ទំនាក់ទំនងកម្ពុជានិងចិនស្ថិតនឹងកើនឡើងមួយកម្រិតទៀតក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង កាលពីតុលាឆ្នាំ ២០១៦ កន្លងទៅ។ ប៉ុន្តែគេនៅឃើញមានមតិខ្លះរិះគន់កម្ពុជា ជុំវិញការខិតទៅជិតចិននេះដែរ ដោយមានខ្លះចោទថា កម្ពុជាត្រូវបានចិនទិញ ឬជាកូនជឹងរបស់ចិនទៀត។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញនយោបាយការបរទេសកម្ពុជាលោក ជឺនបូរាណ ច័ន្ទបូរី ដែលជានិស្សិតថ្នាក់បណ្ឌិតខាងការសិក្សាអំពីនយោបាយ និងយុទ្ធសាស្ត្រ អន្តរជាតិ នៅសាកលវិទ្យាល័យជាតិអូស្ត្រាលីនៅក្រុងកង់បេរ៉ា បានលើកឡើងថា ការរិះគន់ និង ចោទប្រកាន់កម្ពុជានេះ អាចបណ្តាមកពីគេមិនទាន់យល់ច្បាស់ពីស្ថានភាពភូមិសាស្ត្រ នយោបាយកម្ពុជាឡើយ។
ខាងក្រោមនេះជាបទសម្ភាសន៍រវាង និពន្ធនាយករងទទួលបន្ទុកព័ត៌មានអន្តរជាតិជាមួយលោក លោក ជឺនបូរាណ ច័ន្ទបូរី តាមសារអេឡិចត្រូនិកពាក់ព័ន្ធបញ្ហាទំនាក់ទំនងកម្ពុជាចិន៖
១.លោក សៅ ផលនិស្ស័យ៖ប្រធាធិបតីចិនលោក ស៊ី ជិនពីង មកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងចាប់ពីថ្ងៃ ១៣ ដល់ថ្ងៃ ១៤ខែតុលា។គេចាត់ទុកថាទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រនិងធ្វើ ឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។ តើលោករំពឹងអ្វីខ្លះពីដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋចិននេះ?
១.លោក ជឺនបូរាណ ច័ន្ទបូរី៖ ទស្សនកិច្ចរបស់ប្រមុខរដ្ឋចិនលោក ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកជាទស្សនកិច្ចប្រវត្តិសាស្ត្រដោយសារហេតុផលច្រើន។ ហើយសម្រាប់ដំណើរទស្សនកិច្ចនេះ វាឆ្លុះបញ្ចាំងពីការលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ច ការទូត និងទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរជាដើម។ ទាក់ទងបញ្ហាការទូត ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ពីបការវិវត្តយ៉ាងរហ័សនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរក្រោមក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលត្រូវបានគេបង្កើតឡើងកាលពីឆ្នាំ ២០១០នោះ។ សម្រាប់វិស័យសេដ្ឋកិច្ចវិញ ដំណើរទស្សនកិច្ចនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការកើនឡើងនៃតម្លៃសេដ្ឋកិច្ចរបស់ចិន ហើយដូចឃើញស្រាប់កិច្ចព្រមព្រៀងច្រើនជាង ២០ នឹងត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។ វាក៏ជារឿងចាំបាច់ដែលយើងត្រូវកត់សម្គាល់ផងដែរថាចាប់ពីឆ្នាំ ២០១៤ មក ចិនបានក្លាយជាប្រទេសដែលបណ្តាក់ទុនរកស៊ីនៅកម្ពុជាធំជាងគេ ដោយទំហំវិនិយោគមានរហូតដល់ ១០ពាន់លានដុល្លារអាមេរិក។ ហើយចិនក៏ជាម្ចាស់ជំនួយសេដ្ឋកិច្ចធំជាងគេដែរ ហើយទំហំជំនួយរបស់ចិននេះមានរហូតដល់ជិត ៣ពាន់លានដុល្លារឯណោះ។
មួយវិញទៀត គឺខាងផ្នែកយុទ្ធសាស្ត្រ។ ទស្សនកិច្ចនេះ ជាការបង្ហាញឲ្យឃើញបន្ថែមពីគោលដៅនៃគោលនយោបាយការបរទេសរបស់កម្ពុជាដែលយើងអាចហៅថាជា«សម្ព័ន្ធភាពដែលមានលក្ខណៈធូររលុង»ជាមួយចិនដើម្បីការពារសន្តិសុខនិងដើម្បីធានាដល់ការកសាងសន្តិភាពនិងវិបុលភាពរបស់ខ្លួននោះ។
២.សៅ ផលនិស្ស័យ៖ កម្ពុជាទទួលលុយជំនួយ និងកម្ចីទន់រាប់ពាន់លានដុល្លារពីចិន ហើយកម្ពុជាតែងតែកោតសរសើររបបដឹកនាំចិន និងគាំទ្រចិនរាល់កាលៈទេសៈសូម្បីតែក្នុងជម្លោះសមុទ្រចិនខាងត្បូង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ វាតែងតែមានការរិះគន់ថា កម្ពុជាបាត់បង់ឯករាជភាពសេដ្ឋកិច្ច និងអព្យាក្រឹតភាពនៅពេលដែលប្រទេសនេះពឹងចិនខ្លាំងពេក។ តើលោកយល់ឃើញបែបណាដែរ?
២.លោក ជឺនបូរាណ ច័ន្ទបូរី៖ ដោយសារការកើនឡើងនៃការផ្តល់ជំនួយរបស់ចិនដល់កម្ពុជា ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកអត្ថាធិប្បាយមួយចំនួនក្នុងតំបន់ជាពិសេសលោកខាងលិចបានអះអាថា រដ្ឋាភិបាលក្រុងភ្នំពេញត្រូវបានចិនទិញ ហើយកម្ពុជានេះជាកូនជឹងរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀត។ ដោយការអះអាងថានេះបង្ហាញឲ្យឃើញថា វាមិនមានការយល់ដឹងឲ្យបានស៊ីជម្រៅពីស្ថានភាពលំបាកនៃភូមិសាស្ត្រនយោបាយរបស់កម្ពុជាឡើយ។ខ្ញុំជឿជាក់ថា ទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជានិងចិនលើសពីបញ្ហាសេដ្ឋកិច្ចទៅទៀត។
ក្នុងក្រសែរភ្នែកអ្នកបង្កើតគោលនយោបាយការបរទេស កម្ពុជាក្រុងប៉េកាំងមិនត្រឹមតែអាចផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់កម្ពុជាប៉ុណ្ណោះទេ វាក៏អាចជួយបម្រើប្រយោជន៍ផ្នែកនយោបាយនិងយុទ្ធសាស្ត្រដល់កម្ពុជាផងដែរ។
ទីមួយ កម្ពុជាស្ថិតនៅចន្លោះកណ្តាលប្រទេសធំៗដែលមានឥទ្ធិពលខ្លាំង និងជាអ្នកជិតខាងដែលមានគំនិតស្អប់ខ្ពើមគ្នាតាំងពីប្រវត្តិសាស្ត្រមានដូចជាថៃនិងវៀតណាមនោះ។ មកទល់ពេលឥឡូវ គេនៅតែយល់ឃើញថា កម្ពុជានៅតែទទួលរងគំរាមកំហែងផ្នែកសន្តិសុខពីប្រទេសទាំងពីរដដែល។ជាឧទាហរណ៍ជាក់ស្តែងការប៉ះទង្គិចគ្នាដោយអាវុធនៅតាមព្រំដែនខ្មែរថៃចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១១ និងការបន្តកើនឡើងនៃជនអន្តោប្រវេសន៍ខុសច្បាប់របស់វៀតណាម។
ចំណុចទីពីរ គណបក្សប្រឆាំង ពោលគឺគណបក្សសង្គ្រោះជាតិបានទទួលជោគជ័យក្នុងការប្រើប្រាស់«សន្លឹកបៀរវៀតណាម» ដើម្បីទាក់ទាញការគាំទ្រពីបណ្តាសាធារណជន។ ហើយស្របពេលដែលការបោះឆ្នោតកាន់តែខិតជិតមកដល់ទៀត គណបក្សកាន់អំណាចមិនអាចបណ្តែតបណ្តោយឲ្យគេឃើញថា ខ្លួនទន់ភ្លន់ចំពោះបញ្ហាព្រំដែននិងការហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់ឡើយ។
ចំណុចទីបីរដ្ឋាភិបាលក្រុងភ្នំពេញនិងរដ្ឋាភិបាលក្រុងប៉េកាំងហាក់បីដូចជាប្រកាន់គោលការណ៍និងតម្លៃប្រហែលគ្នាជុំវិញការអនុវត្តនយោបាយការទូត។ មេដឹកនាំប្រទេសទាំងពីរជាអ្នកគាំទ្រខ្លាំងបំផុតនៃគោលការណ៍មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងប្រទេសដទៃ និងការគោរពនូវគោលការណ៍អធិបតេយ្យរដ្ឋជាដើម។
(រូបភាព៖ហ្វេសប៊ុកសម្តេច ហ៊ុន សែន)
៣.សៅផលនិស្ស័យ៖ វាមានការប្រជែងគ្នារវាងអាមេរិក និងចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដូច្នេះតើលោកយល់ថាកម្ពុជាគួរជ្រើសរើសរវាងមហាអំណាចអាមេរិក និងចិនទេ? ហើយមូលហេតុអ្វីដែរ?
៣.លោក ជឺនបូរាណ ច័ន្ទបូរី៖ ទាក់ទងនឹងសំណួរនេះ កម្ពុជាគួរបន្តធ្វើពិពិធកម្មទំនាក់ទំនងជាមហាអំណាចធំៗដើម្បីធានាឲ្យបាននូវសេរីភាព និង ការបត់បែនរបស់ខ្លួនបាន ទោះបីជាចិនហាក់បីដូចជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយដែលកម្ពុជាអាចពឹងពាក់បានដើម្បីធានាបូរណភាពដែនដី និងធានាពីការកសាងវិបុលភាពនៅក្នុងប្រទេសក៏ដោយ។ បើយើងត្រឡប់ទៅមើលទំនាក់ទំនងរវាងកម្ពុជាជាមួយអាមេរិកវិញ តិចឬច្រើនវាមានបញ្ហាប្រឈមមួយចំនួនដោយសារមរតកប្រវត្តិសាស្ត្រ, ការខ្វះការជឿទុកចិត្តគ្នារវាងរដ្ឋាភិបាលក្រុងភ្នំពេញនិងក្រុងវ៉ាស៊ីនតោន និង បញ្ហាការិយាធិបតេយ្យនៃនយោបាយអាមេរិក។ ដូច្នេះហើយវាជាផលប្រយោជន៍មួយសម្រាប់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយក្រុងវ៉ាស៊ីនតោនជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។
៤.សៅ ផលនិស្ស័យ៖ ប្រជាជនកម្ពុជា និងប្រជាជននានាក្នុងតំបន់ហាក់បីដូចជាមើលឃើញចិនក្នុងផ្លូវអវិជ្ជមាន។ តើសម្រាប់លោក មហាអំណាចចិនត្រូវធ្វើដូចម្តេចដើម្បីធ្វើឲ្យរូបភាពរបស់ខ្លួនប្រសើរឡើងនិងពង្រឹងអំណាច«ទន់»របស់ខ្លួនដើម្បីឲ្យគេជឿជាក់ថា ចិនជាមហាអំណាចដែលមានការទទួលខុសត្រូវខ្ពស់?
៤.លោក ជឺនបូរាណ ច័ន្ទបូរី៖វាមានការព្រួយបារម្ភច្រើនជុំវិញការវិនិយោគរបស់ក្រុមហ៊ុនចិនដែលភាគច្រើនពាក់ព័ន្ធឆន្ទៈក្នុងការគាំទ្រស្តង់ដាការងាររបស់កម្មករ, ការការពារបរិស្ថាន និងគុណភាពនៃការងារជាដើម។ ដូច្នេះហើយ ចិនគួរតែដោះស្រាយបញ្ហាទាំងនេះនិងបញ្ចប់រាល់ការបារម្ភទាំងអស់នោះផង។ មហាអំណាចចិនគួរតែជំរុញឲ្យគេជឿជាក់ថា ខ្លួនមិនមែនត្រឹមតែអាចមានលទ្ធភាពផ្តល់លុយសន្ធឹកសន្ធាប់ទេ តែប្រទេសនេះអាចផ្តល់ឲ្យនូវចំណេះដឹង ជំនាញបច្ចេកទេស និងបច្ចេកវិទ្យាជាដើមដែរ។
ជាទូទៅរូបភាពនិងកិត្តិនាមរបស់ចិនត្រូវបានគេបំភ្លៃដោយសារតែកង្វះឆន្ទៈក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងតួអង្គផ្សេងទៀតនៅប្រទេសដទៃ។ដូច្នេះហើយ វាជារឿងមួយល្អប្រសើរ បើសិនរដ្ឋាភិបាលក្រុងប៉េកាំងអាចមានលទ្ធភាពកែលម្អនយោបាយការបរទេសរបស់ខ្លួនឡើងវិញ៕