ជាតិ
ភាសាបារាំងថយឥទ្ធិពលនៅកម្ពុជា តែមិនស្លាប់ឡើយ
× Parlez-vous français ? ជាពាក្យដែលមនុស្សខ្មែរភាគច្រើនអាចនិយាយរត់មាត់ ទោះពួកគេមិនអាចនិយាយលើសពីនេះក៏ដោយ។ ជាទូទៅ អ្នកប្រើប្រាស់ឃ្លាសំណួរនេះ ច្រើនតែមិនអាចនិយាយភាសាបារាំងបានច្រើន ប៉ុន្តែគេសួររបៀបលេងសើចទៅកាន់មនុស្សម្នាក់ទៀតដែលគេដឹងថា ជាអ្នកនិយាយភាសាបារាំងបានច្រើន ឬយ៉ាងប៉ិនប្រសប់នោះ។ នេះបង្ហាញថា ភាសាបារាំងបានមានវត្តមានទូលំទូលាយនៅកម្ពុជា រហូតដល់វាថមថយវត្តមាន និងឥទ្ធិពលក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែភាសាបារាំងនៅតែមានតម្លៃ និងមានប្រយោជន៍ខ្លាំងសម្រាប់អ្នកដែលបានសិក្សាភាសានេះ។
អ្នកការពារភាសាបារាំងបានចេញមុខពន្យល់ និងបង្ហាញផ្លែផ្កាជាច្រើន។ មុនដំបូងគេ គឺអ្នកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀន ប៊ីញ (Eva Nguyen Binh) ដែលអះអាងថា ចាប់តាំងពីថ្ងៃដែលអ្នកស្រីមកដល់កម្ពុជា អ្នកស្រីបានជួបអ្នកនិយាយភាសាបារាំងយ៉ាងច្រើន ហើយពូកែៗ។ ហើយបើសិនជាអ្នកស្រីបានជួបយុវជនដែលនិយាយភាសាបារាំងនោះ អ្នកស្រីក៏មិនឆ្ងល់ឡើយ ពីព្រោះប្រទេសបារាំងរបស់អ្នកស្រី នៅតែជាប្រទេសបរទេសលំដាប់ថ្នាក់ទីពីរបន្ទាប់ពីប្រទេសថៃ ដែលទទួលនិស្សិតខ្មែរទៅបន្តការសិក្សានោះ។
អ្នកស្រីឯកអគ្គរដ្ឋទូតបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ៖«អស់រយៈពេលប្រហែល២០ឆ្នាំមកហើយ ក្នុងមួយឆ្នាំៗ និស្សិតកម្ពុជាប្រមាណ៦០០នាក់ចេញទៅសិក្សានៅប្រទេសបារាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថា្នក់បណ្ឌិត ហើយមួយចំនួនសិក្សានៅសាលាល្បីៗ ដូចជាសាលាពហុបច្ចេកទេសជាដើម។ ក្នុងរយៈពេលជិត៣០ឆ្នាំនេះ ប្រទេសបារាំងបានបណ្តុះបណ្តាលនិស្សិតកម្ពុជាកម្រិតខ្ពស់ជាង៦ ០០០នាក់។ បច្ចុប្បន្ន ពួកគេកំពុងកាន់តំណែងធំៗនៅតាមគ្រឹះស្ថានរដ្ឋ និងឯកជន»។
ទោះយ៉ាងនេះក៏ដោយ ក្នុងនាមជាអ្នកប្រាកដនិយម ប្រធានបេសកកម្មការទូតរបស់ប្រទេសបារាំងទទួលស្គាល់ការធ្លាក់ចុះនៃចំនួនអ្នកនិយាយភាសាបារាំង ហើយថាភាសាបារាំងដែលបច្ចុប្បន្នមានចំនួនអ្នកនិយាយ២៧៤លាននាក់ បានប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែការបើកទូលាយពិភពលោក ក៏ដូចជាប្រទេសកម្ពុជាដែលត្រូវសម្របខ្លួនទៅតាមបរិបទរបស់ខ្លួនដែរ។
លោក ស៊ឹម សៀងប៉ាវ អតីតប្រធានដេប៉ាតឺម៉ង់ភាសាបារាំងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានហេតុផលដែលបង្ហាញថា ភាសាបារាំងមិនស្លាប់ពីកម្ពុជាឡើយ។ សម្រាប់លោកសាស្ត្រាចារ្យដែលមានអាយុជាង៧០ឆ្នាំហើយនៅពេលនេះ ក្រុមហ៊ុនរបស់ប្រទេសបារាំងជាច្រើនបានបោះទុនវិនិយោគនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ លោកបន្ថែមថា លើសពីនេះទៀតការងារជាច្រើនទៀតក៏ត្រូវការអ្នកចេះភាសាបារាំងដោយចៀសមិនបានដូចជា មគ្គទេសក៏ទេសចរណ៍ អ្នកបកប្រែជាសំណេ និងអ្នកបកប្រែផ្ទាល់មាត់នៅតាមកិច្ចប្រជុំនានាជាដើម។ «មហាវិទ្យាល័យភាសាបារាំងបានបណ្តុះបណ្តាលនិស្សិតខ្មែរជាច្រើនផ្នែកសារព័ត៌មាន ទេសចរណ៍ អ្នកបកប្រែ និងជំនាញគ្រូបង្រៀនភាសាបារាំង។ ពួកគេបានធ្វើការនៅក្នុងវិស័យឯកជនផង និងរដ្ឋផង។ ដោយសារភាសាបារាំង ពួកគេក៏បានកាន់កាប់តំណែង និងតួនាទីសំខាន់ៗ»។ នេះជាការពន្យល់របស់លោក ស៊ឹម សៀងប៉ាវ ដែលជាអ្នកស្រឡាញ់ភាសាបារាំងដ៏ខ្លាំងក្លា។
ចំណែកឯលោក ព្យ៊ែរ ហ្ស៊ីឡេត (Pierre Gillette) ដែលជាអតីតនិពន្ធនាយកាសែតភាសាបារាំងកំបូដស័រដ៏មានវិជ្ជាជីវៈ លោកមើលឃើញថា មានលទ្ធផលជាក់ស្តែងជាច្រើនបានកើតមាននៅប្រទេសកម្ពុជា ដូចជាក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ តាមរយៈប្រទេសបារាំង និងសមាគមប្រទេសនិយាយភាសាបារាំង។ ប៉ុន្តែអ្នកកាសែតជនជាតិបារាំងរូបនេះ ក៏បានមើលឃើញពីការថមថយចុះនៃឥទ្ធិពលភាសាបារាំងនៅកម្ពុជាដែរ ហើយលោកចង់ឃើញហ្វ្រង់កូហ្វូនីប្រើប្រាស់មធ្យោបាយនានាដើម្បីធ្វើយ៉ាងណាឲ្យភាសាបារាំងលេចធ្លោឡើងវិញនៅកម្ពុជា។ លោក ហ្ស៊ីឡេត យល់ឃើញថា ការបាត់បង់សារព័ត៌មានជាភាសាបារាំងនៅកម្ពុជា មានតែធ្វើឲ្យការធ្លាក់ចុះប្រជាប្រិយភាពភាសាបារាំងតែប៉ុណ្ណោះ៕
Tag:
ភាសាបារាំង Francophonie
Eva Nguyen Binh
Sim Sieng Pav
Pierre Gillette
© រក្សាសិទ្ធិដោយ thmeythmey.com