ជាតិ
អាជ្ញាធរ​ភ្នំពេញ ឲ្យ​មេបក្ស​ខ្មែរ​ក្រោក កែតម្រូវ​ពាក្យសម្តី បើ​មិន​ចង់​ប្រឈម​ផ្លូវច្បាប់​
14, Mar 2019 , 5:18 pm        
រូបភាព
លោក វិល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក
លោក វិល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក
​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ​វិ​ល្លាម ហ្គ័​ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ឲ្យ​ពិនិត្យ​កែតម្រូវ​ឡើងវិញ​នូវ​ពាក្យ ដែល​លោក​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ចៀសវាង​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ពីបទ «​ការប្រមាថ និង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​»​។


 
​ការចេញ​លិ​ខិ​ស្នើ​ឲ្យ​មានការ​កែតម្រូវ​នៅ​ថ្ងៃទី​១៣​មីនា​នេះ គឺ​បន្ទាប់ពី​លោក វិ​ល្លាម ហ្គ័​ង សរសេរ​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កនា​ពេលកន្លងមក​ថា​៖«...​សួរថា តើ​ស្គាល់​សម្ដី​ចៅហ្វាយក្រុង និង​ស្ដាប់​សំឡេង គី​គី ព្រុស​មួយណា​ល្អ​ជាង​...»​។ ការសរសេរ​របស់លោក គឺ​ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ផ្លូវ​២១៧ និង​ការគ្រប់គ្រង​ការ​ចរាចរណ៍​រថយន្ត​ធ្ងន់​ក្នុង​ក្រុង​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ក្នុង​លិខិត​ថា ការប្រើ​ពាក្យពេចន៍​អសីលធម៌ គ្មាន​មូលដ្ឋាន និង​ផ្ទុយ​ពី​ការពិត​បែបនេះ គឺជា​ការ​បង្ខូចឈ្មោះ ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នករាជការ​សាធារណៈ និង​ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ​។ 
 
​ថ្ងៃទី​១៤​មីនា​នេះ លោក វិ​ល្លាម ហ្គ័​ង បាន​សរសេរ​ឆ្លើយតប​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​៖«​សម្រាប់​ខ្ញុំ សិទ្ធិ​នៃ​ការ​ស្ដាប់​របស់ខ្ញុំ គឺ​ស្ដាប់ គី​គី​ព្រុស​វា​ពីរោះ​ជាង ហើយ​ពុំមាន​ចេតនា​ណា​ហ៊ាន​ទៅ​ប្រមាថ​អស់លោក​ទេ នេះ​ជា​សេរីភាព​នៃ​ការ​ស្ដាប់​របស់ខ្ញុំ​។ តែ​ពាក្យ​មួយ​ឃ្លា​ដែល​ងាយ​យល់​នេះ បើ​បង្ក​ជាការ​ភ័ន្តច្រឡំ ខ្ញុំ ឯកភាព​ក្នុង​ការកែប្រែ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ និង​កុំ​ឲ្យ​រំខាន​ពេល​សាលាក្រុង​មកប្ដឹង​ខ្ញុំ ដើម្បី​ឲ្យ​សាលាក្រុង​យក​ពេលនោះ​បម្រើសេវា​សាធារណៈ ជាពិសេស​យក​ពេល​ចាត់វិធានការ​លើ​ឡានធំ​ចូល​ក្រុង​វិញ​»៕ 
 

Tag:
 វិ​ល្លាម ហ្គ័​ង​
  សាលា​រាជធានី​
© រក្សាសិទ្ធិដោយ thmeythmey.com