ជាតិ
វត្ត​ខ្មែរ​នៅ​រដ្ឋ​ចរចា​ជួយ​ពង្រឹង​ប្រពៃណី​វប្បធម៌​និង​អក្សរសាស្ត្រ​ជាតិ
26, Jul 2017 , 8:59 pm        
រូបភាព
«វត្តខ្មែរ​ចរចា‍»​ គឺជា​វត្ត​ដ៏ចំណាស់​មួយ ស្ថិត​នៅ​ភាគខាង​កើត​ទីក្រុង​អាត្លង់តា រដ្ឋចរចា សហរដ្ឋ​អាមេរិក។ (ពិន ស៊ីសុវណ្ណ/VOA)
«វត្តខ្មែរ​ចរចា‍»​ គឺជា​វត្ត​ដ៏ចំណាស់​មួយ ស្ថិត​នៅ​ភាគខាង​កើត​ទីក្រុង​អាត្លង់តា រដ្ឋចរចា សហរដ្ឋ​អាមេរិក។ (ពិន ស៊ីសុវណ្ណ/VOA)
ដោយ:
ទីក្រុង​អា​ត្ល​ង់​តា រដ្ឋ​ចរចា ៖ «​វត្ត​ខ្មែរ​ចរ​ច‍ា​» គឺជា​វត្ត​ដ៏​ចំណាស់​មួយ​ដែលជា​ទីសក្ការៈ​សម្រាប់​ស​ហគ​មន៍​ខ្មែរ​នៅទីនេះ​គោរពបូជា​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។​



​ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​អា​ត្ល​ង់​តា វត្ត​នេះ​បានកកើតឡើង​ដំបូង​គេ​ក្នុងចំណោម​វត្ត​ទាំង​៥​នៅក្នុង​រដ្ឋ​ចរចា សហរដ្ឋអាមេរិក​។​

​លោក សេង ប៊ុន​ថៃ ជាទី​ប្រឹក្សា​ពុទ្ធិកៈ​សមាគម​វត្ត​ខ្មែរ​ចរចា​តាំងពី​ឆ្នាំ​១៩៨៧៖

«​គោលបំណង​វត្ត​ចរចា​យើង​ចាប់ផ្តើម​មុនដំបូង គឺ​យើង​អប់រំ​ដើម្បី​ខ្មែរ​យើង​ឱ្យ​ចេះ​ស្រឡាញ់​រក្សា​ពុទ្ធសាសនា​។ នេះ​ទីមួយ​។ ទី​ពីរ យើង​រក្សា​បុណ្យ​ទំនៀមទម្លាប់​ប្រពៃណី​សម្រាប់​អ្នក​ជឿ​ព្រះពុទ្ធសាសនា​។ ហើយ​ទី​បី គឺ​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ក្មេងជំនាន់ក្រោយ គឺ​អប់រំ​ឱ្យ​ចេះ​ធ្វើបុណ្យ​ឱ្យ​ចេះ​ស្រឡាញ់​ចាស់​ស្រឡាញ់​ទុំ វា​ជា​ផ្នែក​មួយ​ដែល​យើង​ធ្វើ​ពី​ចាស់​ទៅ​ទៅ​ក្មេងៗ​ជំនាន់​ក្រោ​យ‍​»​។​

​វត្ត​ខ្មែរ​ចរចា ក៏បាន​ដើរតួនាទី​ជួយ​ដល់​ការលើកកម្ពស់​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​ផងដែរ​។​

​ព្រះ​តេជគុណ ប្រាជ្ញ សារ៉ាន់ ព្រះចៅអធិការ វត្ត​ខ្មែរ​ចរចា ពន្យល់​ពី​កិច្ចការ​ក្នុងពេល​បច្ចុប្បន្ន​និង​កន្លងមក​៖

«​គឺ​បាន​ជួយ​ដល់​ពួក​កូនចៅ​របស់​ពុទ្ធប​រិ​ស័​ទ​ទាំង​ផ្នែក​ការធ្វើ​បុណ្យទាន​តាមរយៈ​មាតា​បី​តា​ដែល​អញ្ជើញ​មក​វត្ត​ក្តី ក៏ដូចជា​តាមរយៈ​ការផ្សព្វផ្សាយ​ទៅតាម​ទី​បុញ្ញកម្ម​ផ្សេងៗ​ដែលមាន​តាម​គេហដ្ឋាន​ដែលមាន​ដូចជា ពិធីបុណ្យ ពិធី​អាពាហ៍ពិពាហ៍ ឬក៏​ពិធី​សង្គម​ដែល​បង្កើតជា​ទិវា​កម្ពុជា ឬ​ក្រុង​ខ្មែរ ឬ​សមាគម ដូចជា​សកម្មភាព​បុណ្យ​អុំទូក​ជាដើម យើង​ក៏បាន​បញ្ជ្រាប​កិច្ចការ​ហ្នឹង​រួម ដើម្បីឱ្យ​កូន​ខ្មែរ​ហ្នឹង​បានគិត​ឃើញថា​ព្រះសង្ឃ​ពុំមាន​តួនាទី​តែ​ប្រតិបត្តិ​ព្រះធម៌​នៅក្នុង​វត្ត​យក​និ​ពាន្ធ​យក​សួ​គិ៍​ទេ គឺ​បាន​ជួយ​ក្នុង​បច្ចុប្បន្ន​នេះដែ​រ‍​»​។​

​ទី​វត្ត​ទាំង​៥ ខិតខំ​រួមគ្នា​ក្នុង​ការជួយ​ថែរក្សា​សាសនា ប្រពៃណី​និង​វប្បធម៌ និង​អប់រំ​សហគមន៍​។ នេះ​បើតាម​ការបញ្ជាក់​របស់​ព្រះចៅអធិការ ប្រាជ្ញ សារ៉ាន់​។​



​នៅឯ​វត្ត​ត្រៃ​រតនា​រាម​ហៅ​វត្ត​ថ្មី ដែល​ស្ថិតនៅ​ភាគខាងត្បូង​ទីក្រុង​អា​ត្ល​ង់​តា ព្រះ​តេជគុណ ពិសិដ្ឋ កំសាន្ត​ព្រះចៅអធិការ​វត្ត​ក៏បាន​ជួយ​បំបួស​កូន​ខ្មែរ​ខ្លះ​ក្នុង​រយៈពេល​ខ្លី​ផងដែរ​។​
«​កន្លងមក​អាត្មា​តែងតែ​រៀបចំ​ឱ្យមាន​បួស​ក្នុងពេល​រដូវក្តៅ ពេលដែល​សិស្សសាលា​សម្រាក​ពី​ការសិក្សា​របស់​រដ្ឋ​ក៏មាន​ពួកក្មេងៗ​ហ្នឹង អាត្មា​យកមក​បួស​បួន​ប្រាំ​នាក់​ជា​រៀងរាល់ឆ្នាំ ដើម្បី​អប់រំ​ឱ្យ​ស្គាល់​តម្លៃ​អ្វី​ទៅជា​ព្រះពុទ្ធសាសនា​របស់​យើង​។ គ្នា​មក​ទៅ​ក៏បាន​យល់បាន​ដឹង​។ ត្រឡប់​ទៅវិញ​ក៏មាន​ការគោរព​មាតា​បី​តា​រហូត​។ បាន​សឹក​ទៅវិញ​អាចធ្វើ​អាចារ្យ​បាន​ខ្លះ អាច​សូត្រធម៌​សូត្រ​អី​ដឹកនាំ​ពុទ្ធបរិស័ទ​»​។​

​សហគមន៍​ខ្មែរ​នៅទីនេះ​មាន​ទំហំ​មិន​ជាធំ​ប៉ុន្មាន​ទេ គឺមាន​សមាជិក​ជាង​មួយ​ម៉ឺន​នាក់​តែប៉ុណ្ណោះ ប៉ុន្តែ​កំពុងតែ​រីក​ធំធាត់​បន្តទៀត ដោយសារ​មានការ​បង្កើតជា​ក្រុង​ខ្មែរ និង​ផ្សារ​ខ្មែរ​ជាដើម​។​

​លោក សេង ប៊ុន​ថៃ យល់ថា ការរីកចម្រើន​នេះ​នឹងចូលរួម​ចំណែក​ដល់​ការលើកស្ទួយ​ព្រះពុទ្ធសាសនា​នៅទីនេះ​ផងដែរ​។​

«​ខ្ញុំ​ជឿថា នឹងមាន​ការបន្ត​ទៅដល់​ក្មេងៗ​ទៀត ពីព្រោះថា​មាន​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​បង្កើតជា​សមាគម​ផ្សេងៗ​សុំ​វត្ត​ចាស់​យើង​ចូលរួម ដើម្បី​ជា​យោបល់​ហើយ​ជួយ​កិច្ច​ការជួយជ្រោមជ្រែង​ធ្វើ​ម៉េច​ឱ្យបាន​ចម្រើន​ទៅខាង​សមាគម​គេ​ផង ហើយ​ខាង​វត្ត​យើង​ហ្នឹង​ក៏មាន​សភាព​អធិកអធម​ត​ទៅមុខទៀត​ដែ​រ‍​»​។​

​រីឯ​ព្រះ​តេជគុណ ប្រាជ្ញ សារ៉ាន់ នៃ​វត្ត​ខ្មែរ​ចរចា នៅតែមាន​ក្តី​សង្ឃឹមថា កូន​ខ្មែរ​ដែល​កើត​នៅទីនេះ​នឹង​បន្ត​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​បាន​។​
«​ផ្នែក​អប់រំ​ព្រះពុទ្ធសាសនា ក៏​ជា​ផ្នែក​អប់រំ​មួយ​ដែល​ជឿជាក់ថា នឹង​រក្សាបាន​ទៅមុខ​ពីព្រោះ​ផ្នែក​មួយ​របស់​វត្ត​ផង​របស់​មាតា​បី​តា​ផង សុទ្ធតែជា​អ្នក​ជឿ​នូវ​កម្មផល​ហើយ​ខំ​បណ្តុះបណ្តាល​ទាំងអស់គ្នា ហាក់ដូចជា​កូន​ដែល​ទៅ​រៀន​នៅ​សាលា​ពុំមែន​ពឹង​តែ​គ្រូ​ម្យ៉ាង​ទេ គឺ​មាតា​បី​តា​ក៏​ចូលរួម​អប់រំ​កូន​ដូច្នោះ​ដែរ​។ យ៉ាងណាមិញ​វត្ត​អា​រ៉ា​ម​ក៏​ជា​ផ្នែក​មួយ​ហើយ​គ្រួសារ​មាតា​បី​តា ក៏​ជា​ផ្នែក​មួយ​ហើយ​អាត្មា​សង្ឃឹមថា នឹងមិន​បាត់បង់​ទេ​។ ព្រះពុទ្ធសាសនា​មាន​ដរាបណា​ការគោរព​ប្រតិបត្តិ​នឹងមាន​ដរាប​ន‍ោះ​»​។​

​ហើយ​សម្រាប់​ឆ្នាំ​២០១៧​នេះ វត្ត​ចរចា​ក៏បាន​បើក​បង្រៀន​ភាសា​ខ្មែរ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ផងដែរ បន្ទាប់ពី​អាក់ខាន​អស់​រយៈពេល​ជា​យូរ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com