អន្តរជាតិ
បុរសម៉ាឡេស៊ីម្នាក់ត្រូវជាប់គុក៣៤ខែ ដោយសារសម្លាប់ឆ្មាក្នុងម៉ាស៊ីនបោកគក់ រូបតំណាង
× បុរសម្នាក់រងការចោទប្រកាន់ពីបទសម្លាប់មេឆ្មាមួយក្បាល ដោយយកវាទៅដាក់ក្នុងម៉ាស៊ីនបោកគក់។ រឿងរ៉ាវបានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៨មក នៅក្រុងគូឡាឡាំពួ ហើយតុលាការម៉ាឡេស៊ីទើបសម្រេចទោសឲ្យជននេះ ជាប់ពន្ធនាគាររយៈពេល៣៤ខែ។
សកម្មភាពដ៏ព្រៃផ្សៃរបស់ជនល្មើស ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។ ក្នុងកាមេរ៉ា គេបានឃើញបុរស២នាក់ បើកម៉ាស៊ីនបោកគក់ ហើយទម្លាក់ឆ្មាញីចូលទៅក្នុងនោះ។ ករណីនេះ ត្រូវបានបែកធ្លាយ បន្ទាប់ពីស្ត្រីម្នាក់ បានប្រទះឃើញគ្រោងឆ្អឹងឆ្មា ហើយបានរាយការណ៍ទៅប៉ូលិសមូលដ្ឋាន។
រូបភាពពីកាមេរ៉ាសុវត្ថិភាព ត្រូវបានចែកចាយបន្តពេញបណ្តាញសង្គម ហើយជនជាតិម៉ាឡេស៊ីជាច្រើនខឹងសម្បារយ៉ាងខ្លាំងនឹងទង្វើដ៏ព្រៃផ្សៃនេះ។ កាលពីខែមករា កន្លងមក បុរសទីមួយដែលជាអ្នកបើកតាក់ស៊ី ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំរួចទៅហើយ។
បុរសទីពីរ ដែលមានវ័យ៤២ឆ្នាំ ទើបតែត្រូវបានកាត់ទោសកាលពីពេលថ្មីៗកន្លងមកនេះ ដោយគេទទួលស្គាល់ថា ខ្លួនពិតជាបានរំលោភលើច្បាប់ការពារសត្វពិតប្រកដមែន។ ក្រៅពីទោសជាប់ពន្ធនាគារ ជនល្មើសក៏ត្រូវបានតម្រូវឲ្យបង់ពិន័យ ៤០ ០០០រីងហ្គីត (ជិត១ម៉ឺនដុល្លារអាមេរិក) ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ជនល្មើសមិនទាន់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារនោះឡើយ ដោយបច្ចុប្បន្នគេកំពុងមានសេរីភាពធម្មតា ជាមួយនឹងលក្ខខណ្ឌច្បាប់ដ៏តឹងរ៉ឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com