ជាតិ
នយោបាយជាតិ
សង្គ្រោះជាតិ ដង្ហែក្បួនឃោសនាធំចុងក្រោយ ក្នុងរាជធានីភ្នំពេញ ដោយមិនមានការចូលរួមពីប្រធាន
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២0១៧នេះ គណបក្សសង្គ្រោះជាតិ បានដង្ហែក្បួនឃោសនាធំម្តងទៀត នៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកគាំទ្រនិងសកម្មជនជាច្រើនពាន់នាក់ បានចូលរួម ។
ឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ មិនមានវត្តមានក្នុងពិធីដង្ហែក្បួនឃោសនានេះឡើយ។ ខណៈនេះ ឯកឧត្តម កឹម សុខា កំពុងតែឃោសនារកសំឡេងឆ្នោត នៅក្នុងខេត្តព្រៃវែង ឯណោះ។ ក្នុងកម្មវិធីរបស់ខ្លួន ឯកឧត្តម កឹម សុខា ត្រូវចុះឲ្យដល់ ២៥រាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីឃោសនារកសំឡេងឆ្នោត។
ក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិលើកចុងក្រោយនេះ គឺចាប់ផ្តើមដង្ហែចេញពីវត្តពោធិយារាម ហៅវត្តចាស់ ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ។ តាមការគ្រោងទុក អ្នកចូលរួមដង្ហែក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នឹងទៅជួបជុំគ្នា នៅម្តុំសណ្ឋាគារ INTERCONTINENTAL ហើយនឹងរំសាយនៅទីនោះតែម្តង។
នេះ ជាលើកចុងក្រោយហើយ ដែលគណបក្សសង្គ្រោះជាតិ ដង្ហែក្បួនធំក្នុងរាជធានីភ្នំពេញ ដើម្បីឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាអាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២0១៧។ គណបក្សសង្គ្រោះជាតិ បានដង្ហែក្បួនឃោសនាធំ ក្នុងរាជធានីភ្នំពេញជាលើកទីមួយ កាលពីថ្ងៃទី២0 ខែឧសភា ឆ្នាំ២0១៧។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្តល់រយៈពេលត្រឹម១៤ថ្ងៃ ឲ្យគណបក្សនយោបាយ ដើម្បីឃោសនារកសំឡេងឆ្នោត។ ហើយក្នុងរយៈពេល១៤ថ្ងៃនោះ គណបក្សនយោបាយ អាចដង្ហែក្បួនឃោសនា លើដងផ្លូវ ទីសាធារណៈ និងកន្លែងប្រជុំជននានា បានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ៕
Tag:
បោះឆ្នោតឃុំ-សង្កាត់
CNRP
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com