អន្តរជាតិ
Amnesty៖ មី​យ៉ាន់​ម៉ា​អនុវត្ត​គោលនយោបាយ​រើសអើង​អាប៉ាថេត​ប្រឆាំង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
21, Nov 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ Amnesty International បាន​ចោទប្រកាន់ថា មី​យ៉ាន់​ម៉ា​បាន​បង្កើត​និង​អនុវត្ត​នយោបាយ រើសអើង​ពូជសាសន៍​អាប៉ាថេត (Apartheid) នៅក្នុង​រដ្ឋ Rakhine ប្រឆាំងនឹង​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​។ នេះ​បើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​នេះ​ដែល​ត្រូវបាន​ចងក្រង​ឡើង​អស់ ២ ឆ្នាំកន្លងមក​នោះ​។



​វិបត្តិ​មនុស្សជាតិ​នៅ​រដ្ឋ Rakhine នៅតែ​បន្ត​ទៅមុខ​ដោយ​គ្មាន​ដំណោះស្រាយ​ពេញលេញ​។ សហគមន៍​អន្តរជាតិ​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ប្រញាប់​ដោះស្រាយ​បញ្ហា និង​បញ្ឈប់​រាល់​សកម្មភាព​ណា​ដែល​ប៉ះពាល់​ដល់​សិទ្ធិ និង​សុវត្ថិភាព​ប្រជាជន​ផងដែរ​។ មកដល់​បច្ចុប្បន្ន​វិបត្តិ​នេះ​បានធ្វើ​ឲ្យ​មនុស្ស​ជាង​៦​សែន​នាក់​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​បង់​ក្លា​ដែ​ស​ផងដែរ​។​

​ពាក់ព័ន្ធ​ស្ថានភាព​នេះ អង្គការ Amnesty បានចេញ​របាយការណ៍​ស្រាវជ្រាវ​ដែលមាន​កម្រាស់ ១០០ ទំព័រ​នៅ​ដើម​សប្តាហ៍​នេះ​ពាក់ព័ន្ធ​ការ​ធ្វើទុក្ខបុកម្នេញ​កាប់សម្លាប់​ជនជាតិភាគតិច​ដែល​វា​ជាដើម​ហេតុ​នៃ​បញ្ហា​បច្ចុប្បន្ន​ផង​។ របាយការណ៍​ដែល​ត្រូវបាន​រៀបចំឡើង​អស់​ពេល​ពីរ​ឆ្នាំនេះ​បាន​បង្ហាញថា របៀបរបប​គ្រប់គ្រង​និង​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាជន​ជា​ជនជាតិភាគតិច​ម៉ូ​ស្លី​ម វា​មាន​ទំហំ​ស្មើនឹង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នៃ​ប្រព័ន្ធ​រើសអើង​ពូជសាសន៍ អាប៉ាថេត​។ 

​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​លោកស្រី Anna Neistat បានលើកឡើង​ដូច្នេះ​ថា​៖« បញ្ហា​នៅ​រដ្ឋ Rakhine ជា​បញ្ហា​ឧក្រិដ្ឋ​។ វា​ជា​ករណី​ដែល​កើតឡើង​តាំងយូរ​មកហើយ​មុនពេល​មាន​យុទ្ធនាការ​យោធា​ដែល​ប្រើ​ហិង្សា​កាលពី​បី​ខែ​មុន​ទៅទៀត​។ អាជ្ញាធរ​មី​យ៉ាន់​ម៉ា​បន្ត​រក្សាទុក​ស្ត្រី បុរស និង​ក្មេង​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ដាច់​ពី​គេឯង​ក្នុង​ប្រព័ន្ធ​អាប៉ាថេត​ដ៏​ឃោរឃៅ​»​។

​តាមពិតទៅ​ចលនា​ប្រឆាំង និង​ស្អប់ខ្ពើម​ប្រជាជន​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​កើតមានឡើង​តាំងពី​យូរ​មកហើយ​ពោលគឺ​ចាប់ពី​មានការ​អនុម័ត​ច្បាប់​សញ្ជាតិ​ប្រឆាំង​ជនជាតិភាគតិច​ម៉ូ​ស្លី​ម​ឆ្នាំ ១៩៨២ ដែល​ច្បាប់​នេះ​មិន​ទទួលស្គាល់​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​។ ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ឡើង​ដោយ​រដ្ឋាភិបាលយោធា ហើយ​ចាប់ពីពេលនោះ​មក​ច្បាប់​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​បន្តបន្ទាប់​ដើម្បី​បោសសម្អាត​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង បដិសេធ​សិទ្ធិ​រស់នៅ​ស្របច្បាប់​របស់​ប្រជាជន​ទាំងនេះ​ផង​៕


Tag:
 មី​យ៉ាន់​ម៉ា​
  Amnesty International
  Rakhine
© រក្សាសិទ្ធិដោយ thmeythmey.com