ជាតិ
មេបក្ស​ប្រឆាំង​ថា ការ​គំរាម​របស់​អ្នកនយោបាយ​ស្មើនឹង​ការ​ហែក​សន្លឹកឆ្នោត​ចោល
23, May 2017 , 8:29 pm        
រូបភាព
ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានលើកឡើងថា ​​​ការប្រើ​សារ​បែប​គំរាមកំហែង ពី​សំណាក់​អ្នកនយោបាយ ស្មើនឹងការហែកសន្លឹកឆ្នោតចោល។ប្រធាន​គណបក្សប្រឆាំងធំជាងគេនៅកម្ពុជារូបនេះ បន្ថែមទៀតថា ការ​ការពេញចិត្ត ឬ​មិន​ពេញចិត្ត ចំពោះ​ការគំរាមកំហែង​របស់​អ្នកនយោបាយ នឹង​បង្ហាញ​នៅ​ថ្ងៃ​បោះឆ្នោត។


 
ទោះជា​មិន​និយាយចំៗក្តី តែ​ឯកឧត្តម កឹម សុខា ហាក់​ចង់​បញ្ជាក់​ន័យ​ថា អ្នកនយោបាយ​ដែល​ចូលចិត្ត​ប្រើ​សារ​គំរាមកំហែង នឹងមិន​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ឡើយ។ ឯកឧត្តម កឹម សុខា បានចាត់ទុក ការគំរាមកំហែង​រប​ស់​អ្នកនយោបាយ ថា​ស្មើនឹង​ការ​ហែក​សន្លឹកឆ្នោត​ចោល។ 
 
មេបក្ស​សង្គ្រោះ​ជាតិ​រូបនេះ និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ យល់ថា​ប្រជាពលរដ្ឋ ជា​អ្នក​កាត់ទោស នៅ​ថ្ងៃ​បោះឆ្នោត​ហ្នឹងហើយ។ សារ​ណា សម្តី​ណា​ល្អ មិនល្អ អ្នកដឹកនាំ​ណា និយាយ​គំរាម មិន​គំរាម សូម​ឲ្យ​ជនរួមជាតិ​ខ្មែរ ដែលជា​ម្ចាស់ឆ្នោត ធ្វើការ​កាត់ក្តី​តាមរយៈ​សន្លឹកឆ្នោត នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១។ បញ្ហា​ហ្នឹង ខ្ញុំ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកកាត់ក្តី​ចុះ។ ប្រសិនបើ​គេ ធ្វើ​កាន់តែ​ខុស ដូច​គេ​ហែក​សន្លឹកឆ្នោត​ខ្លួនឯង ចោល​អ៊ីចឹង»។
 
ការលើកឡើង​ដូច្នេះ គឺ​តប​នឹង​អ្នកសារព័ត៌មាន​ដែល​សួរថា «តើ​ឯកឧត្តម យល់ឃើញ​យ៉ាងណា ចំពោះ​សារ​គំរាមកំហែងផ្សេងៗ របស់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ?» អ្នកសារព័ត៌មាន បាន​ស្កាត់​សួរ ក្រោយ​ឯកឧត្តម កឹម សុខា បញ្ចប់​ការ​ថ្លែង​សារ​ពី​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ទៅកាន់​អ្នកគាំទ្រ និង​សកម្មជន នៅក្នុង​យុទ្ធនាការ​នៃ​ការឃោសនា​រក​សំឡេងឆ្នោត នៅ​ខេត្តពោធិ៍សាត់ នា​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២0១៧នេះ៕
 
 

Tag:
 កឹម សុខា
 ហុន សែន
 បោះឆ្នោត​ឃុំ-សង្កាត់
 គំរាម
© រក្សាសិទ្ធិដោយ thmeythmey.com