ជាតិ
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ធ្លាក់ខ្លួនឈឺ និងប្រកាសលាលែងពីតំណែង
× លោក បេអាត រិចឆ្នឺរ ស្ថាបនិក និងជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា កំពុងធ្លាក់ខ្លួនឈឺ និងបានប្រកាសលាលែងពីតំណែងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក បេអាត រិចឆ្នឺរ។ បើតាមសេចក្តីប្រកាសព័ត៌មាននោះ លោក ភីតធឺរ ស្ទូដឺរ ដែលជាអនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា នឹងជំនួសតំណែង លោក បេអាត រិចឆ្នឺរ។
តាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៨ ខែមីនានេះ បានសរសេរដូច្នេះថា៖«លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាកំពុងមានជំងឺជាទម្ងន់។ ហេតុដូច្នេះហើយ លោក នឹងលាលែងពីតំណែងជាអ្នកគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីពេលនេះតទៅ»។
លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និងសមាជិក្រុមប្រឹក្សាភិបាលទាំងអស់ ក៏បានបញ្ជាក់ និងធានាដែរថា មន្ទីរពេទ្យនេះ នឹងបន្តដំណើរការទៅមុខដោយឯករាជ្យដូចពីមុន ជាមួយនឹងបុគ្គលិកទាំង២,៥០០នាក់ ពោលគឺជាមន្ទីរពេទ្យដែលផ្តល់សេវាកម្មថែទាំសុខភាពកុមារ និងមាតា ដោយមិនគិតប្រាក់ និងគុណភាពខ្ពស់។ ជាមួយគ្នានោះ ការអប់រំ និងបណ្តុះបណ្តាលវេជ្ជបណ្ឌិតខ្មែរ នឹងបន្តធ្វើឡើងដោយ លោក វេជ្ជបណ្ឌិត ហ្វីលីច សែនហូស័រ ដែលជាប្រធានមហាវិទ្យាល័យពេទ្យកុមារនៅហ្ស៊ូរិច និងក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់មូលនិធិគន្ធបុប្ផាដែរ។
មូលនិធិគន្ធបុប្ផា និងរដ្ឋាភិបាលស្វីសតាមរយៈភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់ស្វីស និងសហការជាមួយព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ក៏ដូចជារដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការលើចីរភាពហិរញ្ញវត្ថុរយៈពេលវែងរបស់មន្ទីរពេទ្យនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល ដែលបន្តថា ដរាបណាការគាំទ្រហិរញ្ញវត្ថុរយៈពេលវែងត្រូវបានធានា មន្ទីរពេទ្យគន្ធបុប្ផា គឺពឹងផ្អែកលើជំនួយសប្បុរសជនយ៉ាងខ្លាំង។ ថវិកាទាំងអស់ គឺមានសារៈសំខាន់សម្រាប់ការជួយជីវិតមនុស្ស។
សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ចំនួន៥៦៣លានដុល្លារហើយ ក្នុងបេសកកម្មសង្គ្រោះជីវិតកុមារក្រីក្ររបស់កម្ពុជា។ ក្នុងចំណោមថវិកាទាំងអស់ មាន៨៦,៤ភាគរយ ជាវិភាគទានសប្បុរសជនដែលភាគច្រើនមកពីប្រជាជនរស់នៅក្នុងប្រទេសស្វីស ចំនួន៤,៧ភាគរយ បានមកពីវិភាគទានរបស់រាជរដ្ឋាភិបាលកម្ពុជា និង៨,៩ភាគរយ បានមកពីការចូលរួមវិភាគទានរបស់រាជរដ្ឋាភិបាលស្វីស។
បើផ្អែកលើរបាយការណ៍របស់មន្ទីរពេទ្យ ក្នុងរយៈពេល២៤ឆ្នាំមកនេះ មានកុមារឈឺចំនួន១៤,៨៣៧,១៥៥ នាក់ ដែលបានទទួលការពិនិត្យ ព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងកុមារដែលមានជំងឺ និងរបួសធ្ងន់ៗ មានចំនួន១,៥១៦,៤៧១នាក់ ត្រូវបានជួយសង្គ្រោះ និងបានជាសះស្បើយនៅ មន្ទីរពេទ្យគន្ធបុប្ផា។ របាយការណ៍ដដែលនោះ បន្តថា៨០ភាគរយនៃកុមារដែលមានជំងឺធ្ងន់ធ្ងរទាំងនោះ នឹងគ្មានសំណាងល្អឡើយប្រសិនបើមិនបានដាក់ឲ្យសម្រាកនៅមន្ទីរពេទ្យទេនោះ។ សម្រាប់ផ្នែកសម្ភពវិញ មានស្ត្រីចំនួន១៩២,៨៩៧នាក់មកសម្រាលកូន និងមានការពិនិត្យ តាមដានផ្ទៃពោះចំនួន ១,៣៩០,៣២៣ដង នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃសម្ភព បច្ចុប្បន្ន មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាបានចំណាយថវិកា ចំនួន១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់ កុមារកម្ពុជា៕
Tag:
បេអាត រិចឆ្នឺរ
គន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com