អន្តរជាតិ
អូស្ត្រាលី​ត្រៀម​បង្កើត​គម្រោង​វា​រី​អគ្គិសនី​ដ៏​មាន​ម​ហិ​ច្ឆិ​តា​មួយ​
14, Mar 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​គម្រោង​នេះ​ជា​គម្រោង​វិស្វកម្ម​ដ៏​ស្មុគស្មាញ និង​ប្រកបដោយ​មហិច្ឆតា​មួយ ហើយ​គម្រោង​នេះ​អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់ផ្ទះ​ចំនួន ៥ សែន ខ្នង​។​

 
​ខាងក្រោម​នេះ​ជា​របៀប​នៃ​ការផលិត​ថាមពល​របស់​វា​រី​អគ្គិសនី​នេះ​។ នៅពេលដែល​រោងចក្រ​ផលិត​អគ្គិសនី​ដោយ​ខ្យល់ និង​ដោយ​ពន្លឺព្រះអាទិត្យ ផលិត និង​បញ្ជូន​ថាមពល​លើសពី​តម្រូវការ ថាមពល​ដែល​នៅ​សេសសល់​នឹង​បញ្ជូន​ទឹក​ទៅវិញទៅមក​រវាង​ទំនប់ទឹក​ពីរ​នៅ​ឧទ្យាន​ជាតិ Kosciuszko​។​
 
​ទឹកនឹង​ហូរ​តាម​បង្ហូរទឹក​ក្រោម​ដី និង​បំពង់​ទឹក​ក្រោម​ដី​ចម្ងាយ ២៦ គីឡូម៉ែត្រ ឡើងទៅ​ចូលទៅក្នុង​បឹង​ចំនួន​ពីរ​។ នៅពេលដែល​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​មិនអាច​ផ្គត់ផ្គង់​ថាមពល​បាន​គ្រប់គ្រាន់ ទឹកនឹង​ត្រូវ​បញ្ចេញ​ត្រឡប់​ទៅវិញ​តាមផ្លូវ​បង្ហូរទឹក​ក្រោម​ដី ដោយ​បង្វិល​ស្លាប​កង្ហារ​តួប៊ីន ដើម្បី​ផលិត​ថាមពល​វា​រី​អគ្គិសនី​។​


 
​ការងារ​ខាងមុខ​សម្រាប់​ក្រុម​វិស្វករ​គឺ​សំខាន់​ណាស់​។ ផ្លូវ​បង្ហូរទឹក​ក្រោម​ដី​ត្រូវ​ឆ្លងកាត់​ថ្ម ៥ ប្រភេទ​ផ្សេងៗ​គ្នា ក៏ដូចជា​ទន្លេ និង​ព្រែក​មួយចំនួន​ផងដែរ​។ មុន​ពេលដែល​គម្រោងរ​យៈ​ពេល ៥ ឆ្នាំនេះ​មានដំណើរ​ការ​ទៅមុខ ការសិក្សា​មួយ​នឹង​កំណត់ថា​តើ​គម្រោង​ថាមពល​វា​រី​អគ្គិសនី​នេះ​អាចធ្វើ​ទៅរួច និង​អាច​ទទួលបាន​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ដែរ​ឬក៏​យ៉ាងណា​។​
 
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ជឿថា គម្រោង​នេះ​នឹង​ក្លាយជា​ការពិត​។​
 
​លោកនាយក​រដ្ឋមន្ត្រី Morrison និយាយថា​៖ «​គម្រោង​នេះ​នឹង​ដើរតួ​ជា​ផ្នែក​មួយ​នៃ​គម្រោង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​យើង ដើម្បី​ជួយ​យើង​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ផ្សែង​ពុល​ទៅក្នុង​អាកាស និង​ធានាថា ការវិវត្ត​ផ្នែក​ថាមពល​កកើត​ឡើងវិញ​ដែល​កំពុងតែ​មានដំណើរ​ការ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អាច​ត្រូវ​ធានាបាន តាមរយៈ​ការផ្គត់ផ្គង់​ថាមពល​ដ៏​មុតមាំ ដែល​កើតចេញពី​គម្រោង​ប្រភេទ​នេះ​»​។​
 
​គម្រោង​នេះ​បានផ្ដល់​ដង្ហើម​ឡើងវិញ​ដល់​គម្រោង​ថាមពល​វា​រី​អគ្គិសនី​កាលពី​ដំបូង​នៅ​តំបន់ Snowy Mountains នេះ ដែល​នៅពេលនោះ វា​ជា​គម្រោង​វិស្វកម្ម​ដ៏​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​។ ការសាងសង់​គម្រោង​នោះបាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ១៩៤៩ និង​បាន​បញ្ចប់ទៅ​នៅ​ពាក់កណ្ដាល​ទសវត្សរ៍ ១៩៧០ ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​គម្រោង​កសាង​ជាតិ​ដ៏​ពិតប្រាកដ​មួយ​។​
 
​ការសិក្សា​ស្រាវជ្រាវ​នាពេល​ថ្មីៗ​នេះ​ដែល​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (Australian National University) បាន​បង្ហាញថា នៅក្នុង​សន្ទុះ​បច្ចុប្បន្ន ប្រទេស​អូស្ត្រាលី​អាច​រំពឹងថា​នឹង​ទទួលបាន​ការផ្គត់ផ្គង់ ១០០ ភាគរយ ដោយ​ថាមពលបៃតង ឬ​ប្រភព​ថាមពល​ដែល​មិន​បង្ក​ការប៉ះពាល់​ដល់​បរិស្ថាន ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាងមុខ​។​
 
​ថាមពលខ្យល់ និង​ថាមពល​ពន្លឺព្រះអាទិត្យ​គឺជា​ថាមពល​ដែល​គ្របដណ្ដប់​ក្នុង​វិស័យ​ថាមពល​កកើត​ឡើងវិញ ទោះបីជា​អគ្គិសនី​មួយ​ភាគ​ធំ​នៅ​ប្រទេស​អូស្ត្រាលី​នៅតែ​ផលិតឡើង​ពី​ធ្យូងថ្ម​ក៏ដោយ​។​
 
​រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយថា ខ្លួន​នឹង​នៅតែ​ប្រើប្រាស់​ថាមពល​ដែល​ផលិត​ពី​ធ្យូងថ្ម ទោះបី​ជាមាន​ក្តីបារម្ភ​ថា ថាមពល​ផលិត​ពី​ប្រភេទ​ប្រេងឥន្ធនៈ​នេះ រួមចំណែក​ដល់​ការកើនឡើង​កម្ដៅ​ផែនដី​ក៏ដោយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com