កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal, Barcelona, Dortmund និង PSG ឈ្នះ Cup ក្រោយខកចិត្តក្នុង League
× កាលពីរាត្រីថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យ ក្លិប Arsenal, Barcelona, Borussia Dortmund និង Paris Saint-German បានឈ្នះ Cup ប្រចាំប្រទេសរៀងៗខ្លួន បន្ទាប់ពួកគេសុទ្ធតែខកចិត្តក្នុងការប្រកួតប្រជែងក្របខណ្ឌកំពូល។ សម្រាប់ Arsenal នេះជាពានរង្វាន់លួងចិត្តក្រុមអ្នកគាំទ្រ បន្ទាប់ពីពួកគេជាប់ត្រឹមចំណាត់ថ្នាក់លេខ៥ក្នុង Premier League ខណៈ Barcelona, Dortmund និង PSG សុទ្ធតែមានកៅអីនៅ Champions League នារដូវកាលក្រោយ។
Arsenal បានឈ្នះពាន FA Cup ជាលើកទី១៣ ក្រោយឈ្នះChelsea ២-១ នៅកីឡដ្ឋាន Wembly។ វាក៏ជាការឈ្នះពានលើកទី៧ផងដែររបស់អ្នកចាត់ការទូទៅលោក Arsene Wenger។ គ្រាប់បាល់បញ្ចូលទីរបស់កាំភ្លើង ធ្វើសម្រេចបានដោយ Alexis Sanchez និង Aaron Ramsey ខណៈ១គ្រាប់របស់ Chelsea ដែលមានគ្នាត្រឹម១០នាក់ រកបានដោយ Diego Costa។ នៅក្នុងក្របខណ្ឌ Premier League តោខៀវ Chelsea ជាម្ចាស់ជើងឯក រីឯកាំភ្លើងធំ Arsenal ខកចិត្តបានត្រឹមលេខ៥ ដោយធ្លាក់ទៅដណ្តើមពានរង្វាន់ Europa League នារដូវកាលក្រោយ។
នៅកីឡដ្ឋាន Estadio Vicente Calderon ក្រុងម៉ាឌ្រីត Barcelona បានយកឈ្នះ Alavés ៣-១ ដើម្បីលើកពាន Copa del Rey ជាលើកទី២៩ និងជាការដណ្តើម៣រដូវកាលជាប់ៗគ្នារបស់ក្លិបយក្សមួយនេះ ក្រោមការដឹកនាំរបស់លោក Luis Enrique។ ការស៊ុតបាល់បញ្ចូលទីសុទ្ធតែកើតឡើងនៅក្នុងតង់ទីមួយ។ Lionel Messi, Neymar និង Paco Alcacer សម្រេចផលឲ្យ Barcelona រីឯ Theo Hernandez រកបង្គ្រប់កិច្ចឲ្យ Alaves។ ក្នុងក្របខណ្ឌ La Liga ក្លិប Barcelona បានលេខ២ ដោយចាញ់ Real Madrid ៣ពិន្ទុ ចំណែក Alaves ស្ថិតនៅលេខ៩ ។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន DFB-Pokal Cup របស់អាល្លឺម៉ង់ឯណោះវិញ Borussia Dortmund បានយកឈ្នះ Einstracht Frankfurt ២-១ នៅកីឡដ្ឋាន Olympiastadion ក្នុងក្រុងប៊ែរឡាំង។ Pierre-Emerick Aubameyang បានស៊ុតបាល់បញ្ចូលទីនៅក្នុងតង់ទីពីរនាំជ័យជម្នះសម្រាប់ Dortmund បន្ទាប់ពីក្រុមទាំងពីរស្មើគ្នា ១-១ នៅ៤៥នាទីដំបូង ដោយ Ousmane Dembele រកគ្រាប់បើកឆាកឲ្យ Dortmund ដែលជាប់លេខ៣ក្របខណ្ឌ Bundesliga មុនពេល Ante Rabic តាមស្មើសម្រាប់ក្រុមលេខ១១ Eintracht Frankfurt។
ក្នុងការប្រកួតដណ្តើមពានរង្វាន់ Coupe de France នៅកីឡដ្ឋាន Stade de France របស់បារាំង Paris Saint-Germain ឈ្នះពាននេះជាលើកទី១១ ដែលជាកំណត់ត្រាពិសេស ហើយវាក៏ជាការដណ្តើមបានរយៈពេល៣រដូវកាលជាប់ៗគ្នាផងដែរ។ PSG ត្រូវអរគុណខ្សែការពារ Issa Cissokho នៃក្លិប Angers ដែលភ្លាត់តែតបាល់បញ្ចូលទីខ្លួនឯងនៅនាទីបន្ថែម។ នេះជាលើកទីពីរហើយ ដែល PSG ឈ្នះពាន Coupe de France ដោយគ្មានការធ្លាយសំណាញ់មួយគ្រាប់សោះក្នុងយុទ្ធនាការប្រកួតជម្រុះរបស់ខ្លួន។ ក្នុងក្របខណ្ឌ Ligue 1 ក្លិប PSG ជាប់លេខ២ រីឯ Angers ស្ថិតនៅលេខ១២ ។
នៅអ៊ីតាលី Juventus ក្រោមការដឹកនាំរបស់លោក Massimiliano Allegri បានលើកពានរូចទៅហើយ ទាំងក្របខណ្ឌកំពូល Serie A និងពាន Coppa Italia។
ជាមួយគ្នានេះផងដែរ អតីតគ្រូបង្វឹក Liverpool លោក Brendan Rodgers ដែលបានជួយឲ្យ Celtic លើកពាន Scottish Premiership និង Scottish League Cup នោះ បន្តជោគជ័យដ៏ធំធេងបន្ថែមទៀត តាមរយៈការដណ្តើមបានពាន Scottish Cup ក្រោយឈ្នះ Aberdeen ២-១ ។ នេះជាការឈ្នះពាន Scottish Cup លើកទី៣៧របស់ក្លិបកំពូលស្កុតឡែន Celtic ៕
© រក្សាសិទ្ធិដោយ thmeythmey.com