍវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ
06, May 2024 , 6:29 pm        
រូបភាព
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ , លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ , លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ឧសភានេះ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីឈ្វេងយល់អំពីសក្ដានុពល និងតម្រូវការក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។ 



នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញនៃក្រសួងទាំង៣ បានធ្វើបទបង្ហាញអំពីវិស័យរបស់ខ្លួន ដោយផ្ដោតសំខាន់លើធនធាន និងរចនាសម្ព័ន្ធដែលមានស្រាប់ គម្រោងដែលកំពុងអនុវត្ត ព្រមទាំងគម្រោងដែលគ្រោងនឹងអនុវត្ត នាពេលអនាគត។ 
 
ជាលទ្ធផល ក្រសួងទាំង៣ បានព្រមព្រៀងគ្នាដាក់ចេញគោលការណ៍សំខាន់ចំនួន ៤ រួមមាន ការកំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង ៣ហើយដាក់ធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។ ផ្ដល់ការប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ ដើម្បីបង្ការ និងភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចគោលដៅកំណត់។  
 
ក្រសួងទាំង៣ បានឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត។ ទន្ទឹមនេះ ក៏មានការផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង ៣ ដូចជា សហគមន៍កសិកម្មទំនើបរបស់ក្រសួងកសិកម្ម សហគមន៍ប្រើប្រាស់ទឹករបស់ក្រសួងធនធានទឹក និងគម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ដើម្បីធ្វើយ៉ាងណាជួយដល់ពលរដ្ឋនៅតាមមូលដ្ឋានទទួលបានអត្ថប្រយោជន៍ ជាអតិបរមា។ 
 
តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យការងាររវាងក្រសួងទាំង៣ កាន់តែមានភាពស៊ីចង្វាក់គ្នា ដោយតម្កល់ប្រយោជន៍ជាតិជាធំ ជួយលើកកម្ពស់ជីវភាពពលរដ្ឋ ផ្ដល់ផលចំណេញដល់កសិករ មានផ្លូវដង្ហើមសេដ្ឋកិច្ច និងមានប្រសិទ្ធភាពសេដ្ឋកិច្ចដល់ទីជនបទ។ នេះបើតាមក្រសួងកសិកម្ម៕ 

Tag:
 ថោ ជេដ្ឋា
  ឆាយ ឫទ្ធិសែន
  ឌិត ទីណា
© រក្សាសិទ្ធិដោយ thmeythmey.com