ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស៊ុយអែត​បង្ហាញ​កង្វល់​លើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា
21, Nov 2017 , 10:05 pm        
រូបភាព
លោកស្រី Margot Wallstrom រដ្ឋមន្ត្រីការបរទេសស៊ុយអែត
លោកស្រី Margot Wallstrom រដ្ឋមន្ត្រីការបរទេសស៊ុយអែត
​ភ្នំពេញ​៖ រដ្ឋាភិបាល​ស៊ុយអែត សម្តែង​ការបារម្ភ​ចំពោះ​ការ​ស្ថានភាព​នយោបាយ​ចុងក្រោយ​នៅ​កម្ពុជា​។ ការវិវត្ត​ចុងក្រោយ​ដែល​រដ្ឋាភិបាល​នេះ ចាត់ទុកជា​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត ត្រួតពិនិត្យ​ឡើងវិញ   អំពី​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​។ ស៊ុយអែត បញ្ជាក់​យ៉ាងច្បាស់​ពី​ការសម្រេច​របស់​របស់​ខ្លួន  ថា​នឹងមិន​បង្កើត​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឡើយ លើកលែងតែ​វិស័យ​អប់រំ និង​ស្រាវជ្រាវ​។ កា​រស​ម្រ​ចនេះ នឹង​បន្ត​រហូតដល់​មានការ​សម្រេច​ជាថ្មី សម្រាប់​ភ្នាក់ងារ SIDA​។

 
​ការវិវត្ត​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ុយអែត បារម្ភ​យ៉ាងខ្លាំង​។ តាមរយៈ ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស៊ុយអែត នៅ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ស៊ុយអែត បាន​រំលឹក      សម្តី​រដ្ឋមន្ត្រីការបរទេស​លោកស្រី Margot Wallström កាលពី​សប្តាហ៍​មុន​ថា ចំណាត់ការ​ថ្មីៗ លើ​គណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​សង្គម​ស៊ីវិល គឺជា​ការដើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ក្នុងនោះ​ក៏មាន​ការសម្រេច​របស់​តុលាការ​កំពូល​កាលពី​សប្តាហ៍​មុន រំលាយ​បណ​បក្ស​សង្គ្រោះ​ជាតិ ដែលជា​បក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា​ដែរ​។​ 
 
​ផ្អែកលើ​ការវិវត្ត​ថយក្រោយ​នៃ​នយោបាយ​នៅ​កម្ពុជា រដ្ឋាភិបាល​ស៊ុយអែត កំពុង​ត្រួត​ពិនិត្យឡើងវិញ      នូវ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​។ ស៊ុយអែត​បញ្ជាក់​ពី​ការផ្តោត​សំខាន់ នៃ​កិច្ច​សហប្រតិបត្តិ​អភិវឌ្ឍ លើ​ការគាំទ្រ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​វា​ត្រូវបាន​ពង្រឹង​នៅក្នុង​ឆ្នាំ​២០១៧ តាមរយៈ​ការបង្កើន​ការគាំទ្រ​ដល់​អ្នកការពារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បញ្ជាក់​យ៉ាងច្បាស់​ពី​ការសម្រេច​របស់​ស៊ុយអែត  ថា​នឹងមិន​បង្កើត​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឡើយ លើកលែងតែ​វិស័យ​អប់រំ និង​ស្រាវជ្រាវ​។ «​ដូច្នេះហើយ វា​មិនអាច​ទៅរួច​ឡើយ ដែល​ស៊ុយអែត ត្រូវ​បន្ត​ការគាំទ្រ ការកែទម្រង់​វិមជ្ឈការ​នៅ​កម្ពុជា   ក្នុង​បរិបទ​បច្ចុប្បន្ន​នោះ​»​។ នេះ​ជាការ​បន្ថែម​របស់​រដ្ឋា​ភិ​បាល​ស៊ុយអែត ដែល​បន្តទៀតថា ការសម្រេច​នេះ នឹងមាន​សុពលភាព រហូតដល់​មានការ​សម្រេច​គោលការណ៍​ថ្មី សម្រាប់​ភ្នាក់ងារ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ស៊ុយ​អ៊ែត (Sida) ដែល​ផ្តោតលើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ស៊ុយ​អ៊ែត នៅ​កម្ពុជា​។​
 
​ប្រទេស​ស៊ុយអែត បាន​ក្លាយជា​ដៃគូ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​រយៈពេល​វែង​មួយ​ជាមួយ​ប្រទេស​កម្ពុជា​ហើយ​កំពុងធ្វើការ​ក្នុង​វិស័យ​សំខាន់ៗ ៣​គឺ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សមភាព​យេនឌ័រ ក្នុងនោះ​មាន​វិមជ្ឈការ​ការអប់រំ ការងារ ភាព​មាន​ការងារ​ធ្វើ បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។ កិច្ចសហប្រតិបត្តិការ​របស់​យើង បច្ចុប្បន្ន​គ្របដណ្តប់​សម្រាប់​ឆ្នាំ ២០១៤-២០១៨​។ យ៉ាងណា ស៊ុយអែត​នៅតែ​ប្ដេជ្ញាចិត្ត និង​ធ្វើ​ការងារ ដើម្បី​រក​មធ្យោបាយ បន្ត​គាំទ្រ​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​ចុងក្រោយ​របស់​រដ្ឋាភិបាល​ស៊ុយអែត តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​។​
 
​សហគមន៍​អឺរ៉ុប សហ​អាមេរិក រដ្ឋាភិបាល​អូស្ត្រាលី និង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា សុទ្ធតែ​បានបង្ហាញ​ពី​កង្វល់​ក្រោយ​តុលាការ​សម្រេច​រំលា​យគ​ណ​បក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​កន្លងទៅ​នោះដែ​រ​។ ទោះបីជា​យ៉ាងណាក៏ដោយ ចិន បន្ត​គាំទ្រ​ជានិច្ច​រាល់​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​៕
 
 

Tag:
 កម្ពុជា​-​ស៊ុយអែត​
 ​ទំនាក់ទំនង​
© រក្សាសិទ្ធិដោយ thmeythmey.com