អន្តរជាតិ
រដ្ឋ​អាស៊ាន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​
23, Nov 2017 , 3:19 pm        
រូបភាព
​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​១០ នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលជា​បញ្ហា​ប្រឈម​មុខធំ​មួយ​សម្រាប់​តំបន់​។ អន្តោប្រវេសន៍​ខុសច្បាប់ ការជួញដូរ​មនុស្ស និង​គ្រឿងញៀន គឺជា​បញ្ហា​ដែល​សមាជិក​ទាំងអស់​ប្ដេជ្ញាចិត្ត​ដោះស្រាយ​ក្នុង​គោលដៅ​ប្រែក្លាយ​សហគមន៍​អន្តោប្រវេសន៍​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ​។​



​មន្ត្រី​ថ្នាក់​អគ្គនាយក​ទទួល​កិច្ចការ​អន្តោប្រវេសន៍​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ បាន​ជួបជុំគ្នា​នៅ​រដ្ឋធានី​វៀងចន្ទន៍ ឡាវ ក្នុង​កិច្ចប្រជុំ​លើក​ទី​២១ របស់ខ្លួន​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​។ តាមរយៈ​កិច្ចប្រជុំ​នេះ រដ្ឋ​សមាជិក​ទាំងអស់​ព្រមព្រៀង​បង្កើន​កិច្ចសហការ​រួមគ្នា​ក្នុងការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​មានការ​រត់ពន្ធ​គ្រឿងញៀន មនុស្ស និង​ការ​ឆ្លងដែន​ខុសច្បាប់​ជាដើម​។ មិន​ត្រឹមតែ​បញ្ហា​ថ្នាក់​តំបន់​ឡើយ សមាជិក​ទាំង​១០ នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ថ្នាក់​អន្តរជាតិ​ផង​។​

​លោក Saysaming Sivilay អគ្គនាយក​អន្តោប្រវេសន៍​ឡាវ ដែលជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​និយាយថា តំបន់​អាស៊ាន​កំពុង​ជម្នះ​បញ្ហា​ដែល​លំបាក និង​ស្មុគស្មាញ​លើ​វិស័យ​អន្តោប្រវេសន៍​នេះ ស្រប​ពេលដែល​ឧក្រិដ្ឋជន​ឆ្លងដែន​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ធ្វើ​សកម្មភាព​។ ជាមួយនឹង​បញ្ហា​ប្រឈម​ចំពោះមុខ​សន្តិសុខ​តំបន់​អាស៊ាន មន្ត្រី​ឡាវ​រូបនេះ​បានស្នើ​ឲ្យ​រដ្ឋ​សមាជិក​ទាំងអស់​រួម​ដៃ​ដើម្បី​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​។​

​បើតាម​សារព័ត៌មាន​ថៃ The Nation លោក Saysaming ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​មាន​ស្រាប់​ក្នុងចំណោម​សមាជិក​ទាំងអស់ តាមរយៈ​ការបង្កើត​បណ្ដាញ​ទំនាក់ទំនង​គ្នា និង​ការចែករំលែក​ព័ត៌មាន​ទៅវិញទៅមក​ដើម្បី​ដោះស្រាយ​បញ្ហា​រួមគ្នា​ដែល​កើតឡើង​ថ្មីៗ ក៏ដូចជា​បញ្ហា​ទាំងឡាយ​ដែល​ជាប់ទាក់ទង​នឹង​អន្តោប្រវេសន៍​។ កិច្ចសហប្រតិបត្តិការ​នេះ បាន​ជួយ​ឲ្យ​កម្លាំង​អន្តោប្រវេសន៍​អាស៊ាន​អាច​ដោះស្រាយ​បញ្ហា​ឆ្លងដែន​បាន​ច្រើន​ផងដែរ​។​

​ជាការ​ពិត ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ គឺជា​បញ្ហា​ចំពោះមុខ​ដ៏​ស្មុគស្មាញ​សម្រាប់​តំបន់​អាស៊ាន ជាការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​តែម្ដង​។ គេ​ប្រហែល​ចាំ​មិន​ភ្លេច​ឡើយ ការរកឃើញ​រណ្ដៅ​សាកសព​រួមគ្នា​នៅតាម​បណ្ដោយ​ព្រំដែន​ថៃ និង​ម៉ាឡេស៊ី ដែល​ជនរងគ្រោះ​ត្រូវបាន​សម្លាប់​ដោយ​ពួក​រត់ពន្ធ​មនុស្ស​ខុសច្បាប់​នោះ ហើយ​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ទៅទៀត​។ ដោយសារ​បញ្ហា​នេះ ម៉ាឡេស៊ី​ប្រុង​សាងសង់​ជញ្ជាំង​ព្រំដែន​ដើម្បី​ទប់ស្កាត់​សកម្មភាព​ផង​៕


Tag:
 អាស៊ាន​
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com