អន្តរជាតិ
ហេតុអ្វីចិនមានល្វែងម៉ោងតែមួយ? លោក ម៉ៅ សេទុង អ្នកកំណត់
× នៅក្នុងថ្ងៃខ្លះ ព្រះអាទិត្យមិនទាន់រះទេទោះបីជាទ្រនិចនាឡិកាកំពុងចង្អុលទៅម៉ោងដប់ព្រឹកមែន។ ពេលខ្លះ ប្រជាជនក្នុងតំបន់មួយចំនួនបរិភោគអាហារថ្ងៃត្រង់នៅម៉ោងជាង២រសៀលឯណោះ។ ហេតុអ្វីបានជាម៉ោងនៅទីតាំងខ្លះនៃប្រទេសចិន មានលក្ខណៈប្លែកជាងធម្មតាយ៉ាងនេះ?
កាសែតអាមេរិក The New York Times ផ្សាយ នេះកេរមរតកបន្សល់ទុកអតីតមេដឹកនាំចិន ម៉ៅ សេទុង នៅក្នុងឆ្នាំ១៩៤៩ ក្នុងការបង្រួបបង្រួមប្រទេសចិនឲ្យទៅជាប្រទេសតែមួយ ដោយជ្រើសរើសម៉ោងគោលមួយគឺម៉ោងនៃទីក្រុងប៉េកាំង។
ម៉ោង៧ព្រឹកនៅ ទីក្រុងប៉េកាំង ពន្លឺព្រះអាទិត្យចាប់ផ្តើមបំភ្លឺទីប្រជុំជនជាបណ្តើរៗ ចំណែកឯទីក្រុង Urumqi ដែលមានចម្ងាយជាង៣២០០គីឡូម៉ែត្រខាងលិចទីក្រុងប៉េកាំង ម៉ោង៧ព្រឹកដូចគ្នាដាក់បីដូចជាមេឃងងឹតកណ្តាលអាធ្រាត។ រឿងមួយនេះបានរំខានលោក Gao Li យ៉ាងខ្លាំង។ អ្នកធ្វើការខាងផ្នែកអនាម័យមួយរូបនេះ បាននិយាយថា វាលំបាកក្នុងការសម្របតាមខ្លាំងណាស់ ជាពិសេសនៅក្នុងទីក្រុង Urumqi មួយនេះ។ លោកបានបន្តថា៖ «ខ្ងុំគិតថាពួកយើងគឺជាក្រុមមនុស្សតែមួយគត់ដែលបរិភោគអាហារពេលល្ងាច នៅម៉ោងកណ្តាលអាធ្រាត»។
ទោះបីជាសាលារៀន អាកាសយានដ្ឋាន និងរថភ្លើងសាធារណៈក៏ដំណើរការនៅក្នុងម៉ោងដែលមានលក្ខណៈប្លែកពីគេផងដែរ។ ពេលខ្លះទៀតការប្រលងត្រូវបានគេធ្វើឡើងនៅម៉ោងយប់ជ្រៅ ចំណែកឯភោជនីយដ្ឋានខ្លះ បើកទ្វាររហូតដល់ម៉ោងជិតភ្លឺ។
ភាពខុសគ្នានៃការកំណត់ពេលវេលានេះ ក៏បានបង្កើតឲ្យមានការមិនយល់ស្របគ្នារវាងជាតិសាសន៍ផ្សេងៗដែលរស់នៅក្នុងទឹកដីតែមួយ។ ចំពោះជនជាតិ Uighurs ដែលជាជនជាតិម៉ូស្លីមនិយាយភាសាតួកគី រស់នៅក្នុងខេត្ត Xinjiang នៃប្រទេសចិន តែងប្តូរម៉ោងនៅទីនោះចំនួនពីរម៉ោងមុនម៉ោងនៅទីក្រុងប៉េកាំង ដើម្បីឲ្យមានភាពងាយស្រួលក្នុងការរស់នៅ ធ្វើការ ឬធ្វើអាជីវកម្មផ្សេងៗ។ ចំណែកឯប្រជាជនចិនអម្បូរ Han ដែលរស់នៅក្នុងទីនោះដូចគ្នាតែកំណត់ម៉ោងរបស់ពួកគេដូចនៅម៉ោងនៅទីក្រុងប៉េកាំងដែរ។ ហេតុការណ៍ទាំងនេះបង្កឲ្យមានភាពយល់ច្រលំ និងរបាំងមួយចំនួនក្នុងការប្រាស្រ័យទាក់ទងនៅក្នុងសហគមន៍៕
© រក្សាសិទ្ធិដោយ thmeythmey.com