អន្តរជាតិ
កូរ៉េខាងត្បូង​ចង់​លុបចោល​សមយុទ្ធ​ជាមួយ​អាមេរិក ព្រោះ​ជាន់​ព្រឹត្តិការណ៍​អូឡាំពិក​២០១៨
23, Nov 2017 , 4:57 pm        
រូបភាព
សមយុទ្ធរួមគ្នារវាងទាហានកូរ៉េខាងត្បូងនិងអាមេរិកនាពេលកន្លងមក (រូបភាព៖ AP)
សមយុទ្ធរួមគ្នារវាងទាហានកូរ៉េខាងត្បូងនិងអាមេរិកនាពេលកន្លងមក (រូបភាព៖ AP)
​រដ្ឋាភិបាល​កូរ៉េខាងត្បូង​កំពុង​ពិចារណា​លុបចោល​សមយុទ្ធ​ប្រចាំឆ្នាំ​ជាមួយ​អាមេរិក ដែល​គ្រោង​ធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៨ ដើម្បី​កាត់បន្ថយ​ការគំរាមកំហែង​ពី​កូរ៉េខាងជើង​អំឡុងពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងារ​ឆ្នាំ​២០១៨ ។ យ៉ាងណាមិញ គេ​មិនឃើញ​មានការ​ពិភាក្សា​ណាមួយ​លើ​បញ្ហា​នេះឡើយ ដោយ​ក្រុង​សេ​អ៊ូ​ល​នឹង​និយាយ​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន​លើ​បញ្ហា​នេះ​ក្នុងពេល​ឆាប់ៗ​។​



​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​ស្រង់​សម្ដី​មន្ត្រី​វិមាន​ប្រធានាធិបតី​ម្នា​ក់ថា កូរ៉េខាងត្បូង​ចង់​ផ្អាក​សមយុទ្ធ​រួមគ្នា​ជាមួយ​អាមេរិក​នៅ​ឆ្នាំក្រោយ ដើម្បី​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ ឆ្នាំ​២០១៨ ដែល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​។ មន្ត្រី​ដដែល​បន្តថា ផែនការ​នេះ​ត្រូវបាន​គិតគូរ​ជា​យូរ​មកហើយ ប៉ុន្តែ​មិនទាន់មាន​ការចរចា​ជាមួយ​អាមេរិក​លើ​បញ្ហា​នេះឡើយ​។​

​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ត្រជាក់​ឆ្នាំ​២០១៨ នឹងត្រូវ​រៀបចំ​នៅ​ទីក្រុង​ព្យុង​ឆាង ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ ចំណែក​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងារ​វិញ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៨ ខែមីនា​។ យោងតាម​កាលបរិច្ឆេទ​នេះ កម្មវិធី​កីឡា​អន្តរជាតិ​ដ៏​ធំ​នេះ​នឹងត្រូវ​រៀបចំ​ជាន់គ្នា​លំ​ហាត់​យោធា​រួមគ្នា​ប្រចាំឆ្នាំ​រវាង​កូរ៉េខាងត្បូង និង​អាមេរិក ដែល​តែង​តែង​ធ្វើឡើង​អំឡុង​ខែមីនា និង​មេសា​រៀងរាល់ឆ្នាំ​។​

​សមយុទ្ធ​យោធា Key Resolve និង Foal Eagle មានការ​ចូលរួម​ពី​ទាហាន​អាមេរិក​ជិត​ពីរម៉ឺន​នាក់ និង​ទាហាន​កូរ៉េខាងត្បូង​ជាង​៣០​ម៉ឺន​នាក់​ទៀត​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​រួមគ្នា​នេះ ជាការ​ប្រុងប្រៀប​ឈ្លានពាន​ខ្លួន ហើយ​តែង​ធ្វើ​សកម្មភាព​ឆ្លើយតប​វិញ​ដែរ​។ ជារឿយៗ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​របស់ខ្លួន ដើម្បី​កំញើញ​សមយុទ្ធ​ទ្វេភាគី ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​បារម្ភ​ថា អាច​បង្ក​ផលប៉ះពាល់​ដល់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​

​ជុំវិញ​បញ្ហា​កីឡា​នេះដែរ ក្រុង​សេ​អ៊ូ​ល​សង្ឃឹមថា ក្រុង​ព្យុងយ៉ាង​នឹង​បញ្ជូន​អត្ត​ព​លិ​ក​របស់ខ្លួន​មក​ចូលរួម​ព្រឹត្តិការណ៍​នេះ ក្នុងន័យ​សម្រួល​ទំនាក់ទំនង​ទ្វេភាគី​ផង និង​បន្ថយកម្ដៅ​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​កីឡា​ផង​។ កូរ៉េខាងជើង​មាន​អត្ត​ព​លិ​ក​ពីររូប​ដែលមាន​សិទ្ធិ​ចូលរួមបាន ប៉ុន្តែ​មិនទាន់​បញ្ជាក់ថា នឹង​មក​ចូលរួម​ឬ​យ៉ាងណាទេ​។ ប៉ុន្តែ​ក្រុង​សេ​អ៊ូ​ល​នឹង​ស្វាគមន៍​កីឡា​របស់​កូរ៉េខាងជើង​ដែលមាន​សិទ្ធិ​ប្រកួតប្រជែង​លើ​ទឹកដី​របស់ខ្លួន​។​

​ការចរចា​លើ​បញ្ហា​ទំនង​ចាប់ផ្ដើម​នៅពេល​ឆាប់ៗ​នេះ ព្រោះ​កូរ៉េខាងត្បូង​មិន​ចង់​បាក់មុខ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ឡើយ​។ សន្តិសុខ​អំឡុងពេល​ព្រឹត្តិការណ៍​អូឡាំពិក​នេះ គឺជា​បញ្ហា​ធំ ខណៈ​កន្លងមក​មាន​ប្រទេស​ខ្លះ​ចង់​ដកខ្លួន​ពី​ការប្រកួត​ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​កីឡាករ​របស់ខ្លួន​។ ប៉ុន្តែ​ក៏មាន​ប្រទេស​ខ្លះ​នៅតែ​ប្រកាស​ចូលរួម​ព្រឹត្តិការណ៍​ដដែល ទោះជា​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បន្ត​ឡើងក​ម្ដៅ មិន​ចុះ​ត្រជាក់​ក៏ដោយ​៕


Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  សមយុទ្ធ​
  Olympic2018
© រក្សាសិទ្ធិដោយ thmeythmey.com