អន្តរជាតិ
ចិន​ទាមទារ​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​លើ​បុរស​អាមេរិក​ដែល​បាន​លួច​ម្រាមដៃ Terracotta
18, Feb 2018 , 9:37 pm        
រូបភាព
រូបសំណាក មុន និងក្រោយបាត់ម្រាមដៃ។ រូបថត South China Morning Post
រូបសំណាក មុន និងក្រោយបាត់ម្រាមដៃ។ រូបថត South China Morning Post
ដោយ: រួបរួម
​បុរស​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Michael Rohana អាយុ​២៤​ឆ្នាំ ត្រូវបាន​កាត់ទោស​កាល​ពី​ដើមខែ​កន្លងមក​ពីបទ​បង្ក​ឲ្យ​ខូចខាត និង​លួច​ម្រាមដៃ​ឆ្វេង​របស់​រូបសំណាក​កង​ទ័ព​សេះ Terracotta របស់​ចិន ដែល​ត្រូវបាន​ដាក់តាំង​ពិ​ព័រ​ណ៌​នៅ​វិទ្យាស្ថាន Franklin ក្នុង​រដ្ឋ Philadelphia កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧ ។​



​ខណៈដែល​សារមន្ទីរ​អាមេរិក បានធ្វើការ​សុំទោស​ជា​សាធារណៈ មន្ត្រី​ម្នាក់​របស់​មជ្ឈមណ្ឌល Cultural Heritage Promotion Center របស់​ខេត្ត Shaanxi  ក៏​ទាមទារ​ឲ្យ​វិទ្យាស្ថាន Franklin សង​ការខូចខាត​ចំពោះ​រូបសំណាក​ដែលមាន​អាយុកាល​ជាង​២០០០​ឆ្នាំ​នោះ​ផងដែរ​។​

​បើតាម​ការផ្សាយ​របស់ Beijing Youth Daily មជ្ឈមណ្ឌល​វប្បធម៌​ខេត្ត Shaanxi ជា​អ្នក​ដែល​បាន​នាំយក​រូបសំណាក​ទ័ព​សេះ Terracotta ចំនួន​ទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​អាមេរិក​។ ពួកគេ​បានទាមទារ​សំណង​ខូចខាត​ដែលមាន​តម្លៃ ៤.៥​លាន​ដុល្លារ​អាមេរិក​។ រូបសំណាក​ទ័ព​សេះ Terracotta របស់​ចិន ចំនួន​១០ ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​រដ្ឋ Philadelphia តាំងពី​ខែកញ្ញា​មកម្ល៉េះ​។

Rohana ដែល​មកពី​រដ្ឋ Delaware បាន​ចូលរួម​ទស្សនា​ពិ​ព័រ​ណ៌​នោះ​ជាមួយ​មិត្តភក្តិ​ពីររូប​ទៀត​។ តា​មកា​ម៉េ​រ៉ា​សុវត្ថិភាព យុវជន​អាមេរិក​រូបនោះ បាន​ថត Selfie នៅ​កៀក​នឹង​រូបសំណាក ហើយ​ឆ្លៀតពេល​លួច​កាច់​ម្រាមដៃ Terracotta ដាក់​ក្នុង​ហោប៉ៅ រួច​ក៏​ដើរ​ចេញទៅ​។​

​ក្រោយ​ការស៊ើបអង្កេត​របស់​ភ្នាក់ងារ FBI ចោរ​រូបនោះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែមករា ។ ប៉ុន្តែ Rohana ត្រូវបាន​ដោះលែង​ក្រោយ​បង់ប្រាក់​ធានា​ចំនួន​១៥០០០​ដុល្លារ​អាមេរិក ព្រមទាំង​ការដកហូត​លិខិតឆ្លងដែន​។​

​ចិន​មិនអាច​បញ្ចប់​រឿងនេះ​ស្រួលៗ​នោះឡើយ ដោយ​ពួកគេ​បាន​បញ្ជាក់ថា វា​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ជាតិ ដោយ​ពួកគេ​ធ្លាប់​ដាក់តាំង​ពិ​ព័រ​ណ៌​ជាង​២៦០​លើក នៅ​ប្រទេស​ជាង​៦០​នា​រយៈពេល​៤០​ឆ្នាំ​ចុង​ក្រោយនេះ​។ វា​ជា​ករណី​បាត់បង់​ដំបូង​បំផុត​ផងដែរ​៕



Tag:
 Terracotta
© រក្សាសិទ្ធិដោយ thmeythmey.com