អត្ថបទពាណិជ្ជកម្ម
សូម​អញ្ជើញ​សិស្ស​-​និស្សិត និង​អាណាព្យាបាល​ចូលរួម​ពិព័រណ៍​ការសិក្សា និង​ការងារ ដើម្បី​ទទួល​ព័ត៌មាន​ពី​ការសិក្សា និង​អាហារូបករណ៍​នៅ​បរទេស​
15, Oct 2019 , 9:26 am        
រូបភាព
ដោយ: ថ្មីៗ
​សិស្ស និស្សិត និង​អាណាព្យាបាល ប្រមាណ​ជាង​២០០០​នាក់ នឹងចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍ ការសិក្សា និង​ការងារ ដែល​នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​៤​ល្ងាច នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​។ កម្ម​វី​ធី​នេះ  រៀបចំ​ដោយ IDP Education ដែលជា​ស្ថាប័ន​ធំជាងគេ​លើ​ពិភពលោក ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស​។ កម្មវិធី​នេះ ត្រូវបាន​បើក​សម្រាប់​សាធារណជន ចូលរួម​ដោយ​ឥតគិតថ្លៃ​។​

​ការតាំងពិព័រណ៍​ការ​សិក្សា និង​ការងារ​ឆ្នាំនេះ នឹង​ទទួលបាន​ការចូលរួម​ពី​សំណាក់​ស្ថាប័ន​សិក្សា​ប្រមាណ​ចំនួន​ជាង ៧០ ស្ថាប័ន ពី​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក រួមមាន ប្រទេស​អូស្ត្រាលី កម្ពុជា កាណាដា អៀរ​ឡង់ ណូ​វែ​ល​សេ​ឡង់ ចក្រភព​អង់គ្លេស សហរដ្ឋអាមេរិក សិង្ហ​បុរី និង​ប្រទេស​ថៃ​។ ស្ថាប័ន​នីមួយៗ នឹងមាន​ស្តង់​ដាក់​បង្ហាញ​ពី​ជម្រើស​សិក្សា​ស្តង់ដារ​ពិភពលោក ចាប់តាំងពី​កម្រិត​វិទ្យាល័យ ដល់​កម្រិត​បច្ចេកទេស និង​ឧ​ត្ត​មសិ​ក្សា​។​

​សិស្ស និស្សិត និង​អាណាព្យាបាល នឹងមាន​ឱកាស​ទទួល​បាន​ព័ត៌មាន ពី​កម្ម​វី​ធី​សិក្សា ការណែនាំ និង​ជំនួយ នៅក្នុង​ការរៀបចំ​ឯក​សារ ទាក់ទង​ទៅនឹង​ការដាក់​ពាក្យ​ចូលរៀន ដំណើរ​ការសុំ​ទិដ្ឋាការ និង​ការដាក់​អាហារូបករណ៍​។ ព័ត៌មាន និង​សេវាកម្ម​ទាំងអស់នេះ នឹង​ត្រូវបាន​ផ្តល់ជូន​ដោយផ្ទាល់ តាមរយៈ​អ្នកតំណាង​មកពី​ស្ថាប័ន​សិក្សា​នានា នៅលើ​ពិភពលោក អ្នកជំនាញ​ប្រឹក្សា​ការសិក្សា​នៅ​បរទេស របស់​ស្ថាប័ន​IDP មន្ត្រី​ទិដ្ឋាការ និង​តំណាង​អាហារូបករណ៍​ផ្សេងៗ​។ ព័ត៌មាន​ការស្នើសុំ​ដាក់ពាក្យ​ចូលរៀន និង​ជំនួយ​ក្នុងការ​ដាក់ពាក្យ គឺ      ផ្តល់ជូន​ដល់​អ្នកចូលរួម​ទាំងអស់ ដោយ​ឥតគិតថ្លៃ​។​



​ពិព័រណ៍​ការសិក្សា និង​ការងារ​ក៏មាន​រួមបញ្ចូល​នូវ​វេទិកា​ពិភាក្សា ដែលមាន​ការចូលរួម​ពី​សំណាក់​អ្នកជំនាញ អតីត​និស្សិត​មកពី​បរទេស តំណាង​អាហារូបករណ៍ និង​តំណាង​មកពី​ស្ថានទូត និង​សង្គម​ស៊ីវិល​។ វេទិកា​ពិភាក្សា​ទាំងនោះ នឹង​ផ្តោតទៅលើ​ប្រធានបទ​ដែល​ផ្តល់នូវ​ចំណេះដឹង​ដ៏​ទូលំទូលាយ​ស្តីអំពី ការអភិវឌ្ឍ​ជំនាញ គោលដៅ​សម្រាប់​ការងារ និង​ជម្រើស​សិក្សា​អន្តរជាតិ ដែល​ជួយ​ដល់​សិស្ស និស្សិត និង​អាណាព្យាបាល ក្នុងការ​រៀបចំ​គម្រោង​សិក្សា​ទៅ​ថ្ងៃ​អនាគត​ឲ្យ​បានល្អ​ប្រសើរ​។​

​លោក ឈាង វ៉ាន់​តាក់ ដែលជា​អ្នកគ្រប់គ្រង​ផ្នែក​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​បរទេស របស់​ស្ថាប័ន​IDP Education (Cambodia) បាន​មានប្រសាសន៍ថា ការសម្រេចចិត្ត​ខុស ក្នុងការ​សិក្សា ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ជាច្រើន​។ ដូច្នេះ​យើងខ្ញុំ​សូម​លើកទឹកចិត្ត​ឲ្យ​សិស្ស និស្សិត និង​អាណាព្យាបាល មក​ចូលរួម​ពិព័រណ៍​ការសិក្សា និង​ការងារ ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ មុន​សម្រេចចិត្ត​។ អ្នក​ប្រឹក្សា​យើងខ្ញុំ នឹង​ណែនាំ​សិស្ស និស្សិត ទាក់ទង​នឹង​ជម្រើស​សិក្សា ដែល​សមស្រប​ទៅនឹង​តម្រូវការ និង​បំណង​ទៅ​ថ្ងៃ​អនាគត របស់​បុគ្គល​រៀងៗ​ខ្លួន​។​

​ស្ថាប័ន​IDP Education មាន​ការិយាល័យ​ចំនួន​ជាង​១០០ នៅក្នុង​៣០​ប្រទេស ជុំវិញ​ពិភពលោក​។ នៅ​ប្រទេស​កម្ពុជា ការិយាល័យ​ផ្តល់​សេវាកម្ម​បញ្ជូន​សិស្ស និស្សិត​ទៅ​រៀន​នៅ​បរទេស​របស់​ស្ថាប័ន​IDP មាន​ទីតាំងនៅ​គ្រប់​សាខា​ទាំង​៥ របស់​សាលា ACE (Australian Centre for Education) ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

​ដើម្បី​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​ការសិក្សា និង​ការងារ​ដោយ​ឥតគិតថ្លៃ សូម​ចូលទៅ​កាន់​គេហទំព័រ globaledu.idpevent.org ឬ ទាក់ទង​ទៅ​លេខ ០៧៧ ៦៦៧ ១២២៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com