ជាតិ
សត្វ​ពពូលទឹក​ជិត​ផុត​ពូជ​នៅ​កម្ពុជា ត្រូវបាន​រកឃើញ​នៅ​ខេត្តព្រះវិហារ
20, Jul 2017 , 9:39 pm        
រូបភាព
ដោយ:
​​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) បាន​រកឃើញ សត្វ​ពពូលទឹក ជា​លើកដំបូង​នៅ​ខេត្តព្រះវិហារ សម្រាប់​រយៈពេល​៤​ឆ្នាំ​ចុង​ក្រោយនេះ​។ សត្វ​ពពូលទឹក​នេះ ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែលជា​ប្រភេទ​សត្វ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក​។​



​សំបុក​ពង​កូន​សត្វ​ពពូលទឹក ត្រូវបាន​ក្រុម​អ្នក​អភិរក្ស​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​ប្រជា​សហគមន៍ បាន​រកឃើញ នៅតាម​ដងស្ទឹង​មេម៉ាយ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព​ខេត្តព្រះវិហារ ដែលជា​ទីតាំង​ពង​កូន​តែមួយគត់ នៅក្នុង​ប្រទេស​កម្ពុជា​។



​សត្វ​ពពូលទឹក​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា បង់​ក្លា​ដេ​ស ឥណ្ឌា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន​ម៉ា សិង្ហបូរី ថៃ និង​វៀតណាម ជាដើម​។ សត្វ​ស្លាប​កម្រ​ប្រភេទ​នេះ មាន​ចំនួន​១០០០​ក្បាល​ប៉ុណ្ណោះ នៅលើ​សកលលោក ។ ហើយ​សត្វ​ស្លាប​នេះ វា​មាន​ចំនួន​តិចតួច​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។   នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS នៅ​ថ្ងៃទី​២០ កក្កដា​។​

​ទីប្រឹក្សាបច្ចេកទេស​ប្រចាំ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​អង្គការ WCS លោក Alistair Moul បានបញ្ជាក់​ដូច្នេះ​ថា​៖«​សត្វ​ពពូលទឹក គឺជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ នៅលើ​សកលលោក និង​ជា​ប្រភេទ​ដ៏​កម្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការការពារ​ទីជម្រក​នៅតាម​មាត់ទន្លេ និង​តាម​ប្រភពទឹក ដូចជា​នៅ​ស្ទឹង​មេម៉ាយ​ជាដើម ពិតជា​ចាំបាច់​ខ្លាំងណាស់ ដើម្បី​ធានា​ដល់​ការរស់រាន នៃ​ចំនួន​សេសសល់​រប​ស់វា​នៅ​កម្ពុជា​»​។​



​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​បន្តថា តំបន់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា រួមទាំង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ពេ​ទ ដែនជម្រកសត្វព្រៃ​រកា និង ដែនជម្រកសត្វព្រៃ​ឆែប គឺជា​កន្លែង​រស់នៅ​រប​ស់​សត្វ​ស្លាប​ប្រភេទ​រងគ្រោះ​ជាច្រើន​ប្រភេទ​។ សត្វ​ស្លាប​ទាំងនោះ​រួមមាន ត្រ​យ៉ង​យ​ក្យ ត្រ​យ៉ង​ចង្កំ​កស និង​សត្វ​ត្មាត​បី​ប្រភេទ សត្វ​ទាព្រៃ​ស្លា​បស និង​សត្វ​ពពូលទឹក សត្វ​ទាំងអស់នេះ​សុទ្ធតែជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សកលលោក​៕​

Tag:
 WCS
 ​ សត្វ​ពពូលទឹក
  ខេត្តព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com