ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណារិទ្ធ ៖ កូរ៉េខាងត្បូង គឺជាតួអង្គសំខាន់ ក្នុងការជួយផ្នែកសេដ្ឋកិច្ចឌីជីថលដល់កម្ពុជា លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
× ភ្នំពេញ៖ ដើម្បីឲ្យផ្នែកសេដ្ឋកិច្ចឌីជីថលដំណើរការទៅមុខបាននោះ រដ្ឋាភិបាលកម្ពុជា គួរតែស្នើឲ្យកូរ៉េខាងត្បូង ជួយជ្រោមជ្រែងលើចំណុច ដែលកម្ពុជាចង់បាន។ នោះក៏ព្រោះតែកូរ៉េខាងត្បូង មានបទពិសោធន៍ច្រើន ក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនេះ។ នេះជាការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ខណៈប្រមុខដឹកនាំកម្ពុជា ជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនោះ វាគឺជាឱកាសល្អសម្រាប់កម្ពុជា ក្នុងការទាញយកផលប្រយោជន៍ពីជំនួបនេះ។ លោក ឈាង វណ្ណារិទ្ធ បាននិយាយថា កម្ពុជាគួរតែស្នើឲ្យកូរ៉េខាងត្បូង ឲ្យជួយរៀបចំនិងជ្រោមជ្រែងលើផ្នែកសេដ្ឋកិច្ចឌីជីថល ដែលកម្ពុជាកំពុងរៀបចំគម្រោងនេះ។ សម្រាប់ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ កូរ៉េខាងត្បូងគឺជាតួអង្គសំខាន់មួយ ដែលជួយដោះស្រាយបញ្ហាកម្ពុជា ក្នុងការរៀបចំសេដ្ឋកិច្ចឌីជីថល ព្រោះតែកូរ៉េខាងត្បូង មានបទពិសោធន៍ច្រើន និងការវិវត្តខ្ពស់លើបច្ចេកវិទ្យានេះ។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ឈាង វណ្ណារិទ្ធ បាននិយាយដូច្នេះថា៖« Digital Economy ដែលយើងកំពុងពិភាក្សានៅប្រទេសកម្ពុជានេះ ខ្ញុំគិតថា តួអង្គកូរ៉េខាងត្បូងគឺសំខាន់ ដើម្បីជួយជំរុញការអនុវត្ត Digital Economy នៅស្រុកខ្មែរយើង។ កូរ៉េខាងត្បូងមានបច្ចេកទេសឈានមុខច្រើនគ្រប់វិស័យ ហើយបើនិយាយឲ្យចំទៅបើមិនបានក្រុមហ៊ុន Samsung ធំទេ ក៏(ត្រូវទាញ) ពួកបណ្ដាញផ្គត់ផ្គង់ (Supply Network) ទៅក្រុមហ៊ុន Samsung នោះក៏បាន…។ ដូច្នេះខ្ញុំគិតថា កូរ៉េខាងត្បូងអាចជួយអភិវឌ្ឍនូវផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជាយើងបាន»។
តែយ៉ាងណាការទាញយកផលប្រយោជន៍ពីកូរ៉េខាងត្បូង ក្នុងជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជានេះ វាអាស្រ័យលើគោលនយោបាយច្បាស់លាស់របស់រដ្ឋាភិបាល ក្នុងការរៀបចំបរិយាកាសវិនិយោគ ដើម្បីទាក់ទាញអ្នករកស៊ីពីកូរ៉េខាងត្បូងឲ្យកាន់តែច្រើនមកកាន់កម្ពុជា។ ជាពិសេសគឺការលុបបំបាត់អំពើពុករលួយ និងភាពមិនប្រក្រតី ក្នុងការវិស័យធុរកិច្ច។ នេះជាការលើកឡើងរបស់ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
បច្ចុប្បន្ននេះ កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមលូតលាស់សេដ្ឋកិច្ចឌីជីថល ដោយត្រូវការរយៈពេល៥ឆ្នាំ ដើម្បីបង្កើតមូលដ្ឋានគ្រប់ជ្រុងជ្រោយ និងរយៈពេល ៥ទៅ១០ឆ្នាំ ឬច្រើនជាងនេះ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញ។ ការរៀបចំផ្នែកសេដ្ឋកិច្ចឌីជីថលនេះ គឺដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ ឲ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដោយបង្កើតបរិយាកាសគាំទ្រ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីបណ្ដុះបច្ចេកវិទ្យាឌីជីថល និងបន្តទ្រទ្រង់ការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលនឹងរៀបចំក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែងមួយ ដើម្បីជាមគ្គុទ្ទេសន៍ និងជាក្របខណ្ឌរួមមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ នេះបើតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ហេតុផលដែលកម្ពុជា រៀបចំសេដ្ឋកិច្ចឌីជីថលនេះ គឺទី១ ដោយសារវត្តមានចំនួនយុវជនដ៏ច្រើនដែលមានការអប់រំខ្ពស់ និងងាយទទួលយកបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស ។ទី២ កំណើនប្រើប្រាស់ទូរសព្ទដៃយ៉ាងឆាប់រហ័ស និងឧបករណ៍ឆ្លាត ។ ទី៣ ការរីកចម្រើនឆាប់រហ័សផ្នែកបច្ចេកវិទ្យា តាមរយៈលំហូរវិនិយោគផ្ទាល់ពីបរទេស និងទី៤ ឥទ្ធិពលដ៏លឿននៃឌីជីថលភាវូបនីយកម្មដែលកំពុងកើតមានក្នុងគ្រប់វិស័យសំខានៗនៃសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងនៅកម្ពុជា សេដ្ឋកិច្ចឌីជីថលកំពុងលេចរូបរាងជាបណ្ដើរៗ ស្របពេលដែលមានការបង្កើតសកម្មភាពអាជីវកម្មថ្មីៗ ដូចជា ការទូទាត់ឌីជីថល ការកើនឡើងសកម្មភាពកម្សាន្តអនឡាញ និងកំពុងតែសម្របខ្លួនទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ៕
Tag:
ឈាង វណ្ណារិទ្ធ
ហ៊ុន សែន
កូរ៉េខាងត្បូង
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com