ភ្នំពេញ៖ ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានទទួលវិញ្ញាបនបត្រ ជាស្ថាប័នដ៏សំខាន់ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រ មានភាពប្រសើរឡើង«The Leader Milestone»និងជាស្ថាប័នដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសម្រេចបាននូវភាពជោគជ័យនេះ ដែលផ្តល់ដោយ Truelift។ អេ អឹម ខេ បានចូលរួមប្រកួតប្រជែង ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៦ ផ្សេងទៀតនៅក្នុងពិភពលោក សម្រាប់ការទទួលស្គាល់ជាអ្នកដឹកនាំដ៏សំខាន់របស់ Truelift ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
ចំណុចរួមតែមួយ ដែលស្ថាប័នទាំងអស់ត្រូវបានទទួលស្គាល់នោះ គឺជាការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្ថានភាពក្រីក្រ។ ក្នុងនោះដែរ វិញ្ញាបនបត្ររបស់ អេ អឹម ខេ ដែលទទួលស្គាល់ដោយ Truelift ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ អេ អឹម ខេ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងធ្វើឱ្យប្រសើរឡើង នូវជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅក្នុងស្ថានភាពក្រីក្រផងដែរ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន អេ អឹម ខេ បានលើកឡើងថា អេ អឹម ខេ ពិតជាមានមោទកភាពខ្លាំងណាស់ ដែលទទួលបាននូវវិញ្ញាបនបត្រ ជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” ពី Truelift នេះ។ លោក គា បូរាណ បន្តអះអាងថា កត្តាសំខាន់ដែលធ្វើឱ្យ អេ អឹម ខេ ងាយនឹងទទួលសមិទ្ធផលនេះ ដោយសារតែការប្រកាន់ភ្ជាប់នូវការអនុវត្តបេសកកម្ម និងទស្សនវិស័យរបស់ខ្លួន ពោលគឺដើរស្របនឹងលក្ខខណ្ឌរបស់គម្រោង Truelift ដោយផ្តោតលើការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ។
បើតាម ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថាន អេ អឹម ខេដដែល រាល់ការបង្កើតផលិតផល និងសេវាកម្មណាមួយ អេ អឹម ខេ ព្យាយាមគិតពីប្រយោជន៍អតិថិជនជាសំខាន់ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ធ្វើយ៉ាងណា ឱ្យពួកគេមានលទ្ធភាពអាចប្រើប្រាស់សេវាកម្មរបស់ខ្លួន។
លោក គា បូរាណ បញ្ជាក់ដូច្នេះថា៖« យើងតែងតែផ្តល់សេវាកម្មដល់អតិថិជន ដោយប្រកាន់នូវគោលការណ៍ការពារអតិថិជនប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់។ ក្រៅពីទទួលបាននូវវិញ្ញាបនបត្រជាអ្នកដឹកនាំដ៏សំខាន់ “The Leader Milestone” អេ អឹម ខេ ក៏ធ្លាប់ទទួលជាគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តពេញលេញតាមគោលការណ៍ ការពារអតិថិជនពី Smart Campaign ផងដែរកាលពីឆ្នាំ២០១៦»។
រយៈពេលជាង ១៥ឆ្នាំមកនេះ អេ អឹម ខេ បាន និងកំពុងបន្តការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ តាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែបរបស់ខ្លួន និងការវិនិយោគលើ បច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ ស្របពេលជាមួយគ្នានេះដែរ អេ អឹម ខេ នៅតែប្រកាន់ខ្ជាប់នូវគោលការណ៍ ជួយដល់សង្គមរបស់ខ្លួន ជាពិសេសការកាត់បន្ថយភាពក្រីក្រ។ ដូចដែលបានបង្ហាញតាមរយៈលទ្ធផលនៃការវាយតម្លៃរបស់ Truelift ធ្វើឡើងនៅខែវិច្ឆិកាឆ្នាំ ២០១៨ ដោយ M-CRIL ។ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរជាង ១៥ ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានជួយដល់អតិថិជន និងគ្រួសាររបស់ពួកគេ ជាពិសេសអ្នករស់នៅតំបន់ដាច់ស្រយាល ឲ្យទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។
Truelift គឺជាគម្រោងគំនិតផ្តួចផ្តើមជាសាកលមួយ ដែលបង្កើតឡើងដើម្បីជំរុញឱ្យមានគណនេយ្យភាព ក្នុងការអភិវឌ្ឍប្រជាជនក្រីក្រ។ Truelift ជានិមិត្តសញ្ញាដែលទុកចិត្ត ត្រូវបានទទួលស្គាល់ជាអន្តរជាតិ លើវិស័យមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មសង្គមផ្សេងៗ ដើម្បីបង្ហាញការបេ្តជ្ញាចិត្ត ចំពោះការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែង សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារស្ថានភាពក្រីក្រ។
គួរឱ្យកត់សម្គាល់ផងដែរថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេ លើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមចុងឆ្នាំ២០១៨នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ៣.០០០នាក់ ដែលកំពុងផ្តល់សេវាដល់អតិថិជន ជិត ៨០០.០០០នាក់ ក្នុងភូមិចំនួន ១៣.៦០៧ភូមិ។ ចំនួននេះស្មើនឹង ៩៦% ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៥២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៥៨ លានដុល្លារអាមេរិក អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជិត ៤.០០០កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕
(អត្ថបទពាណិជ្ជកម្ម)