ដោយ៖ Matias Andres
កីឡាករ រិន សារ័ត្ន របស់ក្លិប Cambodian Top Team បានទទួលរងបរាជ័យក្នុងការប្រកួតគុនចម្រុះ ក្នុងសង្វៀន ONE Championship កាលពីថ្ងៃទី៨ ខែមីនា ក្នុងក្រុងយ៉ាំងហ្គូនប្រទេសមីយ៉ាន់ម៉ា។
សារ័ត្ន បានតតាំង៣ទឹកពេញទល់នឹងជើងឯកចំបាប់ Chin State Wrestling Champion ៤សម័យ “The Dragon Leg” Tial Thang ហើយបានបញ្ចេញសមត្ថភាពយ៉ាងប៉ិនប្រសប់ទាំងពេលឈរវាយ និងផ្ដេកខ្លួនលើផ្ទៃសង្វៀន។
យ៉ាងណា សារ័ត្ន មិនអាចរារាំងការព្យាយាមច្បាប់ផ្ដួលរបស់ Tial Thang បាន និងត្រូវបានកូនសិស្ស Aung La N Sang សង្កត់ពីលើ២ដង ហើយទីបំផុតគេបានចាញ់ដោយពិន្ទុឯកច្ឆន្ទក្នុងការប្រកួតលើកទី១របស់គេក្នុងឆ្នាំ២០១៩។
សារ័ត្ន បានរៀបរាប់ថា៖ «ខ្ញុំបានសង្ឃឹមថាខ្ញុំនឹងឈ្នះការប្រកួតនោះ។ នៅពេលខ្ញុំឮថាគូប្រកួតរបស់ខ្ញុំនិយាយថានឹងផ្ដួលខ្ញុំយ៉ាងស្រួលក្នុងទឹកទី១ ខ្ញុំគ្មានខ្លាចសោះឡើយ។ ផ្ទុយទៅវិញ សម្ដីនោះបានជំរុញទឹកចិត្តខ្ញុំឱ្យខំហាត់កាន់តែខ្លាំង ហើយខ្ញុំចង់បង្ហាញឱ្យគេឃើញថាគេមិនអាចផ្ដួលអត្តពលិក MMA របស់កម្ពុជាបានដោយងាយនោះទេ។ ទោះបីគេឈ្នះ ក៏ខ្ញុំនឹងធ្វើឱ្យគេឈ្នះទាំងពិបាកដែរ»។
ក្នុងទឹកទី១នៃការប្រកួតនោះភាគច្រើនអ្នកទាំងពីរឈរវាយ និងបានប្ដូរកណ្តាប់ដៃនិងជើងទៅវិញទៅមកដើម្បីស្ទាបស្ទង់គ្នា។
ទោះបីបរិយាកាសក្នុងកីឡដ្ឋាន Thuwunna Indoor Stadium ពេញដោយសំឡេងហ៊ោសម្រាប់កីឡាករម្ចាស់ផ្ទះក៏ដោយ តែ សារ័ត្ន បានរក្សាភាពស្ងប់ស្ងាត់និងស្ដាប់តែសំឡេងពីបង្គោលរបស់គេប៉ុណ្ណោះដែលមានលោក ហ៊ុន ចាន់រាជ្យ ឈរនៅទីនោះ។
សារ័ត្ន ពន្យល់ថា៖ «ក្នុងទឹកទី១ ខ្ញុំវាស់ស្ទង់បច្ចេកទេសរបស់ខ្ញុំជាមួយបច្ចេកទេសរបស់គេនិងបានចងចាំអ្វីដែលគ្រូរបស់ខ្ញុំបានប្រាប់ឱ្យចូលទៅក្បែរគេ[Thang} ដោយប្រុងប្រយ័ត្ន។ Thang វាយធ្ងន់ណាស់ ដូច្នេះខ្ញុំបម្លាស់ទីទៅឆ្វេងទៅស្ដាំហើយចូលកៀកតែពេលឃើញឱកាសល្អប៉ុណ្ណោះ»។
ជាអ្នកលេងគុនខ្មែរចាស់វស្សាម្នាក់ សារ័ត្ន ដឹងថាចំណុចមានប្រៀបរបស់គេគឺកណ្ដាប់ដៃនិងទាត់ ហើយអំឡុងការប្រកួតរយៈពេលសរុប១៥នាទីនោះគេបានវាយចូលមុខ Thang ជាច្រើនដៃ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីឲ្យ Thang សន្លប់ឡើយ។
នៅទឹកទី៣ដែលជាទឹកចុងក្រោយ សារ័ត្ន ដឹងថាគេត្រូវវាយ Thang ឲ្យសន្លប់ដើម្បីដណ្ដើមយកជ័យជម្នះ ពិសេសគេដឹងថាអ្នកដែលកំពុងប្រកួតជាមួយគេគឺជាកីឡាករសំណព្វចិត្តម្នាក់របស់ម្ចាស់ផ្ទះដែលទទួលបានការគាំទ្រខ្លាំង។
សារ័ត្ន រំឭកទិដ្ឋភាពពេលនោះថា៖ «គេ(Thang)មានអ្នកគាំទ្រច្រើនណាស់ គឺមិនគួរឲ្យជឿ។ នៅពេលគេឡើងមកក្នុងទ្រុង មនុស្សសឹងគ្រប់គ្នាទះដៃលើកទឹកចិត្តគេ»។
ទោះបែបនេះក្ដី សារ័ត្ន ដឹងថាគេមានលក្ខណៈគ្រប់គ្រាន់ដើម្បីតទល់ជាមួយជើងឯកចំបាប់ច្រើនសម័យរបស់មីយ៉ាន់ម៉ាដូចជា Thang នេះ។
សារ័ត្ន លើកឡើងថា៖«សម្រាប់ជំនាញឈរវាយចេញ ខ្ញុំគិតថាពួកយើងប្រហាក់ប្រហែលគ្នា។ នៅទឹកទី៣ ខ្ញុំកត់សម្គាល់ឃើញថាកម្លាំងនិងល្បឿនរបស់គេធ្លាក់ចុះ តែខ្ញុំក៏ធ្លាក់ចុះដែរ។ ដូច្នេះពួកយើងមិនអាចធ្វើអ្វីបានច្រើនទេក្នុងទឹកទី៣ ដោយសារកម្លាំងរបស់ពួកយើងថមថយដូចគ្នា»។
សារ័ត្ន ខកចិត្តនឹងបរាជ័យក្នុងការចេញប្រកួតលើកដំបូងក្នុងឆ្នាំ២០១៩ និងមិនច្បាស់ថានៅពេលខាងមុខនឹងយ៉ាងណាទេ។ ពេលនេះគេកំពុងដកឃ្លាមួយរយៈពីការប្រកួត ដើម្បីចំណាយពេលជាមួយគ្រួសារ ក្រោយឃ្លាតគ្នាមួយខែយ៉ាងលំបាកអំឡុងពេលទៅហាត់ត្រៀមនៅបាងកក។
ទន្ទឹមនឹងនេះ សារ័ត្ន ថ្លែងអំណរគុណដល់អ្នកទាំងឡាយដែលបានលើកទឹកចិត្តរូបគេទាំងពេលហ្វឹកហាត់នៅភ្នំពេញនិងនៅបាងកក ក៏ដូចជាអ្នកលើកទឹកចិត្តរូបគេពេលកំពុងប្រកួតផ្ទាល់នៅយ៉ាំងហ្គូនផងដែរ។
សារ័ត្ន បញ្ជាក់ថា៖ «ខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់ខ្ញុំទាំងអស់ដែលបន្តលើកទឹកចិត្តខ្ញុំ ទោះបីខ្ញុំមិនទទួលបានជ័យជម្នះក៏ដោយ។ ជាពិសេសសូមអរគុណភរិយារបស់ខ្ញុំនិងគ្រួសាររបស់ខ្ញុំ។ ខ្ញុំសូមយកឱកាសនេះជំរុញដល់គ្រប់គ្នាទាំងបុរសនិងនារីចូលហាត់កីឡា MMA។ នៅពេលអនាគត ពួកយើងនឹងមានការប្រកួត MMA កាន់តែច្រើន»៕