កីឡាអន្តរជាតិ
អន្តរជាតិ
ប្រវត្តិសាស្ត្រ! ក្លិប Arnetero ដាក់គ្រូបង្វឹកអ្នកចាំទីជំនួស ដោយសារអ្នកចាំទីរបួសទាំងអស់
× ប្រវត្តិសាស្ត្រកើតឡើងលើកដំបូងនៃពិភពបាល់ទាត់ នៅក្នុងលីគលំដាប់ទី៣ នៅក្នុងប្រទេសអេស្ប៉ាញ ដោយក្រុម CD Arnetero បានផ្លាស់ប្តូរគ្រូបង្វឹកចាំទី ឱ្យចូលលេង បន្ទាប់ពីអ្នកចាំទីប្រចាំក្លិបទាំងអស់រងរបួស។ លទ្ធផលក្នុងការប្រកួតរបស់ក្លិប Arenteiro បានតាមស្មើ Deportivo La Coruna ២-២ វិញ ក្រោយការនាំមុខដល់ទៅ២គ្រាប់។
ជម្រើសទី១របួស ទី២មិនអាចលេងបាន ទី៣របួស, ឈុតយុវជនមិនអាចប្រើបាន ទីបំផុត គ្រូចាំទី ក្លាយជាអ្នកចាំទី។ នេះជាមូលហេតុដែលក្រុម Arnetero ផ្លាស់ប្តូរគ្រូបង្វឹកចាំទីឱ្យចូលលេងជំនួស ស្របពេលអ្នកចាំទីដៃទីមួយ Diego Garcia ជួបបញ្ហារបួសកជើង អំឡុងពេលប្រកួត ខណៈអ្នកចាំទីដៃទីបី កីឡាករ Manu Figueroa ក៏ស្ថិតក្នុងបញ្ជីកីឡាកររបួស។
តាមពិតទៅអ្នកចាំទីដៃទីពីរ Pablo Brea អាចនឹងត្រូវចូលលេងជំនួសកីឡាករចាំទីដៃទីមួយ ប៉ុន្តែដោយសារតែកីឡាកររូបនេះជាអ្នកចាំទីដែលក្លិប Arenteiro ខ្ចីដៃពីក្លិប Deportivo ទើបធ្វើឱ្យគេមិនអាចចូលលេងទល់នឹងក្រុមដើមគេបាន ដោយយោងតាមច្បាប់របស់លីគអេស្ប៉ាញ។
គ្មានអ្នកជំនួសកន្លែងចាំទីក្នុងការប្រកួតសំខាន់ ខណៈក្លិបត្រូវការកីឡាករចាំទីចាំបាច់បំផុតដើម្បីជំនួសឱ្យចូលលេង ភ្លាមៗនោះក្លិប Arenteiro បានចុះឈ្មោះលោក Diego Rivas គ្រូបង្វឹកចាំទីភ្លាមៗ ចូលក្នុងបញ្ជីឈ្មោះកីឡាករក្នុងក្រុម។
បន្ទាប់ពីត្រូវបានក្លិប Deportivo នាំមុខក្នុងលទ្ធផល ២-០ ក្នុងកីឡដ្ឋាន Riazor លោក Diego Rivas ដែលបានផ្លាស់ប្តូរចូលលេងក្នុងនាមជាកីឡាករចាំទី បានជួយបង្ហាញផ្លូវក្រុមឱ្យមានទម្រង់លេងល្អមួយឡើងវិញ រហូតអាចស្វែងរកគ្រាប់តាមពីក្រោយរហូតអាចតាមស្មើលទ្ធផល ២-២ នៅចុងបញ្ចប់នៃការប្រកួត។ ការប្រកួតនោះទៀតសោត មុនពេលរកបានគ្រាប់តាមស្មើក្នុងនាទីបន្ថែមហៀបចំការប្រកួត លោក Rivas បានប្រែខ្លួនពីអ្នកចាំទីទៅជួយបង្កើនកម្លាំងប្រយុទ្ធចុងម៉ោង នៅក្នុងតំបន់ប្រអប់ទីរបស់ក្រុមម្ចាស់ផ្ទះ រហូតអាចជួយដល់កូនសិស្សក្នុងក្រុមរកបានគ្រាប់តាមស្មើ។
លោក Rivas ទទួលបានឈ្មោះជាកីឡាករបញ្ជូនបាល់ដល់ កូនក្រុមដែលបានស៊ុតបាល់បញ្ចូលទីគ្រាប់ទីពីរតាមស្មើ លទ្ធផល ២-២។
លោក Diego Rivas ដំបូងឡើយជាអតីតអ្នកចាំទីលេងឱ្យក្រុម Deportivo ដែលជាក្លិបដំបូងរបស់លោក មុនបុរសសញ្ជាតិអេស្ប៉ាញ វ័យ៣៦ឆ្នាំរូបនេះ បានចូលនិវត្តន៍ពីវិស័យបាល់ទាត់កាលពីឆ្នាំមុន បន្ទាប់ពីចំណាយពេលវេលាលេងក្នុងលីគលំដាប់ទី២ និងទី៣ របស់អេស្ប៉ាញ អស់រយៈពេលជាយូរមក។ កាលពីរដូវកាលមុន លោកបានចូលរួមក្លិប Arenteiro ក្នុងនាមជាគ្រូបង្វឹកអ្នកចាំទី៕
© រក្សាសិទ្ធិដោយ thmeythmey.com