អន្តរជាតិ
លី សៀន​ឡុង​៖«​ដើម្បី​ប្រឆាំង​ភេរវកម្ម សិង្ហ​បុរី​ត្រូវ​ពង្រឹង​ការកសាង​ទំនុកចិត្ត​រវាង​អ្នក​ដែលមាន​ជំនឿ​ខុសគ្នា​»
26, Jul 2017 , 4:15 pm        
រូបភាព
ដោយ:
​មេដឹកនាំ​សិង្ហ​បុរី​អំពាវនាវ​ឲ្យ​មេដឹកនាំ​សាសនា​និង​សហគមន៍​ពង្រឹង​ការទុកចិត្ត និង​បង្កើន​ភាព​ទៀត​ត្រង់​និង​ជឿទុកចិត្ត​រវាង​អ្នក​កាន់សាសនា​ផ្សេងៗ​គ្នា​ក្នុង​សហគមន៍​។  សិង្ហ​បុរី​ព្រួយបារម្ភ​ថា បញ្ហា​អាច​កើតឡើង​ក្នុងសង្គម​សិង្ហ​បុរី​ព្រោះ​ជម្លោះសាសនា​និង​ពូជសាសន៍​នៅ​បរទេស​បង្ក​ផលប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​សិង្ហ​បុរី​កន្លងមក​។​



​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​លី សៀន​ឡុង​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ខែកក្កដា​បាន​និយាយ​ទាំង​ព្រួយបារម្ភ​ថា ជម្លោះ​រើសអើង​ពូជសាសន៍​និង​សាសនា​នៅ​ប្រទេស​ផ្សេងៗ​បាន​ប៉ះពាល់​ដល់​ចិត្តគំនិត​និង​ឥរិយាបថ​របស់​ប្រជាជន​ក្នុង​សិង្ហ​បុរី​។ ដូច្នេះហើយ លោក​បាន​អំពាវនាវ​ដល់​មេដឹកនាំ​សហគមន៍​និង​សាសនា​នីមួយៗ​យកចិត្តទុកដាក់ និង​កសាង​ទំនុកចិត្ត​រវាង​គ្នា​ទៅវិញទៅមក​រវាង​ប្រជាជន​សិង្ហ​បុរី​។​

​ថ្លែង​ក្ន​នុង​វេទិកា​បិទទ្វារ​មួយ​ស្ដីពី​ភេរវកម្ម​ដោយមាន​អ្នកចូលរួម​ជាង​បី​រយ​នាក់​ដែលមាន​ជំនឿ​និង​សាសនា​ផ្សេងៗ​គ្នា​នោះ លោក​លី សៀន​ឡុង បាន​ផ្តោត​សំខាន់​លើ ការវាយប្រហារ​ភេរវកម្ម​ជា​ញឹកញាប់​នៅ​លោកខាងលិច និង​ការគំរាមកំហែង​ពី​ក្រុម​ភេរវជន​ដែ​ស្ហ​(Daesh)​នៅ​តំបន់​មជ្ឈិមបូព៌ា រួមទាំង​អាស៊ីអាគ្នេយ៍​ផង​។​

​លោក​បានកត់សម្គាល់​ផងដែរ​ថា ប្រជាជន​សិង្ហ​បុរី​មួយចំនួន​លង់ខ្លួន​ចូល​ជ្រៅ​ក្នុង​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដោយសារតែ​បញ្ហា​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ដូច​ឃើញស្រាប់ កាល​ខែឧសភា ស្ដ្រី​សិង្ហ​បុរី​ម្នាក់​ជា​ជំនួយការ​ថែរក្សា​ទារក​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​ប៉ុនប៉ង​ទៅ​ចូលរួម​ជា​សមាជិក​ក្រុម​ភេរវកម្ម​ដែ​ស្ហ​(Daesh)​នៅ​មជ្ឈិម​ប​បូព៌ា​។ ចំណែក បុរស​ជនជាតិ​សិង្ហ​បុរី​ម្នាក់ទៀត​ដែលជា​ជំនួយការ​ប៉ូលិស​ក៏ត្រូវ​បាន​ឃាត់ខ្លួន​ដូចគ្នា​ដោយសារតែ​មានបំណង​ចង់​ចូលរួម​ច្បាំង​ជាមួយ​ក្រុម​ភេរវជន​ដែ​ស្ហ​នៅ​ស៊ី​រី​។​

​លោក​បាន​បន្ថែម​ដូច្នេះ​ថា​៖«​ការឃាត់ខ្លួន​នេះ​មិនមែនជា​លើកដំបូង​ហើយក៏​មិនមែនជា​លើកចុងក្រោយ​ដែរ​។​ប្រសិនបើ​សិង្ហ​បុរី​ត្រូវ​វាយប្រហារ​ដោយ​ភេរវជន​ជនជាតិ​ដទៃ​នោះ វា​គឺជា​រឿង​មួយ​។​ប៉ុន្តែ ប្រសិនជា​សិង្ហ​បុរី​ត្រូវ​វាយប្រហារ​ដោយ​ភេរវជន​ដែលជា​ជនជាតិ​ខ្លួន​នោះ ការប៉ះពាល់​ផ្លូវចិត្ត​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ជាង​ការវាយប្រហារ​ដោយ​ជនជាតិ​ដទៃ​ទៅទៀត​»​។​
​លោក​លី សៀន​ឡុង​ក៏បាន​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​សាលា​សាសនា​ដែល​បង្រៀន​ឲ្យ​សិស្ស​ក្លាយជា​ជន​ជ្រុលនិយម​គ្រប់​ទីកន្លែង​នៅ​សិង្ហ​បុរី​។ លោក​បន្តថា វា​មានការ​បញ្ជ្រាប​គំនិត​និង​បកស្រាយ​ច្រើន​ពាក់ព័ន្ធ​សាសនា​ឥស្លាម ដោយ​គេ​បង្រៀន​មិន​ឲ្យ​មានការ​យោគយល់​អធ្យាស្រ័យ ចំពោះ​អ្នក​កាន់សាសនា​ផ្សេង និង​ប្រជាជន​ម៉ូ​ស្លី​ម​មួយចំនួន​មិន​ប្រកាន់យក​ផ្នត់គំនិត​នេះ​។​

​ប្រសិនជា​ការបង្រៀន​មនោគមន៍វិជ្ជា​ជ្រុលនិយម​ចាក់​ឬ​ស​ក្នុង​សិង្ហ​បុរី ការរស់នៅ​ប្រកបដោយ​សុខដុមរមនារ​រវាង​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​និង​សាសនា​នេះ​នឹងត្រូវ​ចុះខ្សោយ ហើយ​សិង្ហ​បុរី​នឹងរង​គ្រោះ​ដោយសារ​ភេរវកម្ម​កាន់តែខ្លាំង​។​ប្រជាជន​ដែល​មិនមែនជា​មូស្លីម​នឹង​ចាប់ផ្ដើម​រើសអើង​ឬ​មានគំនិត​អវិជ្ជមាន​ចំពោះ​ជនជាតិ​មូស្លីម​។ នេះ​គឺជា​អ្វីដែល​អាក្រក់​និង​ពិបាក​ទទួលយក​ណាស់​។​

​កាលពី​សប្តាហ៍​មុន លោក លី សៀន​ឡុង បាន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​សហគមន៍​មូស្លីម​ម៉ាឡេស៊ី ហើយ​លោក​នឹង​បន្ត​ជួប​សំណេះសំណាល​ជាមួយ​មេដឹកនាំ​សាសនា​និង​សហគមន៍​ផ្សេងទៀត​ខាងមុខ​។​លោក​យល់ថា​ការ​រស់​ដោយ​សុខដុមរមនា​រវាង​អ្នកមាន​សាសនា​ឬ​ពូជសាសន៍​ផ្សេងៗ​គ្នា​ពិតជា​មានតម្លៃ​ណាស់ ព្រោះ​វា​កើតចេញពី​ការ​អត់ទ្រាំ និង​ការ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ​ទៅវិញទៅមក ទោះ​ជាមាន​ឧបសគ្គ​ក៏ដោយ​៕


Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង​
  Daesh
© រក្សាសិទ្ធិដោយ thmeythmey.com