កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ PSG លត់ Real ៣-០ រីឯ AT-Madrid វាយបក​តាម​ស្មើ Juventus
19, Sep 2019 , 11:01 am        
រូបភាព
Paris Saint-Germain បាន​យកឈ្នះ​ម្ចាស់​ជើងឯក​ច្រើនជាងគេ Real Madrid ក្នុង​លទ្ធផល ៣-០ ក្នុងការ​ប្រកួត​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៃ​ព្រឹត្តិការណ៍ UEFA Champions League នៅ​រាត្រី​ថ្ងៃទី​១៨ ខែកញ្ញា​។ រីឯ​ជំនួប​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​រវាង Atletico Madrid និង Juventus គឺ​បញ្ចប់​ទៅដោយ​លទ្ធផល ២-២​។​



​នា​កីឡដ្ឋាន Parc des Princes ក្នុង​ក្រុងប៉ារីស ខ្សែបម្រើ Angel Di Maria អាច​ស៊ុត​លើ​ក្រុម​ចាស់​របស់ខ្លួន​បាន​ដល់​ទៅ​២​គ្រាប់​ដែល​ធ្វើបាន​ក្នុង​នាទី​១៤ និង​៣៣ មុនពេល​ខ្សែការពារ Thomas Meunier បន្ថែម​គ្រាប់​ទី​៣​នៅ​នាទី​៩០ ដើម្បី​ជួយ PSG យកឈ្នះ Real Madrid ៣-០​។​

​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Thomas Tuchel ក្រុម​យក្ស​បារាំង​ពិតជា​បង្ហាញខ្លួន​បានល្អ​សម្រាប់​ជំនួប​ដំបូង​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​នេះ បើ​ទោះ​គ្មាន​វត្តមាន​កីឡាករ​ឆ្នើម​៣​រូប​ដូចជា Neymar, Cavani និង Mbappe ក្តី​។



​ផ្ទុយទៅវិញ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ដែល​ដាក់​សុទ្ធតែ​សមាជិក​ឆ្នើមៗ​រួមមាន Eden Hazard, James Rodriguez និង Gareth Bale ជាដើម​នោះ មិនបាន​បង្ហាញ​អ្វី​ជា​ដុំកំភួន​អ្វី​នោះឡើយ​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​លោក Zinedine Zidane​។​

​ក្នុង​ពូ​ល A នេះដែរ ក៏មាន​ការជួបគ្នា​មួយគូ​ទៀត​ដោយ​ម្ចាស់ផ្ទះ Club Brugge បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ភ្ញៀវ Galatasaray ០-០​។ ដូច្នេះ​ក្នុង​ពូ​ល​នេះ PSG ឈរ​នៅ​កំពូល​តារាង​តាម​ពីក្រោយ​ដោយ Club Brugge និង Galatasaray ខណៈ Real នៅ​បាត​តារាង​។​



​ជំនួប​ក្រុម​ខ្លាំង​មួយគូ​ទៀត​នា​វគ្គ​ជម្រុះ​តាម​ពូ​ល​រដូវ​កាល​នេះ​គឺ​ការ​ប៉ះគ្នា​រវាង AT-Madrid និង Juventus ដែល​ស្ថិតក្នុង​ពូ​ល D​។ នា​កីឡដ្ឋាន Estadio Wanda Metropolitano ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល​ស្មើគ្នា ២-២ បើទោះជា​ក្រុម​ភ្ញៀវ Juventus បាន​នាំមុខ​ដល់​ទៅ​២​គ្រាប់​មុខ​ដែល​ធ្វើបាន​ដោយ​ខ្សែបម្រើ Juan Cuadrado នៅ​នាទី​៤៨ និង Blaise Matuidi នាទី​៦៥​។​



​ក្នុងនាម​ជា​ម្ចាស់ផ្ទះ AT-Madrid មិនបាន​បាក់​ទឹកចិត្ត​ឡើយ​ដោយ​អាច​វាយបក​តាម​ស្មើ​វិញ​តាមរយៈ​ការ​គ្រាប់​បាល់​ពី​សំណាក់​ខ្សែការពារ Stefan Savic នៅ​នាទី​៧០ និង​ខ្សែបម្រើ Hector Herrera នៅ​នាទី​៩០​ទៅហើយនោះ​។​

​ក្នុង​ពូ​ល D នេះដែរ ម្ចាស់ផ្ទះ Bayer Leverkusen បាន​ត្រឹម​ការខកចិត្ត​ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lokomotiv Moscow ដោយ​លទ្ធផល ២-១​។ ឆ្លងកាត់​ការប្រកួត​ដំបូង​នេះ ក្រុម​ពី​រុស្ស៊ី Lokomotiv Moscow ឈរ​កំពូល​តារាង​ពូ​ល D ហើយ AT-Madrid, Juventus និង Leverkusen នៅ​លេខ​រៀង​បន្តបន្ទាប់​៕

​ខាងក្រោម​នេះ​ជា​លទ្ធផល​ការប្រកួត​តាម​ពូ​ល​របស់​ក្រុម​ដទៃទៀត​៖



Tag:
 UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com