អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ ប្រាប់​សាធារណជន​កុំ​ឲ្យ​បារម្ភ​ថា​ក្រុមហ៊ុន​របស់ Jack Ma ក្តោប​ក្តាប់​សេដ្ឋកិច្ច​ថៃ​
22, Apr 2018 , 6:30 pm        
រូបភាព
ដោយ:
​ប្រមុខ​របប​សឹក​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ​អូ​ចា បាន​ច្រានចោល​នូវ​ការលើកឡើង​ពី​ការអភិវឌ្ឍ​ទៅរក​ការក្តោបក្តាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដោយ​ក្រុមហ៊ុន​អន​ឡាញ​ចិន Alibaba របស់ លោក Jack Ma​។ ប្រតិកម្ម​នេះ​កើតឡើង ក្រោយពី​រដ្ឋាភិបាល​ថៃ បាន​ចុះហត្ថលេខា​វិនិយោគ​ជាមួយ ក្រុមហ៊ុន​នេះ ក្នុង​ទំហំ​ជាច្រើន​លាន​ដុល្លារ​នាពេល​ថ្មីៗ​នេះ ។


 
​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅ​ថ្ងៃ​២១ មេសា បាន​អះអាងថា លោក បានទទួល​និង​ស្តាប់លឺ​ពី​ក្តីបារម្ភ​របស់​សាធារណជន ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា​ពាណិជ្ជកម្ម ជាមួយ​ក្រុមហ៊ុន​យក្ស​របស់លោក Jack Ma​។ ប៉ុន្តែ​លោក ប្រា​យុទ្ធ ក៏​សុំ​ចិត្ត​សាធារណជន បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួលយក​ផលប្រយោជន៍​ល្អ​ពី​ការ​សហប្រតិបត្តិការ​នោះ ។ 
​តាម​ប្រភពព័ត៌មាន​ថៃ The Nation អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍  Sansern Kaewkamnerd ក៏បាន​ឲ្យ​ដឹងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ និង​ការរិះគន់​មួយចំនួន​ពី​មជ្ឈដ្ឋាន​អ្នកវិនិយោគ​ក្នុង​ស្រុកថៃ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ បានចេញ​បញ្ជា​មួយ​ដល់​ក្រុម​អ្នកជំនាញ​សេដ្ឋកិច្ច​ដើម្បី​ពិនិត្យមើល​ពី​តុល្យភាព នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច ។ 
 
​អ្នក​នាំំ​ពាក្យ​រូបនេះ បាន​សង្កត់ធ្ងន់ថា​៖« ខណៈ​ពិចារណា​ក្នុងការ​ទទួលយក​ផលប្រយោជន៍​ពី​ការវិនិយោគ​យ៉ាង​ប្រុងប្រយ័ត្ន​ពី​វិនិយោគិន​បរទេស យើង ក៏​ត្រូវតែ​ការពារ​អ្នកវិនិយោគ​ថៃ និង សហគ្រាស​ធុន​តូ​ត និង​មធ្យម​ដូចគ្នា​ផងដែរ​។ លោកនាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​អ្នកជំនួញ​ថៃ​ផ្លាស់​ខ្លួន​ដើម្បី​ប្រកួតប្រជែង និង​កុំ​មើល​ការវិនិយោគ​បរទេស​ជា​ឧបសគ្គ​» ។ 
​សូម​ជម្រាប​ផងដែរ​ថា លោក Jack Ma ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ផ្សារ​លក់ទំនិញ​អន​ឡាញ Alibaba ដ៏​ធំ​បំផុត​របស់​ចិន បាន​ចូល​ពិភាក្សា​ផ្លូវការ​ជាមួយ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចន្ទ អូ​ចា ហើយ លោក ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សារណ​យោគយល់​វិនិយោគ​សរុប​ទំហំ ១១ ពាន់​លាន​បាត ។ ការវិនិយោគ​នេះដែរ ត្រូវបាន​លោកនាយក​រដ្ឋ​ម​ន្ត្រៃ​ថៃ អះអាងថា នឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​ដល់​សហគ្រាស​របស់​កសិក​រ និង​សហគ្រាស​តាម​ជនបទ ៕ 
 
 

Tag:
 ថៃ
  Jack Ma
© រក្សាសិទ្ធិដោយ thmeythmey.com