ជាតិ
តារាល្បីៗ
សង្គមជាតិ
សិល្បះ
វ័ន សា​វ៉ៃ​៖ ការវិវត្ត​ការសម្ដែង​របាំ​បុរាណ​ពី​រាំ​ថ្វាយ​អាទិ​ទេពមក​រាំ​ដូច​សុំទាន​
11, Feb 2018 , 8:59 pm        
រូបភាព
​អ្នកស្រី វ័ន សា​វ៉ៃ ជា​សិល្បករ​របាំ​ក្បាច់បុរាណ​ខ្មែរ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម បាន​មាន​ប្រសា​ស្ត្រ​ថា របាំ​បុរាណ​ខ្មែរ​ដែល​ធ្លាប់តែ​រាំ​ថ្វាយ​អាទិទេព និង​ព្រះមហាក្សត្រ បច្ចុប្បន្ន​វិ​វត្ត​មក​រាំ​តាម​ទីសាធារណៈ តាម​ភោជនីយដ្ឋាន និង​កម្មវិធី​មួយចំនួន ដោយ​ពេលខ្លះ​អ្នកមើល​មិន​បានឱ្យ​តម្លៃ​សិល្បករ និង​របាំ​ឡើយ ហាក់ដូចជា​ទៅ​រាំ​សុំទាន​គេ​។ អ្នកស្រី​ថា ព្រោះតែ​កត្តា​ជីវា​ភាព​ទើប​ជំរុញ​ឱ្យ​សិល្បករ​ធ្វើបែបនេះ តែ​ពួកគេ​គួរតែ​គិត​ឡើងវិញ​ថា ជ្រើសរើស​ធ្វើឱ្យ​ខ្លួន​មានតម្លៃ ឬ​គ្មាន​តម្លៃ​។​


​ក្នុង​កម្មវិធី​បង្ហាញ​ពី​ការវិវត្ត​នៃ​របាំ​បុរាណ​ខ្មែរ រៀបចំឡើង​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អម​តក កាលពីពេល​កន្លងទៅនេះ អ្នកស្រី វ័ន សា​វ៉ៃ គ្រូបង្ហាត់​របាំ​ក្បាច់បុរាណ​បាន​មានប្រសាសន៍ថា ការ​រាំ​របាំ​បុរាណ​ក្នុង​សម័យអង្គរ គេ​រាំ​ថ្វាយ​អាទិទេព និង​ព្រះរាជា​តែប៉ុណ្ណោះ ព្រោះ​របាំ​នេះ​ជា​របាំ​សក្ការ​។ ហើយ​នៅ​សម័យ​នោះគេ​ឱ្យ​តម្លៃ​អ្នករបាំ​ណាស់ គេ​ទុក​ប្រៀបបាន​នឹង​កូន​អាទិទេព​។ ការវិវត្ត​ក្រោយៗ​មកទៀត ក្នុងសម័យ​សង្គមរាស្ត្រនិយម របាំ​បុរាណ​ចាប់ផ្ដើម​រាំ​បន្ថែម​ជូន​ភ្ញៀវ​ថ្នាក់​រដ្ឋ​ធំៗ​ទស្សនា​។ រហូតមកដល់​សម័យ​បច្ចុប្បន្ននេះ របាំ​បុរាណ​សម្ដែង​បន្ថែម​នៅតាម​ភោ​ជនី​ដ្ឋា​ន សណ្ឋាគារ ពិធីមង្គលការ និង​ពិធី​មួយចំនួនទៀត​។​
 
​គ្រូបង្ហាត់​របាំ​រូបនេះ​បញ្ជាក់ថា ការ​រាំ​របាំ​នៅ​កន្លែង​ខ្លះ អ្នកមើល​មិន​ចាប់អារម្មណ៍​មើល​របាំ​ផង ហើយ​កន្លែង​ខ្លះទៀត​ផ្ដល់​កន្លែង​មិន​សមរម្យ​ឱ្យ​អ្នករបាំ​ទៀត​។ អ្នកស្រី វ័ន សា​វ៉ៃ ពោល​ដោយ​ក្ដី​មួហ្ម​ង៖ «​កាលពី​បុរាណ​គេ​ចាត់ទុក​អ្នករបាំ​ប្រៀបបាន​នឹង​កូន​អាទិទេព ដូច្នេះ​របាំ​មានតម្លៃ​ណាស់ គេ​រាំ​ថ្វាយ​តែ​អាទិទេព​និង​ស្ដេច​ទេ តែ​មកដល់​ឥឡូវនេះ​គេ​រាំ​គ្រប់កន្លែង ពេលខ្លះ​គេ​មិន​ទាំង​មើល​ផង ហើយ​រាំ​ធ្វើ​អី ខ្ញុំ​មើលទៅ​គ្មាន​តម្លៃ​សោះ​។ កន្លែង​ខ្លះទៀត អ្នករាំ​គេ​ក្រាលកន្ទេល​នៅ​នឹង​ដី​ឱ្យ​រាំ អ្នកមើល​គេ​អង្គុយ​លើ​កៅអី ហើយ​អ្នករាំ​ទៅ​លុតជង្គង់​រាំ​មុខ​គេ ដូច​ទៅ​រាំ​សុំទាន​អីចឹង ខ្ញុំ​សង្វេគ​របាំ​ខ្មែរ​ណាស់​»។​
 



​អ្នកស្រី សា​វ៉ៃ ពោលថា នេះ​ក៏ដោយ​សារ​សង្គម​ដែរ ព្រោះតែ​ជីវភាព និង​ភារកិច្ច​ត្រូវ​រកប្រាក់​ផ្គត់ផ្គង់​គ្រួសារ ទើប​ធ្វើឱ្យ​សិល្បករ​ឥឡូវ​ទោះ​ចង់​មិន​ចង់​ក៏​បង្ខំចិត្ត​ទៅ​។ អ្នកស្រី​ថា នៅ​សម័យ​អ្នកស្រី​នៅ​ពី​ក្មេង អាយុ​១៦​ឆ្នាំ មាន​ប្រាក់ខែ​ពី​របាំ​រួចស្រេច ប្រាក់ខែ​ដឹង​តែ​សល់ ព្រោះ​ម្ដាយ​ឪពុក​ជា​អ្នកផ្គត់ផ្គង់​គ្រួសារ ដូច្នេះ​អ្នកស្រី​មិន​ខ្វល់​ពី​ការរក​ប្រាក់​ឡើយ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ គ្រូរបាំ​រូបនេះ​មិនបាន​ហាមឃាត់​សិល្បករ មិន​ឱ្យទៅ​រាំ​ក្នុង​កម្មវិធី​ណាមួយ​ឡើយ តែ​អ្នកស្រី​គ្រាន់តែ​ក្រើនរម្លឹក​ដល់​សិល្បករ​ខ្លួនឯង ឱ្យ​ចេះ​ថ្លឹង​ថ្លែងថា​កន្លែង​ណា​ផ្ដល់​តម្លៃ​ឱ្យ​របាំ​បុរាណ​ខ្មែរ ផ្ដល់​កិត្តិយស​ដល់​សិល្បករ ឱ្យ​សម​នឹង​របាំ​ដែលជា​ដួងព្រលឹង​របស់​ជាតិ​។ គ្រូរបាំ​រូបនេះ​បញ្ជាក់​៖”​សិល្បករ​គាត់​ជា​អ្នក​ជ្រើសរើស​តម្លៃ​ឱ្យ​ខ្លួនឯង ថា​គាត់​ធ្វើយ៉ាងណា​ឱ្យតែបាន​ប្រាក់​គាត់​មិន​ខ្វល់ ឬ​កន្លែង​ដែល​ឱ្យ​តម្លៃ​គាត់​ទើប​គាត់​ទៅ ”៕

Tag:
 វ័ន សា​វ៉ៃ​
  របាំ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com