អន្តរជាតិ
លោក ពូ​ទីន ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ប្រើប្រាស់​មូលដ្ឋានទ័ពអាកាស​នៅ​ស៊ី​រី​ជិត ៥០​ឆ្នាំ​
28, Jul 2017 , 5:03 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​មានការ​ពង្រាយ​កងទ័ព​អាកាស​រុស្ស៊ី​ទៅកាន់​មូលដ្ឋានទ័ព​នៅ​ស៊ី​រី​ក្នុង​រយៈពេល ៤៩ ឆ្នាំ​នៅ​ថ្ងៃ​ពុធ​ទី ២៦ កក្កដា​។ ក្នុងករណី​ចាំបាច់ រុស្ស៊ី​អាចមាន​សិទ្ធិ​ប្រើប្រាស់​មូលដ្ឋានទ័ព​ស៊ី​រី ២៥​ឆ្នាំ​ទៀត ក្រោយ​កិច្ចព្រមព្រៀង​នេះ​ផុត​សុពលភាព​។



​ច្បាប់​ដែល​ផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នោះ ត្រូវបាន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ពុធ​សប្តាហ៍​នេះ បន្ទាប់ពី​សភា​រុស្ស៊ី​ទាំងពីរ​អនុម័ត​រួចរាល់​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កិច្ចព្រមព្រៀង​ប្រើប្រាស់​មូលដ្ឋានទ័ព​ស៊ី​រី​នេះ ត្រូវបាន​ភាគី​ទាំងពីរ​ចុះហត្ថលេខា​នៅ​ក្រុង​ដា​ម៉ាស កាលពី​ខែមករា​ឆ្នាំ ២០១៧​នេះ​។ វា​ក៏​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស Khmeimin នៅ​ខេត្ត Latakia ដើម្បី​វាយប្រហារ​លើ​ទីតាំង​សត្រូវ​មាន​ទាំង​ក្រុម​ដែ​ស្ហ និង​ក្រុមប្រឆាំង​រដ្ឋាភិបាល បា​សា អាល់​អាសាដ ដែរ​។

​ក្រោម​អំណាច​នៃ​កិច្ចព្រមព្រៀង​នេះ រុស្ស៊ី​អាច​ប្រើប្រាស់​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​ដើម្បី​បំពេញ​ប្រតិបត្តិការ​បាន​ក្នុង​រយៈពេល ៤៩​ឆ្នាំ​ទៅមុខ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វា​ក៏​ផ្តល់​ជម្រើស​សម្រាប់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ក្នុង​ការបន្ថែម​ពេលវេលា ២៥ ឆ្នាំ​ទៀត​បានដែរ​ក្នុងករណី​ដែល​កិច្ចព្រមព្រៀង​អស់​សុពលភាព​។​

​តាមពិតទៅ​រុស្ស៊ី​បាន​ពង្រាយ​កងទ័ពអាកាស​របស់ខ្លួន​ទៅកាន់​ទឹកដី​ស៊ី​រី​នៅ​ខែកញ្ញា ឆ្នាំ ២០១៥ ក្រោមលេស​ជួយ​ប្រឆាំង​ភេរវកម្ម ហើយ​ពួកគេ​ត្រូវ​ឈរជើង​នៅ​មូលដ្ឋាន​ទ័ពអាកាស Khmeimim ។ ប៉ុន្តែ​ដល់​ខែមីនា​ឆ្នាំ ២០១៨ យន្តហោះ​ចម្បាំង​និង​កងទ័ព​ជាច្រើន​នាក់​ដែល​ត្រូវបាន​បញ្ជូនទៅ​ស៊ី​រី​នោះ​ត្រូវបាន​ដកចេញ ហើយ​លោកពូ​ទីន​ប្រកាសថា រុស្ស៊ី​បានសម្រេច​គោលដៅ​សំខាន់​របស់ខ្លួន​ហើយ​។​

​យ៉ាងណាមិញ រុស្ស៊ី​មិនបាន​ដក​កងទ័ព​ទាំងស្រុង​ឡើយ ហើយ​រដ្ឋាភិបាល​រុស្ស៊ី​បានប្រកាសថា​ខ្លួន​នៅ​រក្សាទុក​កងទ័ព​នៅ​កំពង់ផែ Tartus និង​នៅ​មូលដ្ឋាន​ទ័ពអាកាស Khmeimim ដដែល​ដើម្បី​ជួយ​ឃ្លាំមើល​ស្ថានការណ៍​ក្នុង​តំបន់​និង​ធានាបាន​នូវ​ការអនុវត្ត​បទ​ឈប់​បាញ់​នៅក្នុង​ទឹកដី​ស៊ី​រី​ដែរ​។ កងទ័ព​រុស្ស៊ី​ទាំងនោះ​នៅ​បន្ត​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ភេរវជន និង​ឆ្លៀត​សំពោង​ក្រុម​ប្រដាប់អាវុធ​ដែល​ប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​ផងដែរ​។ ដោយសារ​វត្តមាន​ទ័ព​និង​ការជួយជ្រោមជ្រែង​ពី​រុស្ស៊ី​ខ្លាំង​បែបនេះហើយ ទើប​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស​អាច​រឹង​ដៃ រឹង​ជើងបាន​ដូច​ពេលបច្ចុប្បន្ន​នោះ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ស៊ី​រី​
  Khmeimin
© រក្សាសិទ្ធិដោយ thmeythmey.com