ជាតិ
ប្រតិមាព្រះនារាយណ៍ផ្ទុំធ្វើពីសំរឹទ្ធ និងបំណែក៣៩ទៀត នឹងត្រូវបញ្ជូនទៅជួស​ជុល​នៅ​​បា​រាំង
07, May 2024 , 2:40 pm        
រូបភាព
ភ្នំពេញ៖ ប្រតិមាព្រះនារាយណ៍ផ្ទុំពីសំរឹទ្ធ មកពីប្រាសាទមេបុណ្យខាងលិច និងបំណែកចំនួន៣៩ ​នឹង​ត្រូវ​បញ្ជូនទៅប្រទេសបារាំង នាប៉ុន្មានថ្ងៃខាងមុខ។ ការបញ្ជូនប្រតិមាសំរឹទ្ធដ៏វិចិត្រនេះ ជាគម្រោងសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និង​បច្ចេកទេសមួយ រវាងបារាំង និងកម្ពុជា ដែលបានឯកភាពគ្នា តាំងពីឆ្នាំ២០១៩ ប៉ុន្តែ​ត្រូវបានពន្យារពេលដោយ​សារវិបត្តិ​កូវីដ-​១៩។

 
​​លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនៅក្នុង «ពិធី​ប្រោះព្រំសុំសេចក្តីសុខ នាអំឡុងពេលនៃការវេចខ្ចប់ និងដឹកជញ្ជូនប្រតិមា វិចិត្រ ព្រះ​នារាយណ៍ថ្មី ពីសំរឹទ្ធមកពីប្រាសាទមេបុណ្យ» ដែលរៀបចំនៅសារមន្ទីរជាតិកម្ពុជា នា​ថ្ងៃ​ទី៧ ​ខែឧសភានេះថា គម្រោងនេះ មានបំណង ក្នុងការជួសជុល អភិរក្ស និងសិក្សាវិភាគ សមាសភាពផ្សំ លើប្រតិមាព្រះនារាយណ៍ថ្មី នៅ​វិទ្យាស្ថាន Centre de recherche et de restoration des musées de France (C2RMF) នៃ​ប្រទេសបារាំង ដើម្បី​ឈ្វេងយល់បន្ថែម ពីបច្ចេកទេសដ៏ប៉ិនប្រសព្វ នៃការសិតលោហៈខ្នាតធំមហាសាល ក្នុងអារ្យធម៌ខ្មែរ​នាសម័យអង្គរ។ 
 
​«លទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ នឹងបោះពុម្ពផ្សាយ យ៉ាងទូលំទូលាយដើម្បីចែករំ​លែក ពីបទពិសោធន៍ និងទេពកោសល្យ ក្នុងការសិតលោហៈ នៅក្នុងប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ»។ លោកស្រី ភឿង សកុណា បន្តដូច្នេះមុននឹងបន្ថែមថា ក្រៅពីការវិភាគបច្ចេកទេស ក្រុមអ្នកជំនាញ នឹងសាកល្បងផ្តុំបំណែកទាំង៣៩ ដែលបាន ដាច់ចេញពីដង​ខ្លួន​​អស់រយៈ​កាលជិត ១ ០០០ឆ្នាំមកហើយ និងរៀបចំផ្គុំតម្លើងជា 3D ដើម្បីបានដឹង​ពីទី​តាំង​នៃចំណែក​ទាំងនោះ។
 


បើតាមរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយគម្រោងអភិរក្ស និងវិភាគស្រាវជ្រាវ នេះបញ្ចប់ ប្រតិមាដ៏វិចិត្រនេះ ​នឹងជាក់តាំង​​បង្ហាញ​ក្នុងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅសារមន្ទីរ សិល្បៈអាស៊ីហ្គីមេ ហើយការដាក់តាំងនេះ នឹងបានបន្ថែមរូបចម្លាក់អំពីសំរឹទ្ធ ចំនួន ១២៦ ផ្សេងទៀត ដែលខ្ចីបន្ថែមពីសារមន្ទីរជាតិ​កម្ពុជា​​ ដំណាក់កាលទី២។ 
 
​រដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី សំរឹទ្ធសម័យអង្គរ៖ សិល្បៈ​នៃ​អាទិទេព នឹងរៀបចំនៅសារមន្ទីរជាតិហ្គីមេ នាអំឡុងពាក់កណ្តាលឆ្នាំ២០២៥ ដោយ​បង្ហាញ​ពី​ការវិវឌ្ឍបច្ចេកទេសនៃការសិតលោហៈ ក្នុងអារ្យធម៌ខ្មែរ រាប់ចាប់ពីសម័យបុរេ ប្រវត្តិសាស្ត្រ​​ដល់សម័យក្រោយអង្គរ។ ក្រោយបញ្ចប់ពិព័រណ៍មិនអចិន្ត្រៃយ៍ នៅសារ​មន្ទីរ​ហ្គីមេ ប្រតិមានេះ នឹងបន្តដំណើរទៅដាក់តាំងនៅសហរដ្ឋ អាម៉េរិកចំនួន៣ ទីតាំងបន្ថែម​ទៀត។ 
 


លោកស្រី ភឿង សកុណា បន្តថា៖ «ការធ្វើដំណើររបស់ប្រតិមាព្រះនរាយណ៍ផ្ទុំដែល ជា​អាទិទេព​ព្រហ្មញ្ញសាសនា​របស់ខ្មែ​រ​នា​សម័យអង្គរ ប្រៀបដូចជាការនាំយក​នូវទេពកោសល្យល្អឯក នៃបច្ចេកទេសសិតលោហៈ​ដ៏​អស្ចារ្យរបស់ជាតិខ្មែរ ចេញទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍ឲ្យសា​ធារណជនបានឈ្វេង យល់បន្ថែម​ពីភាពឧត្តុងឧត្តមខ្ពង់ខ្ពស់នៃ​អារ្យធម៌ខ្មែរនាសម័យ​បុរាណ។ »។
 
​​ជាច្រើនទសវត្សមកហើយ ដែលបារាំងនិងកម្ពុជា មានកិច្ចសហ​ប្រតិបត្តិការ​យ៉ាងល្អ​ជាមួយ​គ្នា​គ្រប់វិស័យ ជាពិសេស ​វិស័យវប្បធម៌។ ​ពេលបច្ចុប្បន្ននេះ​ ក្រសួងវប្បធម៌ មានកិច្ច​សហ​ការ​លើគម្រោងស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ជាគម្រោងនាំមុខនៅកម្ពុជា ក្រោម​កិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការ វិទ្យាស្ថាន សាកលវិទ្យាល័យ និង​ស្ថាប័ននានា​ពីប្រទេសបារាំង ដែលភាគច្រើន​អនុវត្តន៍នៅតំបន់រមណីយដ្ឋាន បេតិកភណ្ឌវប្បធម៌។ នេះបើតាម លោកស្រី ភឿង សកុណា ដែលបានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ  កម្ពុជា ទទួលបានកញ្ចប់ ថវិកា៩០ម៉ឺនអឺរ៉ូ ពីបារាំង សម្រាប់ប្រើប្រាស់​ក្នុងការសិក្សាគ​ម្រោង ​​ពង្រីកសារមន្ទីរជាតិកម្ពុជា ហើយការងារនេះនឹងមានរយៈពេលពីរឆ្នាំ។ 
 
សម្រាប់រដ្ឋមន្ត្រីក្រសួងវប្បធម៌ លទ្ធផលនៃកិច្ចសហការនានាកន្លងមក បានបង្ហាញអំពីឆន្ទៈ មោះ​មុត រវាងប្រទេសទាំងពីរ ក្នុងការជួយជ្រោមជ្រែងគាំទ្រលើផ្នែកវប្បធម៌៕







Tag:
 វប្បធម៌
  ប្រតិមា
  ព្រះនារាយណ៍ផ្ទុំ
© រក្សាសិទ្ធិដោយ thmeythmey.com