អន្តរជាតិ
មីយ៉ាន់ម៉ា កំពុងប្រឈមនឹងរឿងក្តីប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ
× ប្រទេសហ្គំប៊ី នៅថ្ងៃទី១១ ខែវិច្ឆិកា បានដាក់ពាក្យប្តឹងមីយ៉ាន់ម៉ាទៅតុលាការយុត្តិធម៌អន្តរជាតិ ពីបទប្រល័យពូជសាសន៍ បន្ទាប់ពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេណ៍មួយនេះ បានបង្ក្រាបទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
ក្នុងនាមតំណាងឲ្យអង្គការសហប្រតិបត្តិការសាសនាឥស្លាម ដែលមានសមាជិក ៥៧ប្រទេស ហ្គំប៊ី បានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡាអេ ប្រឆាំងនឹងប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងការបង្ក្រាបលើជនជាតិភាគតិចរ៉ូហ៊ីយ៉ា។
ទាក់ទិនទៅនឹងបញ្ហានេះ លោកAbubacarr Tambadou រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្គំប៊ី បានលើកឡើងថា ប្រទេសហ្គំប៊ី ប្រើប្រាស់វិធានការនេះ គឺដើម្បីស្វែងយុត្តិធម៌ និងការទទួលខុសត្រូវ របស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។ ការដាក់ពាក្យបណ្តឹងទៅតុលាការទីក្រុងឡាអេនេះ គឺដោយសារប្រទេសទាំងពីរជាសមាជិករបស់តុលាការ។ ម្យ៉ាងទៀត ទំនងមកពីហ្គំប៊ីមានប្រជាជនភាគច្រើនជាជនជាតិឥស្លាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បើសិនបើគ្មានអ្វីប្រែប្រួលទេ តុលាការយុត្តិធម៌អន្តរជាតិ នឹងបើកអង្គសវនការជាបន្ទាន់ នៅក្នុងខែធ្នូខាងមុន តាមសំណើភាគីហ្គំប៊ី ដើម្បីការពារជនជាតិរ៉ូហ៊ីងយ៉ា ប្រឆាំងនឹងការគំរាមកំហែងផ្សេងៗ។ នេះបើតាមការអះអាងរបស់មេធាវី ហ្គំប៊ី នៅក្នុងសេចក្តីថ្លែងការណ៍។ ក្នុងពាក្យបណ្តឹងនេះ ហ្គំប៊ី បានស្នើឲ្យតុលាការយុត្តិការធម៌អន្តរជាតិ បញ្ជាឲ្យមីយ៉ាន់ម៉ាទម្លាក់ចោលការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ការដាក់ទណ្ឌកម្មលើឧក្រិដ្ឋជនប្រល័យពូជសាសន៍ និងធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ា ត្រលប់មកស្រុកកំណើតវិញ។
សូមបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៤៦ ដើម្បីដោះស្រាយជម្លោះរវាងសមាជិកអង្គការសហប្រជាជាតិ។ អង្គការមួយនេះ មានតួនាទីដោះស្រាយបញ្ហាច្បាប់អន្តរជាតិដូចជា ជម្លោះព្រំដែនជាដើម ប៉ុន្តែពេលខ្លះ តុលាការនេះ ក៏ដោះស្រាយបញ្ហារំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិផងដែរ ដូចជារឿង ភេវកម្ម ឬ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាដើម។
Tag:
មីយ៉ាន់ម៉ា
តុលាការយុត្តិធម៌អន្តរជាតិ
ហ្គំប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com