អន្តរជាតិ
កូរ៉េខាងត្បូង​ចង់​ចាប់ផ្តើម​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយ​កូរ៉េខាងជើង​ឡើងវិញ​ដើម្បី​ដោះស្រាយ​ជម្លោះ​
20, Jul 2017 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កូរ៉េខាងត្បូង​មាន​គម្រោង​ចាប់ផ្តើម​កិច្ចសហការ​សេដ្ឋកិច្ច​ជាមួយនឹង​កូរ៉េខាងជើង​ឡើងវិញ​ដោយ​បើក​ឡើងវិញ​នូវ​តំបន់ឧស្សាហកម្ម និង​ដំណើរការ​សកម្មភាព​ទេសចរណ៍ រួមទាំង​បង្កើត​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ទ្វេភាគី​ថ្មី​មួយទៀត​ផងដែរ​។​



​ថ្ងៃ​ពុធ​ទី​១៩​ខែកក្កដា រដ្ឋាភិបាល​កូរ៉េ​ថ្មី​របស់លោក មូ​ន ចេ​អ៊ី​ន បានបង្ហាញ​ផែនការ​ក្នុងការ​ចាប់ផ្តើម​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយនឹង​កូរ៉េខាងជើង​ឡើងវិញ និង​ប្តេជ្ញា​បង្កើត​កិច្ចព្រមព្រៀង​គ្រប់គ្រង​ទំនាក់ទំនង​ទ្វេភាគី​ថ្មី​មួយទៀត​ផងដែរ​។​

​ផែនការ​នេះ​មានកំណត់​ក្នុង​គោលនយោបាយ​គ្រប់គ្រង​រដ្ឋ​មាន​រយៈពេល​ប្រាំ​ឆ្នាំ​របស់លោក មូ​ន ចេ​អ៊ី​ន   មានបំណង​សំខាន់​ស្ដារ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំងពីរ​ឡើងវិញ ហើយ​លោក​ក៏​ព្យាយាម​បង្កើត​ផែនទី​សេដ្ឋកិច្ច​ថ្មី​ក្នុង​ឧបទ្វីប​កូរ៉េ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ផងដែរ​។​

​ផែនទី​សេដ្ឋកិច្ច​ថ្មី​នេះ​រួមមាន​ការបង្កើត​ខ្សែក្រវ៉ាត់​សេដ្ឋកិច្ច​បី​ខ្សែ ក្នុងនោះ​មាន​ខ្សែក្រវ៉ាត់​ថាមពល​នៅ​សមុទ្រ​ខាងកើត ខ្សែក្រវ៉ាត់​ភស្ដុភារ​នៅ​សមុទ្រ​ខាងលិច និង​ខ្សែក្រវ៉ាត់​ទេសចរណ៍​នៅ​តំបន់​គ្មាន​ទ័ព​ដែល​បែក​ចែក​កូរ៉េ​ជា​ពីរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន ស៊ិន​ហួរ កូរ៉េខាងត្បូង​នឹង​ស្ដារ​ទំនាក់ទំនង​សេដ្ឋកិច្ច​ឡើងវិញ​ដោយ​បើក​ដំណើរការ​រោងចក្រ​ឧស្សា​កម្ម​នៅ​តំបន់ Kaesong​។ រោងចក្រ​នេះ​ត្រូវបាន​បិទ​ដោយ​រដ្ឋាភិបាល​មុន​បន្ទាប់ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤ នៅ​ដើមខែ​មករា​ឆ្នាំ​២០១៦​។​

​ក្រៅពី​មាន​គម្រោង​ចាប់ផ្តើម​ដំណើរការ​តំបន់ឧស្សាហកម្ម​ឡើងវិញ កូរ៉េខាងត្បូង​ក៏មាន​គោលបំណង​ចាប់ផ្តើម​សកម្មភាព​ទេសចរណ៍​ភ្នំ Kumgang ឡើងវិញ​ដូចគ្នា​។ តំបន់​ទេសចរណ៍​ភ្នំ​Kumgang​ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​១៩៩៨ ហើយ​វា​ក៏ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​ក្នុង​ខែ កក្កដា ឆ្នាំ​២០០៨​។ មូលហេតុ​មកពី​ទាហាន​កូរ៉េខាងជើង​បាន​បាញ់សម្លាប់​ស្ដ្រី​ទេសចរ​កូរ៉េខាងត្បូង​ម្នាក់​ដោយ​ចោទថា​អ្នកទេសចរ​នោះ​ដើរចូល​កន្លែង​ហាមឃាត់ ។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ក៏មាន​គោលបំណង​ស្ដារ​ពិភាក្សា​ឡើងវិញ​ដោយ​ផ្តោតលើ​កិច្ចការ​ជួយសង្គ្រោះ​មនុស្សធម៌ និង​ទំនាក់ទំនង​យោធា កីឡា រួមទាំង​ការផ្លាស់ប្ដូរ​វប្បធម៌ និង​កិច្ចសហការ​សេដ្ឋកិច្ច​ដែរ​។​

​កូរ៉េខាងត្បូង​ក៏​នឹង​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​ថ្មី​មួយទៀត ដោយ​រដ្ឋាភិបាល​លោក មូ​ន ចេ​អ៊ី​ន នឹង​ប្រឹងប្រែង​ស្វែងរក​ការគាំទ្រ​ពី​សភាជាតិ និង មហាសន្និបាត​អង្គការសហប្រជាជាតិ​ផង​ដេរ​។​

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​ខែកក្កដា​កូរ៉េខាងត្បូង​ស្នើ​កិច្ចសន្ទនា​ទ្វេភាគី​ពី​ការបង្រួបបង្រួម​គ្នា​និង​កិច្ចការ​យោធា ប៉ុន្តែ​កូរ៉េខាងជើង​មិនទាន់​ឆ្លើយតប​នៅឡើយ​ទេ​៕


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com