ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់ឱ្យកាតាបើកស្ថានទូតនៅកម្ពុជា ប្រសើជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង
08, May 2024 , 12:39 pm        
រូបភាព
កាតា មានថវិកាច្រើនគួរតែបើកស្ថានទូតផ្ទាល់នៅកម្ពុជា ប្រសើរជាងមាននិវេសដ្ឋាននៅប្រទេសផ្សេង ។ សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបែបនេះ នៅក្នុងជំនួបលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ឧសភា នាវិមានព្រឹទ្ធសភា។



សម្រាប់ជំនួបឯកអគ្គរាជទូតនៃរដ្ឋកាតានេះ ជាមួយសម្ដេច ហ៊ុន សែន គឺជាជំនួបពិសេសមួយហើយ។ ប្រមុខបក្សកាន់អំណាចរូបនេះ បានរំឭកថា នៅអំឡុងពេលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ត្រីនោះ សម្តេចពុំមានពេលគ្រប់គ្រាន់ទទួលទូត ដែលមាននិវេសដ្ឋាននៅក្រៅប្រទេសនោះទេ ។ 
 
ជាមួយគ្នានេះ អតីតនាយករដ្ឋមន្រ្តីកម្ពុជា កាន់តំណែងជាង៣៧ឆ្នាំរូបនេះ បានរំឭកទៀតថា៖«នៅឆ្នាំ២០០៨ ពេលដែលព្រះអង្គម្ចាស់នាយករដ្ឋមន្ត្រីរបស់កាតា បានមកបំពេញព្រះរាជទស្សនកិច្ចនៅកម្ពុជា គឺជាពេលដែលយើងបានចាប់ផ្ដើមទំនាក់ទំនងការទូតរវាងកម្ពុជានិងកាតា»។
 
កាតា បានដាក់និវេសដ្ឋានខ្លួន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ លោក Khalid Ali Abdullah Abel ចាត់ទុកថា ជាកិត្តិយសណាស់ ដែលលោកមានឱកាសបានចូលជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន នៅពេលនេះ។  ឯកអគ្គរាជទូតកាតារូបនេះ សង្ឃឹមថា កាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ហើយប្ដេជ្ញាថា នឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានកម្រិតខ្ពស់ជាងមុន និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារកម្ពុជា គឺជាប្រទេសដែលផលិតស្បៀង។
 
«ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយ កម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង ហើយមានផលិតផលកសិកម្មច្រើន ជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ។ ហើយកម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសបើករោងចក្រកិនស្រូវ ឬក៏កែច្នៃ វេចខ្ចប់ ឃ្លាំងស្តុកទុក ហើយក៏អនុញ្ញាតអោយនាំចេញទៅក្រៅប្រទេស ជាពិសេសការអនុគ្រោះដល់វិនិយោគិនពីបរទេស»។ នេះជាការឆ្លើយតបរបស់សម្ដេច ហ៊ុន សែន តបទៅលោកឯកអគ្គរាជទូតកាតា។
 
កាលពីឆ្នាំ២០២២ កាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង TAC (Treaty of Amity and Cooperation) ជាមួយនឹងអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ៕

Tag:
 ហ៊ុន សែន
  កាតា
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com