កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ លោក ​Enrique ថា PSG មិនត្រឹមចង់បាន២គ្រាប់ទេ គឺចង់ទម្លាក់ Dortmund តែម្តង
07, May 2024 , 7:29 pm        
រូបភាព
ក្លិប Paris Saint Germain ចាញ់ការប្រកួតជើងទីមួយ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ក្រោមថ្វីជើង Borussia Dortmund លទ្ធផល ១-០ កាលពីសប្តាហ៍មុន។ លោក Luis Enrique បាននិយាយមុនការប្រកួតជើងទីពីរមកដល់ថា ក្រុម PSG មិនមែនមានបំណងត្រឹមតែស៊ុត ២គ្រាប់ដើម្បីវាយបកយកឈ្នះជើងទី២នោះឡើយ ប៉ុន្តែត្រូវប្រាកដថាត្រូវទម្លាក់ Dortmund តែម្តង។



ក្រុមជើងឯក Ligue 1 ធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងវគ្គ ៨ក្រុម ចុងក្រោយពានរង្វាន់ UEFA Champions League ដោយត្រូវបានក្រុម Barcelona នាំមុខលទ្ធផល ៣-២។ ប៉ុន្តែនៅការប្រកួតជើងទីពីរ ក្នុងទឹកដីកីឡដ្ឋាន Camp Nou ក្រុមរហស្សនាមអ្នកមានបារាំង PSG បានវាយបកឈ្នះការប្រកួតលទ្ធផល ៤-១។ 
 
បើតាមការអះអាងពីសំណាក់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ ក្រុម PSG បានត្រៀមខ្លួនសម្រាប់ការប្រកួត ដោយនាំក្រុម Borussia Dortmund ឈានទៅកាន់ការបន្ថែមម៉ោង ប្រសិនបើការប្រកួតបញ្ចប់ ៩០នាទី ដោយភាពតានតឹង។
 
«គោលដៅគឺមិនមែនត្រឹមតែឈ្នះការប្រកួតត្រឹម ២គ្រាប់ នោះឡើយ ប៉ុន្តែគឺត្រូវឈ្នះដាច់ខាត។ ប្រសិនបើអ្នកគិតថាអ្នកត្រូវការត្រឹមតែ ២គ្រាប់ ដូច្នេះវានឹងមើលទៅប្រៀបបានជាគោលដៅធំរបស់អ្នកអ៊ីចឹង។ យើងចង់ប្រកួត និងស៊ុតបាល់បញ្ចូលទី ប្រសិនបើយើងស៊ុតចូលនៅនាទី៨៩ នោះវានឹងបន្តទៅមុខ។ យើងនឹងត្រូវការត្រឹមស៊ុតបាល់បញ្ចូលទីឡើយ តែយើងចង់ឱ្យឈ្នះការប្រកួតនោះតែម្តង។»។ នេះបើតាមសម្តីរបស់លោក Luis Enrique លើកឡើងក្នុងសន្និសីទកាសែតមុនការប្រកួត។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ទាមទារឱ្យកូនក្រុមផ្តោតទៅលើគ្រប់ទិដ្ឋភាពនៃការប្រកួតរបស់ពួកគេ ទល់នឹងក្រុម Borussia Dortmund។ មិនត្រឹមតែការប្រយុទ្ធ និងការស៊ុតតែមួយមុខឡើយ ប៉ុន្តែលោក Enrique ស្នើកូនក្រុមក៏ត្រូវតែការពារ ១០០ភាគរយដូចគ្នាដែរ។
 
លោក Enrique បានបន្តដូច្នេះ៖«អ្នកអាចស៊ុត ២គ្រាប់ ក្នុងពេល ២នាទី តែអ្នកអាចនឹងត្រូវរបូតគ្រាប់បាល់ដូចគ្នា។ យើងត្រូវតែផ្តោត ១០០ភាគរយ ទៅលើការប្រយុទ្ធ និងការពារទន្ទឹមគ្នា។[…]។
 
សម្រាប់ជំនួបជើងទីពីរ ​PSG ហាក់មានប្រៀបជាងក្រុម Borussia Dortmund ព្រោះតែការប្រកួតត្រូវធ្វើឡើងនៅក្នុងកីឡដ្ឋាន Parc des Prince។ ការប្រកួតស្ថិតក្នុងទឹកដីក្នុងប្រទេសបារាំង នឹងធ្វើឱ្យ PSG មានប្រៀបសម្រាប់ការប្រកួត រួមទាំងកម្លាំងរបស់អ្នកគាំទ្ររបស់ក្លិបថែមទៀត៕

Tag:
 UEFA Champions League
  Luis Enrique
© រក្សាសិទ្ធិដោយ thmeythmey.com