ជាតិ
សម្តេចក្រុមព្រះ និងអ្នកម្នាងរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ
× សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងអ្នកម្នាង អ៊ុក ផល្លា បាន ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តនៅភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាម៉ោងជិត៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា។ គ្រោះថ្នាក់នេះបានបណ្ដាលឲ្យសម្ដេចក្រុមព្រះ និងអ្នកម្នាងរងរបួសធ្ងន់ និងមនុស្សមួយចំនួនទៀតបានរងរបួស។
បើតាមមន្ទីរព័ត៌មានខេត្តព្រះសីហនុ សម្តេចក្រុមព្រះ និងអ្នកម្នាង ត្រូវបានទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។ មន្ត្រីប៉ូលិសម្នាក់នៅស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យប្រាប់ ThmeyThmey ថា ស្ថានភាពសម្តេចក្រុមព្រះ មិនមានលក្ខណៈធ្ងន់ធ្ងរ ដូចអ្នកម្នាងឡើយ។
បើតាមប្រភពនៅកន្លែងកើតហេតុ ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ បានប៉ះទង្គិចជាមួយរថយន្តឈ្នួលដឹកអ្នកដំណើរមួយគ្រឿង។ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច មិនទាន់បញ្ជាក់លំអិតពីហេតុការណ៍នេះឡើយ ព្រោះលោកស្ថិតនៅក្នុងខេត្តបាត់ដំបង។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានរាយការណ៍លំអិតថា ហេតុការណ៍បានកើតឡើងនៅម៉ោង៨ និង៥០នាទី លើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២០០-២០១ ស្ថិតនៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គ្រោះថ្នាក់បានបង្កឡើងដោយរថយន្តតាក់ស៊ី ដែលមានអ្នកបើកបរឈ្មោះ វ៉ុល សារ៉េត ក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ។ រថយន្តតាក់ស៊ីដែលដឹកភ្ញៀវ៤នាក់ បានរ៉េចង្កូតទៅខាងឆ្វេងដៃបុកនឹងរថយន្តរបស់សម្តេចក្រុមព្រះ ក្នុងទិសដៅផ្ទុយគ្នា។
របាយការណ៍បឋមបានបង្ហាញថា មនុស្ស៧នាក់ក្នុងនោះស្រី២នាក់រងរបួស។ អ្នកម្នាង អ៊ុក ផល្លា និងសម្តេច ក្រុមព្រះស្ថិតក្នុងចំណោមអ្នករងរបួសទាំងនោះ ។
នេះមិនមែនជាលើកដំបូងឡើយដែលសម្តេចក្រុមព្រះជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ត។ អ្នកម្នាងផល្លាក៏ធ្លាប់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចាមកាលពីឆ្នាំ២០១៥កន្លងមកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com