ជាតិ
នយោបាយជាតិ
ខ្លឹមសារថ្មីនៃច្បាប់បក្សនយោបាយ ដែលរដ្ឋសភាបានអនុម័ត ស្របតាមសភាពការណ៍ជាតិ លោក ឈាង វុន អ្នករដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា។ រូបថត ជា ធីរិទ្ធ
× ភ្នំពេញ៖ រដ្ឋសភា បានអនុម័តខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយហើយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ។ តំណាងរាស្ត្របក្សកាន់អំណាច លោក ឈាង វុន នៅតែអះអាងថា ការកែប្រែច្បាប់ខាងលើ ដើម្បីផលប្រយោជន៍ជាតិ និងស្របតាមសភាពការណ៍ជាតិបច្ចុប្បន្ន។ ប៉ុន្តែ តំណាងរាស្ត្របក្សប្រឆាំង យល់ឃើញផ្ទុយពីនេះ។
ច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ ត្រូវបានរដ្ឋសភា ធ្វើវិសោធកម្មហើយ តាមរយៈកិច្ចប្រជុំពេញអង្គវិសាមញ្ញ នៅព្រឹកថ្ងៃចន្ទទី ២០ ខែកុម្ភៈ។ កិច្ចប្រជុំអនុម័តលើខ្លឹមសារថ្មីនៃច្បាប់នេះ គឺមានតែវត្តមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដោយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលរួមពិនិត្យនិងអនុវម័តនោះទេ។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ លោក ឈាង វុន ប្រធានគណៈកម្មការជំនាញទី ៥ នៃរដ្ឋសភា បានលើកឡើងថា ច្បាប់ស្តីពីគណបក្សនយោបាយ ដែលមានអាយុកាល ២០ ឆ្នាំមកហើយនោះ មានភាពខ្វះចន្លោះ ដូច្នេះត្រូវតែមានការបំពេញបន្ថែម និងការកែប្រែ។ លោក បន្តទៀតថា ដោយសារតែច្បាប់ខាងលើ មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយបែបនេះហើយ ទើបបណ្តាលឲ្យគណបក្សនយោយបាយមួយចំនួន បង្កបញ្ហាជាច្រើនដល់ប្រទេសជាតិ។
បើតាមលោក ឈាង វុន មូលហេតុទាំងនេះ បានជំរុញឲ្យបក្សកាន់អំណាច ត្រូវតែធ្វើវិសោធនកម្មច្បាប់ខាងលើ ដើម្បីឲ្យសមស្របទៅនឹងសភាពការណ៍ប្រទេសជាតិនាពេលបច្ចុប្បន្ន និងដើម្បីផលប្រយោជន៍ជាតិ។ លោក សង្កត់ធ្ងន់ថា ខ្លឹមសារថ្មីនៃច្បាប់នេះ នឹងផ្តល់សិទ្ធិអំណាចដល់សមត្ថកិច្ចកាន់តែទូលំទូលាយ ក្នុងការគ្រប់គ្រងគណបក្សនយោបាយ។
សូមស្តាប់សំឡេងលោក ឈាង វុន
ក្រោយបញ្ចប់កិច្ចប្រជុំ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ បានឆ្លងកាត់ការសិក្សាយ៉ាងល្អិតល្អន់រួចរាល់ហើយ មុននឹងឈានដល់ការអនុម័តនាថ្ងៃនេះ។ លោក បន្ថែមថា ខ្លឹមសារថ្មីនៃច្បាប់នេះ មានលក្ខណៈពេញលេញ ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធិភាព ទៅលើគណបក្សនយោបាយនៅកម្ពុជា។
លោក ឡេង ប៉េងឡុង បានបដិសេធចំពោះការលើកឡើងថា ការកែប្រែច្បាប់ខាងលើ ដើម្បីគាបសង្កត់គណបក្សសង្គ្រោះជាតិ ឬគណបក្សណាមួយ។ លោក បញ្ជាក់ថា ក្រោយព្រះមហាក្សត្រ ឡាយព្រះហស្ថឲ្យប្រើប្រាស់ ច្បាប់នេះ នឹងត្រូវអនុវត្តទៅលើគ្រប់គណបក្ស។
សូមស្តាប់សំឡេងលោក ឡេង ប៉េងឡុង
ជានីតិវិធី រដ្ឋសភា ត្រូវបញ្ជូនខ្លឹមសារនៃច្បាប់នេះ ទៅឲ្យព្រឹទ្ធសភា ពិនិត្យ។ ក្រោយព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់ ហើយក៏យល់ស្របដែរនោះ រដ្ឋសភា នឹងបញ្ជូនខ្លឹមសារនៃច្បាប់ខាងលើ ទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ជាលើកចុងក្រោយ។ ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញ មិនជំទាស់នោះទេ រដ្ឋសភា ត្រូវថ្វាយខ្លឹមសារនៃច្បាប់ ទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ។ ក្រោយព្រះមហាក្សត្រ ឡាយព្រះហស្ថរួចហើយ ច្បាប់នេះ ត្រូវចូលជាធរមាន។ ទាំងនេះ គឺជាការពន្យល់របស់អ្នកនពាក្យរដ្ឋសភាដដែល។
គណបក្សសង្គ្រោះជាតិ បានចាត់ទុកការកែប្រែច្បាប់ស្តីពី គណបក្សនយោបាយថា ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយអាចនាំឲ្យប្រទេសជាតិ មានការបែកបាក់។ បក្សប្រឆាំងដ៏ធំមួយនេះ ថែមទាំងលើកឡើងទៀតថា ការកែប្រែច្បាប់ខាងលើ គឹផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ។
កន្លងមក គណបក្សសង្គ្រោះជាតិ ធ្លាប់ស្នើឲ្យគណបក្សបក្សប្រជាជនកម្ពុជា បង្អង់ការកែប្រែច្បាប់នេះ។ គណបក្សសង្គ្រោះជាតិ បានលើកហេតុផលថា ការធ្វើច្បាប់នីមួយៗ ត្រូវការពេលវេលាឲ្យបានគ្រប់គ្រាន់ និងមានការចូលរួមផ្តល់យោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សជាង៧០ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា រួមទាំងក្រុមសង្គមស៊ីវិល ផងដែរ។
ប៉ុន្តែសំណើរបស់បក្សប្រឆាំង ត្រូវបានបក្សកាន់អំណាចច្រានចោល។ បក្សកាន់អំណាច ឆ្លើយតបវិញថា ការជជែកគ្នារវាងបក្សកាន់អំណាចនិងបក្សប្រឆាំង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គឺគ្រប់គ្រាន់ហើយ សម្រាប់ការធ្វើវិសោធកម្មច្បាប់នេះ។ ម្យ៉ាងទៀត បក្សកាន់អំណាច ថែមទាំងបញ្ជាក់ថា ខ្លួនបានសិក្សាយ៉ាងស៊ីជម្រៅរួចហើយ មុននឹងបញ្ជូន សំណើសុំឲ្យកែប្រែច្បាប់នេះ ទៅរដ្ឋសភា។
ដោយសារតែការកែប្រែច្បាប់នេះ ឯកឧត្តម សម រង្ស៊ី ក៏សម្រេចចិត្តលាលែងពីប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ។ ឯកឧត្តម សម រង្ស៊ី ដែលកំពុងរស់នៅឯបរទេស ទំនងជាដឹងខ្លួនថា មុនឬក្រោយ គង់តែបាត់បង់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិ ដដែលទេ។ មូលហេតុនោះ គឺថា ខ្លឹមសារថ្មីនៃច្បាប់នេះ បានកំណត់ថា ទណ្ឌិតមិនអាចមានសិទ្ធិធ្វើជាប្រធានគណបក្សឡើយ ហើយបច្ចុប្បន្ននេះ ឯកឧត្តម សម រង្ស៊ី បានក្លាយជាទណ្ឌិតបាត់ទៅហើយ តាមរយៈការកាត់ទោសរបស់តុលាការកម្ពុជា។
ឯកឧត្តម សម រង្ស៊ី បានប្រកាសថា ការបោះបង់តំណែងជាប្រធាន គឺដើម្បីការពារគណបក្សសង្គ្រោះជាតិ កុំឲ្យរងគ្រោះដោយសារតែខ្លួន។ ឯកឧត្តម សម រង្ស៊ី ថែមទាំងលើកពីគុណសម្បត្តិរបស់ផងដែរថា ឯកឧត្តម សុខចិត្តបោះបង់តំណែង ឲ្យជាតិគង់វង្ស។
ចំណែកអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន ក៏ធ្លាប់រិះគន់ដែរថា ការកែប្រែច្បាប់នេះ គឺដើម្បីផាត់ឯកឧត្តម សម រង្ស៊ី ចេញពីឆាកនយោបាយនៅកម្ពុជា និងដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិ។ ពួកគេ ហាក់មិនជឿថា ការធ្វើវិសោធកម្មច្បាប់ខាងលើ ដើម្បីប្រយោជន៍ជាតិនោះទេ។
មាត្រាថ្មីមួយចំនួន ត្រូវបានបញ្ចូលទៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយ។ យោងតាមមាត្រាថ្មីទាំងនោះ ទណ្ឌិត មិនត្រូវបានអនុញ្ញាតឲ្យធ្វើជាប្រធាននិងអនុប្រធានគណបក្សនោះទេ។ ជាងនេះទៀត គណបក្សណាមួយដែលប្រព្រឹត្តខុសច្បាប់ធ្ងន់ធ្ងរ នឹងត្រូវរំលាយចោលតែម្តង។
មាត្រា១៨ បានសរសេរថា៖«ប្រធាននិងអនុប្រធាន នៃគណបក្សនយោបាយ និងសមាជិកនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវបាត់បង់តួនាទី ក្នុងករណី ដែលសាមីខ្លួន ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទឧក្រិដ្ឋ ឬបទមជ្ឈិម»។
ចំណែកមាត្រា ៣៨ បានកំណត់ថា៖«ក្រសួងមហាផ្ទៃ អាចចាត់វិធនាការ ដោយប្តឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយណាមួយ ក្នុងករណីកំហុសមានលក្ខណធ្ងន់ធ្ងរ»។
រីឯមាត្រា ៤៥ បានចែងថា៖«ក្នុងករណី ដែលគណបក្សនយោបាយ ត្រូវបានរំលាយ តុលាការអាចសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយរបស់ថ្នាក់ដឹកនាំនៃគណបក្សនយោបាយនោះ សម្រាប់រយៈពេល ៥ឆ្នាំ»។
សូមរម្លឹកថា ការកែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ធ្វើឡើងតាមសំណើរបស់សម្តេច ហ៊ុន សែន។ សំណើរបស់សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងកាលពីចុងខែមករា ហើយនៅថ្ងៃទី២០ ខែកុម្ភៈនេះ អត្ថបទថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ ក៏ត្រូវបានអនុម័ត។ បើគិតទៅ ការកែប្រែច្បាប់នេះ មានរយៈពេលមិនទៅដល់មួយខែនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com