ជាតិ
អុំទូកពីរថ្ងៃ មានពលរដ្ឋឈឺក្បាល វិលមុខ ចុកពោះ ប្រមាណ៩ពាន់នាក់
×
ដោយ ផាត ដាណេ
ភ្នំពេញ៖ ពលរដ្ឋសរុប ចំនួន ៩,០៦៣នាក់ បានទទួលការពិនិត្យ និងព្យាបាល ពីក្រុមគ្រូពេទ្យប្រចាំការ ក្នុងរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ។ បើតាមគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១ នៃពិធីបុណ្យអុំទូកមានពលរដ្ឋមកពិនិត្យ និងព្យាបាល ចំនួន ៤,០៨៨នាក់ និងថ្ងៃទី២ មានចំនួន ៤,៩៤៨នាក់ ក្នុងនោះមានអ្នករបួសចំនួន៥៥នាក់ និងអ្នកជំងឺដែលត្រូវបញ្ជូនទៅមន្ទីរពេទ្យចំនួន៥នាក់។
ពលរដ្ឋដែលទទួលបានការព្យាបាលភាគច្រើនមានអាការ ឈឺក្បាល វិលមុខ ចុកពោះ និងផ្ដាសាយជាដើម។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន។
សូមជម្រាបថា ក្នុងអំឡុងបុណ្យអុំទូកនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពង្រាយស្ដង់សុខាភិបាល៨ស្ដង់ ដែលមានក្រុមគ្រូពេទ្យចាំជួយសង្គ្រោះពលរដ្ឋជិត៨០០នាក់ ក្នុងនោះមានរថយន្តសង្គ្រោះប្រចាំការ១៣ក្រុម។ ប្រចាំការទាំងអស់នេះ បានប្តូរវេនគ្នា ដើម្បីជួយពិនិត្យ និងព្យាបាលជំងឺ រួមទាំងក្រុមគ្រូពេទ្យចល័ត ដើម្បីអប់រំផ្សព្វផ្សាយអនាម័យចំណីអាហារ និងទប់ស្កាត់ជំងឺអេដស៍ដោយឥតគិតថ្លៃផងដែរ ។
គួររំលឹកផងដែរថា ព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០១៨កន្លងទៅនេះ ពលរដ្ឋដែលមានអាការៈ ឈឺក្បាល វិលមុខ ផ្ដាសាយ អស់កម្លាំង ចុករាក និងខ្យល់ចាប់ មានប្រមាណ២ម៉ឺននាក់ ដែលទទួលសេវាពិនិត្យ និងព្យាបាលបឋមពីក្រុមគ្រូពេទ្យនៅតាមស្តង់៕
© រក្សាសិទ្ធិដោយ thmeythmey.com