អន្តរជាតិ
លោក ម៉ាក្រុង៖ ការវិនិយោគល្អ គឺគោរពម្ចាស់ផ្ទះ, បង្កើតការងារក្នុងស្រុក និងមិនបង្កើតបំណុល ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាដំណើរទស្សនកិច្ចនៅកេនយ៉ា។ (រូបភាព AFP)
× ក្នុងដំណើរទស្សនកិច្ចនៅអាហ្វ្រិក ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បាននិយាយរិះគន់របៀបវិនិយោគរបស់ចិននៅទ្វីបមួយនេះមិនចេះដាច់ពីមាត់។ នៅជីប៊ូទី លោក ម៉ាក្រុង បានព្រមានប្រទេសអាហ្វ្រិកពីហានិភ័យបាត់បង់អធិបតេយ្យរបស់ខ្លួននៅពេលដែលឥទ្ធិពលសេដ្ឋកិច្ចចិនរីករាលដាលពេញដែលទ្វីបសម្បូរធនធាន។ ទៅដល់កេនយ៉ា មេដឹកនាំបារាំងក៏រិះគន់ចិនដែលធ្វើឲ្យរដ្ឋអាហ្វ្រិកធ្លាក់ខ្លួនក្នុងបំណុលដោយសារកម្ចីរបស់ខ្លួន។
កេនយ៉ា គឺជាគោលដៅទីបីបន្ទាប់ពីជីប៊ូទី និងអេត្យូពីនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដែលមានគោលដៅចែចូវរដ្ឋអាហ្វ្រិកឲ្យមកកៀកបារាំង។ លោក ម៉ាក្រុង និងសមភាគីកេនយ៉ា អ៊ូហ៊ូរូ កេនយ៉ាតា បានធ្វើជាអធិបតីលើការចុះកិច្ចព្រមព្រៀងលើវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងទំហំទឹកប្រាក់ដល់ទៅបីពាន់លានអឺរ៉ូ។
នៅអាហ្វ្រិកជាទ្វីបដែលចិនកំពុងបង្កើនឥទ្ធិពលឥតឈប់ឈរនោះ គោលដៅនៃដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង គឺការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ នយោបាយ និងយោធាជាមួយរដ្ឋអាហ្វ្រិក បន្ទាប់ពីមិនសូវយកចិត្តទុកទ្វីបនេះច្រើនឆ្នាំមក។ ការមិនសូវរបស់អើពើរបស់ប្រទេសប៉ែកអឺរ៉ុប ក្លាយជាឱកាសរបស់ចិនក្នុងការលូកដៃចូលទ្វីបមួយនេះ ដែលប៉ុន្មានឆ្នាំមកនេះបានបោះទុនរាប់ពាន់លានដុល្លារលើគម្រោងជាច្រើន។
លោក ម៉ាក្រុង បាននិយាយវាយប្រហារមហាអំណាចមួយនេះដោយចំហផង និងមិនចំហផងពិសេសការរបៀបរកស៊ីដែលមិនសូវត្រឹមត្រូវ និងការផ្ដល់ប្រាក់កម្ចីច្រើនពេក។ ប្រធានាធិបតីបារាំងរូបនេះនិយាយថា បារាំងចង់បានទំនាក់ទំនងពាណិជ្ជកម្មដែលមានយុត្តិធម៌ និងផ្ដល់ប្រយោជន៍ដល់ប្រជាជនកេនយ៉ា។ លោកបន្ថែមថា ការវិនិយោគដែលល្អ គឺការវិនិយោគដែលគោរពប្រទេសអ្នកទទួល ហើយប្រកបដោយស្ថិរភាពផង។
ចំណែកការវិនិយោគមិនល្អ ត្រូវបានប្រធានាធិបតីវ័យក្មេងរូបនេះពន្យល់ថា ជាការវិនិយោគគម្រោងធំៗនៅប្រទេសផ្សេងដោយមិនបានផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក ហើយត្រូវបានគាំទ្រប្រភពហិរញ្ញវត្ថុជាកម្ចីរយៈពេលវែង ដែលនោះនាំឲ្យប្រទេសទទួលកម្ចីធ្លាក់ខ្លួនក្នុងបញ្ហាបំណុល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
សូមបញ្ជាក់ថា ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថី ចិនបានក្លាយជាដៃគូកាន់តែសំខាន់របស់អាហ្វ្រិកតាមរយៈការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗមានស្ពាន ផ្លូវថ្នល់ ផ្លូវរថភ្លើង និងអាកាសយានដ្ឋានជាដើម។ ប្រទេសអាហ្វ្រិកចូលចិត្តលុយចិន ព្រោះមិនមានលក្ខខណ្ឌសាំញាំច្រើន ហើយក៏មិនមានចំណងអ្វីច្រើនដែរ ដែលពួកគេអះអាងថា មិនដូចខ្ចីលុយពីលោកខាងលិចឡើយ៕
Tag:
បារាំង
អាហ្វ្រិក
ចិន
អេម៉ានុយអែល ម៉ាក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com