អន្តរជាតិ
រដ្ឋមន្ត្រីស្រីលង្កា៖ ស្រីលង្កាស្វាគមន៍ចិនបណ្ដាក់ទុនវិនិយោគកាន់តែច្រើនទៀត
× បើនិយាយដល់គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ចិន គេប្រាកដជានឹកឃើញមុនគេដល់ស្រីលង្កា។ ស្រីលង្កា បានក្លាយជាឧទាហរណ៍សម្រាប់លោកខាងលិចប្រើប្រាស់ដើម្បីវាយប្រហារគម្រោងរបស់ចិន បន្ទាប់ពីកំពង់ផែដ៏ធំរបស់ស្រីលង្កាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនចិនជាការដោះបំណុល។ យ៉ាងណាមិញ រដ្ឋមន្ត្រីទេសចរណ៍របស់ស្រីលង្កាអះអាងថា ប្រទេសរបស់លោកត្រៀមខ្លួនស្វាគមន៍អ្នករកស៊ីចិន និងរំពឹងទទួលបានប្រយោជន៍កាន់តែច្រើនពីគំនិតផ្ដួចផ្ដើមរបស់ចិន។
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Xinhua រដ្ឋមន្ត្រីអភិវឌ្ឍទេសចរណ៍ សត្វព្រៃ និងសាសនាគ្រិស្តរបស់ស្រីលង្កា John Amaratunga និយាយថា ស្រីលង្កា និងចិនមានចំណងទាក់ទងល្អ ហើយស្រីលង្កាស្ថិតក្នុងចំណោមប្រទេសដំបូងគេមួយដែលគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងវិថីរបស់ចិន។ ដោយសង្ឃឹមថាទទួលប្រយោជន៍ពីគំនិតផ្ដួចផ្ដើមនេះ លោកស្វាគមន៍អ្នកវិនិយោគចិនដែលមានបំណងរកស៊ីនៅស្រីលង្កាពិសេសវិស័យទេសចរណ៍។
តាមរយៈកិច្ចសម្ភាសដដែលនោះ លោក Amaratunga ក៏និយាយដល់កំពង់ផែ Hambantota ដែលកំពុងគ្រប់គ្រងដោយក្រុមហ៊ុនចិន។ ក្រុមហ៊ុនត្រួតត្រាកំពង់ផែនេះ ព្រោះស្រីលង្កាគ្មានលទ្ធភាពសងលុយដែលខ្ចីពីចិនក្នុងគម្រោងអភិវឌ្ឍកំពង់ផែមួយនេះ។ ប៉ុន្តែក្រោយការសាងសង់រួចមក កំពង់ផែទឹកជ្រៅមួយនេះ មិនសូវផ្ដល់អត្ថប្រយោជន៍ច្រើនឡើយ ហើយគេក៏មិនសូវឃើញមានសកម្មភាពនាវាដឹកទំនិញចេញចូលកំពង់ផែនេះដែរ។
យ៉ាងណាក្ដី រដ្ឋមន្ត្រីដដែលនេះលើកឡើងថា ការរកស៊ីរួមគ្នាក្នុងគម្រោងកំពង់ផែ Hambantota បាននាំប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ចក្នុងស្រុក ពិសេសនោះបានលើកកម្ពស់មុខមាត់ស្រីលង្កាជាបណ្ដុំសកម្មភាពផ្លូវសមុទ្រ និងលើកម្ពស់ជីវភាពប្រជាជនផង។ បើតាមរដ្ឋមន្ត្រីរូបនេះ ស្រីលង្កាទទួលបានជំនួយយ៉ាងច្រើនពីចិន ហើយគម្រោងអភិវឌ្ឍរបស់ចិនកំពុងស្ថិតក្នុងដំណាក់កាលទៅរកអភិវឌ្ឍកាន់តែខ្លាំងទៀត។
«យើងស្វាគមន៍គម្រោងទាំងអស់ និងដឹងគុណរដ្ឋាភិបាលចិន និងប្រជាជនចិនដែលផ្ដល់ជំនួយដល់ស្រីលង្កាដើម្បីការអភិវឌ្ឍរបស់ខ្លួន។» នេះជាការបញ្ជាក់របស់លោក Amaratunga ជុំវិញជំនួយរបស់ចិន មុននឹងបន្ថែមថា ស្រីលង្កានឹងដាក់សំណើលើគម្រោងថ្មីៗទៀតអំឡុងវេទិកាខ្សែក្រវាត់ និងវិថីលើកទីពីរនៅប៉េកាំងនៅខែក្រោយ។
ស្រីលង្កាដែលជំពាក់ចិនរហូតឲ្យកំពង់ទៅចិនដល់ទៅ៩៩ឆ្នាំនោះ គ្មានបំណងបោះបង់គម្រោងរបស់ចិនឡើយ។ បច្ចុប្បន្ន ក្រុមហ៊ុនចិនកំពុងសាងសង់ទីក្រុងជាប់មាត់សមុទ្រមួយទៀតនៅក្បែរកំពង់ផែកូឡុំបូ ដែលបានផ្ដល់ការងារច្រើនដល់ប្រជាជនស្រីលង្កា។ នាយករដ្ឋមន្ត្រីស្រីលង្កា Ranil Wickremesinghe អះអាងថា ទីក្រុងកំពង់ផែនេះ នឹងធ្វើឲ្យរដ្ឋធានីកូឡុំប៊ីក្លាយជាទីក្រុងហិរញ្ញវត្ថុ និងទីប្រជុំពាណិជ្ជកម្មដ៏ធំ៕
© រក្សាសិទ្ធិដោយ thmeythmey.com