អន្តរជាតិ
យន្តហោះមួយគ្រឿងបើកត្រឡប់ក្រោយវិញ ដោយសារអ្នកដំណើរម្នាក់ភ្លេចយកកូន
× យន្តហោះមួយគ្រឿង បានបកត្រឡប់ចូលអាកាសយានដ្ឋាននៅក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត វិញ ក្រោយអ្នកដំណើរស្រីម្នាក់ បានប្រកាសថា ខ្លួនភ្លេចកូននៅកន្លែងចេញដំណើរ។ នេះបើតាមការផ្សាយរបស់ Gulf News។
យន្តហោះ បានចេញដំណើរពីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ឆ្ពោះទៅកាន់ក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ទី៩ ខែមីនា ប៉ុន្តែចេញដំណើរមិនយូរប៉ុន្មានផង។ ស្ត្រីម្នាក់បានស្រែកឆោឡោរថា ខ្លួនភ្លេចកូននៅកន្លែងចេញដំណើរនៃអាកាសយានដ្ឋានអន្តរជាតិ King Abdul Aziz ក្រុង Jeddah។
Gulf News បានបញ្ជាក់ថា បុគ្គលិកបម្រើការក្នុងយន្តហោះ បានភ្ជាប់ទំនាក់ទំនងទៅអ្នកបើកបរ ហើយបន្តទៅមន្ត្រីនៅអាកាសយានដ្ឋាន។ «អ្នកដំណើរម្នាក់ បានភ្លេចកូនកន្លែងចេញដំណើរ ហើយគាត់ទាមទារចុះវិញ»។ នេះជាសំដីរបស់អាកាសយានិក ដែលដកស្រង់ដោយក្រុមអ្នកសារព័ត៌មាន។
ក្រោយមក ភ្នាក់ងារនៅអាកាសយានដ្ឋាន បានបើកភ្លើងខៀវដល់ពីឡុត ឲ្យបើកត្រឡប់ក្រោយវិញ។ សារព័ត៌មានមិនបានផ្សព្វផ្សាយព័ត៌មានលំអិតបន្ថែមទៀតឡើយទាក់ទងនឹងរឿងរ៉ាវដែលមិននឹកស្មានដល់បែបនេះ។
កាសែត The Guardian បានលើកឡើងថា វាជាករណីដ៏កម្របំផុតដែលយន្តហោះត្រូវត្រឡប់ក្រោយវិញដោយសារបញ្ហាផ្សេងក្រៅពីបញ្ហាបច្ចេកទេស ឬករណីសុខភាពរបស់អ្នកធ្វើដំណើរ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ករណីដ៏ហួសចិត្តមួយចំនួនបានកើតឡើងផងដែរ។
ជាក់ស្តែង កាលពីឆ្នាំ២០១៣ យន្តហោះក្រុមហ៊ុន American Airlines មួយ បានសម្រេចចុះចតខុសគោលដៅ ដោយសារតែអ្នកដំណើរម្នាក់មិនព្រមឈប់ច្រៀងបទ «I Will Always Love Your» របស់ Whitney Houston៕
© រក្សាសិទ្ធិដោយ thmeythmey.com