ជាតិ
នយោបាយជាតិ
បាងកកប៉ុស្ត៍៖ ថៃមិនអនុញ្ញាតឱ្យមានការជួបជុំសកម្មជននយោបាយរបស់បរទេសទ្រង់ទ្រាយធំឡើយ
× សារព័ត៌មានបាងកកប៉ុស្ត៍របស់ប្រទេសថៃផ្សាយឱ្យដឹងថា អាជ្ញាធរកម្ពុជាបានស្នើសុំកិច្ចសហការពីអាជ្ញាធរថៃ ដើម្បីតាមដានដោយម៉ត់ចត់នូវសកម្មភាពក្រុមចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយសម្តេច ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា។
កាសែតជាភាសាអង់គ្លេសមួយនេះបានសរសេរដោយយោងតាមភ្នាក់ងារចារកិច្ចរបស់កម្ពុជាថា ក្រុមចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជាបានស្វែងរក និងប្រមូលការគាំទ្រពីពលករជាង១០០០នាក់ពីផ្សាររោងក្លឿឱ្យចូលរួមចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
បាងកកប៉ុស្ត៍បានដកស្រង់ប្រសាសន៍លោក Benjapol Rodsawat ប្រធានអង្គភាពអន្តោប្រវេសន្តថៃប្រចាំខេត្ត ស្រះកែវ ដែលមានព្រំដែនជាប់ខេត្តបន្ទាយមានជ័យ ដែលបញ្ជាក់ថា៖«ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យមានការជួបជុំទ្រង់ទ្រាយធំនៃសកម្មជននយោបាយរបស់បរទេសនៅលើទឹកដីខ្លួនឡើយ»។
កាសែតបាងកកប៉ុស្ត៍ដដែលក៏បានផ្សាយឱ្យដឹងដែរថា នៅពេលនេះអាជ្ញាធរថៃបានបង្កើនការត្រួតពិនិត្យយ៉ាងតឹងរឹងលើអ្នកចូលមកក្នុងប្រទេសកម្ពុជា ដោយស្នើឱ្យពួកគេដោះមួក ដោះម៉ាស់មុខ ជាដើម។
គួររំឮកផងដែរថា ប៉ូលិសថៃតាមព្រំដែនថៃកម្ពុជាក៏បានបិទរូបថតអតីតមេដឹកនាំជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់ថាជាសញ្ញាដែលត្រូវតាមចាប់ខ្លួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com