ជាតិ
នៅឥណ្ឌាដែលសំបូរអ្នកកាន់សាសនាហិណ្ឌូ បុណ្យចូលឆ្នាំចិនមិនមានឥទ្ធិពលឡើយ 
×![]()
ញូវដេលី-ឥណ្ឌា៖ សហគមន៍ចិនដែលរស់នៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា ក៏បាននាំគ្នាប្រារព្ធពិធីបុណ្យចិនឆ្នាំផងដែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។ ការតុបតែងផ្ទះ ការចែកអាំងប៉ាវ និងរៀបចំពិធីជប់លៀងជួបជុំគ្នា មានលក្ខណៈមិនខុសពីពលរដ្ឋខ្មែរ-ចិននៅកម្ពុជានោះឡើយ។ ប៉ុន្តែសម្រាប់ពលរដ្ឋឥណ្ឌាទូទៅ ពិធីបុណ្យចូលឆ្នាំចិន គ្រាន់តែជាការចាប់ផ្តើមចូលមកដល់នៃនិទាឃរដូវប៉ុណ្ណោះ ដែលគេនិយមហៅថា «Spring Festival» ។
ទោះបីជាយ៉ាងណាក៏ដោយ សកម្មភាពប្រារព្ធពិធីបុណ្យចូលឆ្នាំចិនមិនសូវមានសភាពគគ្រឹកគគ្រេងឡើយនៅក្នុងប្រទេសឥណ្ឌា ដែលពលរដ្ឋប្រមាណ៨០ភាគរយ កាន់សាសនាហិណ្ឌូ។ ពលរដ្ឋឥណ្ឌាដែលសែស្រឡាយចិនភាគច្រើនរស់នៅភាគខាងកើតនៃប្រទេស ដូចជាក្រុង Kolkata និង Tripura ជាដើម។ នៅក្នុង Kolkata មានពលរដ្ឋដើមកំណើតចិនប្រមាណ២សែននាក់ និងមាន China Town មួយដែលមានឈ្មោះថា «Tangra»។
ព្រះសង្ឃព្រះនាម ខាត់ ប៊ុនថន ដែលជាសមណនិស្សិតមួយអង្គកំពុងសិក្សានៅសកលវិទ្យាល័យ Jawaharlal Nehru University បានកត់សម្គាល់ថា ឆ្លងកាត់បទពិសោធន៍រស់នៅជាង៥ឆ្នាំនៅរដ្ឋ Uttar Pradesh និងញូវដេលី ព្រះអង្គមិនដែលឃើញពលរដ្ឋឥណ្ឌានាំគ្នាអបអរពិធីបុណ្យចូលឆ្នាំចិននោះឡើយ។
ជាមួយគ្នានេះ រឿងរ៉ាវទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិនដ៏ធំគគ្រឹកគគ្រេងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ មិនឃើញមានចុះផ្សាយនៅលើទំព័រមុខរបស់សារព័ត៌មាននានារបស់ឥណ្ឌានោះឡើយ។ នៅឥណ្ឌា រដ្ឋាភិបាលផ្តល់តម្លៃបំផុតសម្រាប់ពិធីបុណ្យនានាដែលទាក់ទងនឹងសាសនាហិណ្ឌូ៕
© រក្សាសិទ្ធិដោយ thmeythmey.com